ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកំណត់ការគ្រប់គ្រងប្រព័ន្ធបញ្ជរតែមួយជាតិដើម្បីសម្រួលពាណិជ្ជកម្ម
តបតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំ គម្រោងបញ្ជរតែមួយជាតិ រដ្ឋាភិបាលកម្ពុជា សម្តេច ធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ កំណត់អំពីការគ្រប់គ្រង និងកិច្ចដំណើរការប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីលើក កម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម។

យោងតាមអនុក្រឹត្យដែលចេញដោយសម្តេចធិបតី នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការស្នើសុំនិងការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងការអនុញ្ញាតផ្សេងទៀត សម្រាប់ការនាំចេញ នាំចូល ឬទំនិញឆ្លងកាត់ដូចជា ទំនិញហាមឃាត់ និងជាប់កម្រិតកំណត់, ទំនិញស្ថិតក្នុងកាតព្វកិច្ចនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ទំនិញស្ថិតក្នុងកាតព្វកិច្ចនៃការអនុវត្តអនុសញ្ញាឬកិច្ចព្រមព្រៀងអន្តរជាតិផ្សេងទៀត, ផលិតផលតេលសិលា និងទំនិញនៃអគារលក់ទំនិញរួចពន្ធ, ទំនិញទទួលបានការលើកលែងពន្ធនិង/ឬអាករ របស់គម្រោងវិនិយោគ, ទំនិញទទួលបានការលើកលែងពន្ធនិងអាកររបស់ក្រសួង ស្ថាប័ន បេសកកម្មការទូត បេសកកម្ម, កុងស៊ុលបរទេស និងអង្គការជាតិ/អន្តរជាតិនានា និងទំនិញទទួលបានការលើកលែងពន្ធនិងអាករផ្សេងទៀត តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
ក្នុងនោះ ប្រព័ន្ធបញ្ជរតែមួយជាតិ សំដៅដល់ផ្ទាល់បច្ចេកវិទ្យាព័ត៌មានដែលអនុញ្ញាតឱ្យបុគ្គលដែល ពាក់ព័ន្ធនឹងការនាំចេញ នាំចូល និងទំនិញឆ្លងកាត់អាចស្នើសុំ អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀត ទៅគ្រប់ក្រសួង ស្ថាប័ន មានសមត្ថកិច្ចតែមួយលើក រួមគ្នា ដើម្បីទទួលបាននូវការអនុញ្ញាត សម្រាប់យកទៅប្រើក្នុងការបំពេញបែបបទបញ្ចេញទំនិញ ពីគយ តាមប្រព័ន្ធអេឡិចត្រូនិក។
នៅក្នុងអនុក្រឹត្យដដែល ក៏បានឱ្យដឹងបន្ថែមថា ចំពោះស្ថាប័នមានសមត្ថកិច្ច ប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការដឹកនាំគម្រោងបញ្ជារ តែមួយជាតិ។ ក្នុងនោះ ក្រសួង ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធត្រូវផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និង ការអនុញ្ញាតផ្សេងទៀតតាមប្រព័ន្ធបញ្ជរតែមួយជាតិ ដែលមានអាសយដ្ឋាន https://nsw.gov.kh សម្រាប់មុខទំនិញដែលស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ស្របតាមមាត្រា២ នៃអនុក្រឹត្យនេះ។

មិនតែប៉ុណ្ណោះក្រសួង ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធត្រូវកំណត់អំពីនីតិវិធីលម្អិតបន្ថែម ពាក់ព័ន្ធនឹងការផ្តល់ អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងការអនុញ្ញាតផ្សេងទៀត តាមតម្រូវការចាំបាច់ ដើម្បីធានា ប្រសិទ្ធភាពនៃដំណើរការ និងការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ព្រមទាំងត្រូវផ្តល់កិច្ចសហការ និងផ្លាស់ប្តូរទិន្នន័យ ឯកសារ និងព័ត៌មានតាម ប្រព័ន្ធអេឡិចត្រូនិក ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ដោយឡែកបុគ្គលដែលពាក់ព័ន្ធនឹងការនាំចេញ នាំចូល និងទំនិញឆ្លងកាត់ អាចចូលប្រើប្រព័ន្ធបញ្ជរតែមួយជាតិ មានដូចជា មន្ត្រីដែលមានសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ, អង្គការ ស្ថានទូត ឬស្ថានកុងស៊ុល, អ្នកនាំចេញនាំចូល, ជើងសាគយ និង បុគ្គលផ្សេងទៀតដែលទទួលបានការអនុញ្ញាតពីក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ត្រូវស្នើសុំចុះឈ្មោះដើម្បីចូលប្រើប្រព័ន្ធបញ្ជារ តែមួយជាតិស្របតាមបែបបទ និងនីតិវិធីដែលកំណត់ដោយក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ។
អ្នកពាក់ព័ន្ធខាងលើនេះ ត្រូវតែរក្សាសុវត្ថិភាពទិន្នន័យ ព័ត៌មាន និងគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ ការសម្ងាត់វិជ្ជាជីវៈ ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន និង ទទួលខុសត្រូវលើទិន្នន័យដែលខ្លួនបានបង្កើត កែសម្រួល ផ្លាស់ប្តូរ ឬធ្វើបច្ចុប្បន្នភាពក្នុង ប្រព័ន្ធបញ្ជរតែមួយជាតិ។
ប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវបានតភ្ជាប់ជាមួយប្រព័ន្ធអេឡិចត្រូនិករបស់ក្រសួង ស្ថាប័ននានា តាមការចាំបាច់ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការផ្លាស់ប្តូរ ទិន្នន័យឬឯកសារពាណិជ្ជកម្មក្នុងទម្រង់អេឡិចត្រូនិក។ មិនតែប៉ុណ្ណោះ វាត្រូវបានតភ្ជាប់ជាមួយប្រព័ន្ធបញ្ជរតែមួយអាស៊ាន និង/ឬ ប្រព័ន្ធ អេឡិចត្រូនិករបស់ប្រទេសដៃគូពាណិជ្ជកម្មនានា ដើម្បីផ្លាស់ប្តូរទិន្នន័យ ឬឯកសារពាណិជ្ជកម្មឆ្លងកាត់ ព្រំដែនក្នុងទម្រង់អេឡិចត្រូនិកជាមួយបណ្តាប្រទេសទាំងនោះ ស្របតាមកិច្ចព្រមព្រៀងពាក់ព័ន្ធនានា ដែលកម្ពុជាបានផ្តល់សច្ចាប័នរួចហើយ។
នៅក្នុងអនុក្រឹត្យដដែល បានបង្ហាញថា ការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងការអនុញ្ញាតផ្សេងទៀតត្រូវធ្វើឡើង ដោយម្ចាស់ទំនិញ ឬតំណាងដែលទទួលបានការអនុញ្ញាតឱ្យបំពេញបែបបទក្នុងនាមម្ចាស់ទំនិញដោយ ត្រូវផ្តល់ព័ត៌មានស្របតាមនីតិវិធីនិងបទប្បញ្ញត្តិជាធរមាន។ ក្រសួង ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធ មានភារកិច្ចពិនិត្យនិងសម្រេចលើការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងការអនុញ្ញាតផ្សេងទៀត ដោយផ្អែកលើគោលការណ៍ហានិភ័យ ស្របតាមបទប្បញ្ញត្តិជាធរមាន។ លើសពីនេះទៀត ត្រូវពិនិត្យនិងសម្រេចក្នុងរង្វង់រយៈពេល ៣ (បី)ថ្ងៃនៃថ្ងៃ ធ្វើការ គិតចាប់ពីពេលទទួលបានការស្នើសុំ និងឯកសារគ្រប់គ្រាន់តាមការកំណត់។
ក្នុងករណីប្រធានសក្តិ ឬដោយសារបញ្ហាបច្ចេកទេសជាយថាហេតុ បណ្តាលឱ្យប្រព័ន្ធបញ្ជារ តែមួយជាតិ ឬប្រព័ន្ធរបស់ក្រសួង ស្ថាប័ន មិនអាចដំណើរការបាន ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ អាចចាត់ចែងអនុវត្តនីតិវិធីនៅក្រៅប្រព័ន្ធជាបណ្តោះអាសន្នតាមបទប្បញ្ញត្តិជាធរមាន ដោយត្រូវជូន ដំណឹងមកគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ និងក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ រហូតដល់ប្រព័ន្ធដំណើរការឡើងវិញ។

ក្នុងនោះដែរក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិត្រូវតែគ្រប់គ្រង និងផ្តល់គណនីប្រើប្រព័ន្ធជូនបុគ្គលពាក់ព័ន្ធដូចមានចែងស្របតាមការស្នើសុំ ថែទាំ រក្សាសុវត្ថិភាព និងធ្វើបច្ចុប្បន្នកម្មប្រព័ន្ធបញ្ជរតែមួយជាតិ និងសម្របសម្រួលដើម្បីពង្រីកការតភ្ជាប់ ធានានិរន្តរភាពក្នុងការងារតភ្ជាប់ និងកិច្ចដំណើរការ នៃប្រព័ន្ធរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។
ជាមួយគ្នានោះ ការយកកម្រៃសេវាសាធារណៈសម្រាប់ការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និង ការអនុញ្ញាតផ្សេងទៀតតាមប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវស្របតាមបទប្បញ្ញត្តិជាធរមាន។ រាល់ការទូទាត់កម្រៃសេវាសាធារណៈក្នុងប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវធ្វើឡើងតាមរយៈប្រព័ន្ធ អេឡិចត្រូនិក លើកលែងមានការកំណត់ដោយឡែក។ ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិត្រូវបន្តសម្របសម្រួលជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកប្រព្រឹត្តទៅដោយរលូន ពេញលេញ និងមានប្រសិទ្ធភាព។
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធកិច្ចដំណើរការតាមប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវបន្តនិរន្តរភាព របស់ខ្លួន ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន រហូតដល់មានលិខិតបទដ្ឋាន គតិយុត្តថ្មីមកជំនួស។ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច