Connect with us

ព័ត៌មានអន្ដរជាតិ

អាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនគ្រូហោរាម្នាក់ដែលទស្សន៍ទាយពីការរញ្ជួយដីមិនពិតនៅលើ TikTok

បានផុស

នៅ

អាជ្ញាធរមីយ៉ាន់ម៉ា បានចាប់ខ្លួនគ្រូហោរាសាស្រ្តម្នាក់ពីបទបង្កការភ័យស្លន់ស្លោដល់ប្រជាជនដោយសារការទស្សន៍ទាយពីការរញ្ជួយដីថ្មីនៅក្នុងវីដេអូ TikTok ដ៏ល្បីមួយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​​BBC នៅថ្ងៃទី២៦ខែមេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក John Moe The បានបង្ហោះការព្យាកររបស់គាត់នៅថ្ងៃទី៩ខែមេសា ត្រឹមតែពីរសប្តាហ៍បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័របានសម្លាប់មនុស្ស៥ ៣៥២នាក់ស្លាប់ របួស៧ ១០៨នាក់ និងបាត់ខ្លួនចំនួន ៥៣៨នាក់ ព្រម​ទាំង​បានបំផ្លាញប្រាសាទដែលមានអាយុកាលរាប់សតវត្សនៅក្នុងប្រទេសនេះ។

ក្រសួងព័ត៌មានមីយ៉ាន់ម៉ា បាននិយាយថា លោក John Moe The ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារពីបទ​និយាយពាក្យមិនពិត ជាមួយនឹងចេតនាធ្វើឱ្យមានការភ្ញាក់ផ្អើលជាសាធារណៈ។ គាត់​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ពេល​ប៉ូលិស​វាយ​​ឆ្មក់​លើ​ផ្ទះ​របស់​គាត់​ក្នុង​ទីក្រុង Sagaing ភាគ​កណ្តាល​ប្រទេស​មីយ៉ាន់ម៉ា។

នៅក្នុងវីដេអូ Tik Tok នោះលោក John Moe The បានព្រមានថា ការរញ្ជួយដីថ្មីនឹង វាយប្រហារគ្រប់ទីក្រុងទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២១ ខែមេសា ខណៈអ្នកជំនាញនិយាយថា ការរញ្ជួយដីគឺមិនអាចទាយទុកជាមុនបាន ដោយសារតែភាពស្មុគស្មាញនៃកត្តាដែលពាក់ព័ន្ធនឹងគ្រោះមហន្តរាយបែបនេះ។

(រូបភាព៖ Getty)

គណនី TikTok របស់លោក John Moe The ដែលពេលនេះលែងដំណើរការហើយ មានអ្នកតាមដានច្រើនជាង ៣ម៉ឺននាក់ អះអាងថានឹងធ្វើការទស្សន៍ទាយដោយផ្អែកលើហោរាសាស្រ្ត និងបាតដៃ។ នៅក្នុងវីដេអូរបស់គាត់ដែលមានអ្នកចូលមើលច្រើនជាង ៣លានដង លោក John Moe The បានជំរុញមនុស្សឱ្យយករបស់សំខាន់ៗទៅជាមួយ ហើយរត់ចេញពីអគារក្នុងអំឡុងពេលរញ្ជួយ។

អ្នកស្រុកនៅទីក្រុងYangon ម្នាក់បានប្រាប់ AFP ថាអ្នកជិតខាងជាច្រើនរបស់​គាត់​ជឿជាក់លើការទស្សន៍ទាយនេះ ដោយពួក​គេ​មិន​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ហើយ​បាន​បោះ​ជុំរុំ​​នៅ​ខាង​ក្រៅនៅ​ថ្ងៃ​ដែល​លោក John Moe The បាន​និយាយ​ថា ការ​រញ្ជួយ​ដី​នឹង​កើត​ឡើង។

គួរបញ្ជាក់ថា តំបន់នៃទីក្រុង Mandalay និង Sagaing បានរងការវាយប្រហារយ៉ាងខ្លាំងដោយការរញ្ជួយដីកាលពីថ្ងៃទី២៨ខែមីនា ដែលបានជំរុញឱ្យមានសំណើដ៏កម្រពីរបប​សឹក​មីយ៉ាន់ម៉ាសម្រាប់ជំនួយបរទេស។ មកដល់ពេលនេះមនុស្សប្រមាណ ៤ ម៉ឺននាក់កំពុងស្នាក់នៅក្នុងតង់បណ្ដោះអាសន្ន ខ្វះទឹកស្អាតដែលបង្កើននិភ័យឆ្លងជំងឺផ្សេងៗ៕

(រូបភាព៖ EPA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម