ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ត្រឹមខែមេសា មានយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ជាង ១១ ម៉ឺននាក់ ចុះឈ្មោះរៀនជំនាញដោយឥតគិតថ្លៃ
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣ ឧសភា នេះថា គិតត្រឹមខែមេសា ឆ្នាំ ២០២៥ នេះ កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល មានអ្នកស្នើចុះឈ្មោះចូលរៀនចំនួន ១១៣ ៥៩២ នាក់។

លោកបានបន្តថា ក្នុងនោះមានសិស្សកំពុងសិក្សា និងបានបញ្ចប់សរុបចំនួន ៧១ ២៧២ នាក់ (មានប័ណ្ណសមធម៌ ឬប័ណ្ណងាយរងហានិភ័យ ចំនួន ៣២ ៥៤៨ នាក់) និងកំពុងចុះកម្មសិក្សាចំនួន ២ ០៣០ នាក់ (មានប័ណ្ណសមធម៌ ឬប័ណ្ណងាយរងហានិភ័យចំនួន ១ ២៦៩ នាក់)។ ដោយឡែកចំនួនសិស្សដែលបានបញ្ចប់ការសិក្សាមានចំនួន ៣២ ៤៣៦ នាក់ (មានប័ណ្ណសមធម៌ ឬប័ណ្ណងាយរងហានិភ័យចំនួន ១៣ ៣៧៨ នាក់) និងចំនួនសិស្សដែលទទួលបានការងារធ្វើមានចំនួន ១៥ ៩០៣ នាក់ (មានប័ណ្ណសមធម៌ ឬប័ណ្ណងាយរងហានិភ័យចំនួន ៧ ៣៦០ នាក់)។

លោកបានបន្តថា កំណើន នៃការចុះឈ្មោះចូលរៀននេះគឺល្អគួរឱ្យកត់សម្គាល់ផងដែរ ដោយសារតែរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារបានបង្កើតម៉ោងសិក្សាល្អមែនទែនដែលមានភាពបត់បែនខ្ពស់ទៅដល់អ្នកសិក្សាទាំងអស់។

លោកបានបន្ថែមថា «ការដែលប្រជាពលរដ្ឋ កម្មករ-និយោជិត មានឱកាសក្នុងការសិក្សាជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះ យើងមិនអាចបំភ្លេចបានទេនូវសុខសន្តិភាព និងស្ថិរភាពដែលរាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ បន្តការពារ និងយកចិត្តទុកដាក់ ហើយការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសនេះ ក៏ជាលទ្ធផលដ៏ល្អ នៃការទាក់ទាញទាក់ម៉ូយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល សម្តេច បានដើរទាក់ម៉ូយរយៈពេលជាង ១៩ ខែកន្លងមកនេះ ហើយបង្កើតឱ្យមានការវិនិយោគពីរោងចក្រជាច្រើនពីដៃគូបរទេសជាច្រើនដែលមកដល់ពេលនេះមានរោងចក្រសហគ្រាសកើនឡើងជាង ៤៥ ០០០ កន្លែង ហើយកើនឡើង ៦០០ រោងចក្រ គិតត្រឹមថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នេះ។ អីចឹងវាជាមនុញ្ញផលមួយដែលហូរចេញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយក្រសួងការងារ ក៏បានដាក់ចេញនូវការបណ្តុះបណ្តាលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលក្រោមការចង្អុលបង្ហាញរបស់ សម្តេចផ្ទាល់ តែម្តង ធ្វើឱ្យទទួលបាននូវជោគជ័យលើការងារបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ»។

លោក ស៊ុន មេសា បានអំពាវនាវដល់កម្មករ-កម្មការិនី ពិសេសប្រជាពលរដ្ឋដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យកំពុងមានការងារធ្វើហើយ សូមឆ្លៀតពេលក្នុងថ្ងៃសៅរ៍ ឬអាទិត្យពេលយប់មកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសបន្ថែមនៅតាមគ្រប់វិទ្យាស្ថានទាំងនៅទូទាំងប្រទេស ពិសេសនៅរាជធានីភ្នំពេញ មាន ៨ វិទ្យាស្ថាន ដើម្បីអាចទទួលបាននូវចំណេះដឹង និងជំនាញថ្មីៗ បន្ថែមដែលស្របទៅនឹងសេដ្ឋកិច្ច និងសង្គមត្រូវការ ហើយពលរដ្ឋអាចមានឱកាស និងមានជម្រើសការងារថ្មីៗ ទទួលបានប្រាក់ខែខ្ពស់ជាងមុន ធ្វើឱ្យជីវភាពកាន់តែប្រសើរមួយកម្រិតបន្ថែមទៀត។

គួរបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ ១ លាន ៥ សែននាក់ នេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។ កម្មវិធីបណ្តុះបណ្តាលនេះ ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចូលរៀន មិនត្រឹមតែឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ២៨ ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃពេលកំពុងសិក្សា ៤ ខែទៀតផង។ រីឯយុវជនមកពីគ្រួសារទូទៅ ក៏អាចចូលសិក្សាដោយឥតគិតថ្លៃដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនោះទេ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


