Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ កប៉ាល់អាមេរិក ត្រូវតែធ្វើដំណើរតាមព្រែកជីកប៉ាណាម៉ានិងស៊ុយអេ ដោយមិនគិតថ្លៃ

បានផុស

នៅ

តាំងពីចូលកាន់អំណាចជាប្រធានាធិបតីអាមេរិកអាណត្តិទី២មក លោកដូណាល់ ត្រាំ បានបង្ហាញមហិច្ចតាគ្រប់គ្រងព្រែកជីកប៉ាណាម៉ា កាន់តែខ្លាំង ហើយដ្បិតថា គោលបំណងរបស់លោកមិនទាន់បានសម្រេច ប៉ុន្តែឥឡូវមេដឹកនាំសេតវិមានរូបនេះ បានប្រគល់ភារកិច្ចដល់រដ្ឋមន្ត្រីការបរទេស ដើម្បីធ្វើយ៉ាងណាឲ្យកប៉ាល់ពាណិជ្ជកម្មក៏ដូចជានាវាយោធាអាមេរិក ត្រូវធ្វើដំណើរកាត់តាមព្រែកជីកនោះ ព្រមទាំងព្រែកជីកស៊ុយអេផងដែរ ដោយមិនបង់ថ្លៃអ្វីទាំងអស់។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ទី២៦ខែមេសាឆ្នាំ២០២៥, លោក ត្រាំ សរសេរថា «កប៉ាល់អាមេរិកទាំងយោធានិងពាណិជ្ជកម្ម ត្រូវតែត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរតាមព្រែកជីកប៉ាណាម៉ានិងស៊ុយអេដោយមិនគិតថ្លៃ! បើគ្មានអាមេរិក ព្រែកជីកទាំងពីរនេះក៏គ្មានដែរ»។

លោក ត្រាំ តែងតែចិញ្ចឹមចិត្តដណ្តើមយក​ព្រែកជីក​ប៉ាណាម៉ា ដែល​ជា​ច្រករបៀងពាណិជ្ជកម្មដ៏សំខាន់​មក​កាន់​កាប់​ឡើង​វិញ ហើយ​ទាមទារឲ្យប៉ាណាម៉ា​ត្រូវ​ធ្វើការផ្លាស់ប្តូរភ្លាមៗចំពោះអ្វីដែល​លោក​ហៅថា​ជា «ឥទ្ធិពលនិងការគ្រប់គ្រង» របស់ប្រទេសចិន​នៅ​លើព្រែកជីកនេះ បើមិនដូច្នេះទេអាមេរិកនឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញារវាងប្រទេសទាំងពីរ ឈានដល់ការគំរាមប្រើយោធាទៀតផង។

មនុស្សដើរកាត់ផ្ទាំងរូបភាពនៃព្រែកជីកប៉ាណាម៉ា (រូបថត៖ Reuters)

មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ថែមចោទប្រកាន់​ប្រទេស​ប៉ាណាម៉ា​ពី​រឿង​​គិតប្រាក់លើសកម្រិត ដើម្បីប្រើប្រាស់ផ្លូវ​ទឹក​ពាណិជ្ជកម្មរបស់ខ្លួន ផងដែរ។

ព្រែកជីកប៉ាណាម៉ាត្រូវបានសហរដ្ឋ​អាមេរិក​​សាងសង់​ភាគច្រើននិងគ្រប់គ្រង​ទឹកដី​ជុំវិញ​នោះ ​អស់រយៈពេល​ជាច្រើន​ទសវត្សរ៍មកហើយ។ វាមានប្រវែង៨២គីឡូម៉ែត្រ គឺជាផ្លូវទឹកដ៏សំខាន់ដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកជាមួយមហាសមុទ្រអាត្លង់ទិក។

ព្រែកជីកប៉ាណាម៉ា (រូបថត៖ Reuters)

វាមានលក្ខណៈសម្បត្តិ កាត់បន្ថយពេលវេលាធ្វើដំណើររវាងតំបន់ទាំងពីរ និងជួយសម្រួលឲ្យកប៉ាល់ មិនបាច់ធ្វើដំណើរវាងទៅចុងភាគខាងត្បូងនៃតំបន់អាមេរិកខាងត្បូងឡើយ។ ប្រហែល ៥% នៃចរាចរណ៍ផ្លូវសមុទ្រពិភពលោក គឺឆ្លងកាត់ព្រែកជីកនេះជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន​ ប្រាប់​ឲ្យ​អាមេរិក​កុំភ្ជាប់ក្រុង​ប៉េកាំង​ទៅ​ពាក់ព័ន្ធ​នឹង​​បញ្ហា​ព្រែកជីកប៉ាណាម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម