Connect with us

ព័ត៌មានអន្ដរជាតិ

ថៃកត់ត្រាពីកំណើនខ្ពស់នៃទេសចរអឺរ៉ុប ប៉ុន្តែភ្ញៀវពីអាស៊ីធ្លាក់ចុះខ្លាំង

បានផុស

នៅ

ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងថានឹងមានកំណើនភ្ញៀវទេសចរយ៉ាងច្រើនពេញមួយឆ្នាំនេះ ដោយអាស្រ័យជាចម្បងលើការមកទស្សនា​របស់ភ្ញៀវអឺរ៉ុប ដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ ទោះបីជាភ្ញៀវទេសចរពីអាស៊ីធ្លាក់ចុះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីប្រធាន Thapanee Kiatphaibool បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនភ្ញៀវមកពីអឺរ៉ុបបានកើនឡើងយ៉ាងឆាប់រហ័ស ដោយ​ចាប់ពីខែមករាដល់ខែមេសា ប្រទេសថៃបានស្វាគមភ្ញៀវទេសចរអឺរ៉ុប ចំនួន ៣,៥ ​លាននាក់ កើនឡើង ១៨,៩១ ភាគរយ ធឿប​នឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន ​ហើយកំណើននេះបានមកពីភ្ញៀវមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងរុស្ស៊ី។

លោកស្រី Thapanee បាន​​បន្តថា លទ្ធផល​នេះ​បាន​មក​ពី​ការ​បន្ត​ជើង​ហោះ​ហើរ​ត្រង់​ថ្មី​ទៅ​គោល​ដៅ​របស់​ប្រទេស​ថៃ​ពី​ទីក្រុងប្រ៊ុចសែល កូប៉ិនហាក ឡុងដ៍ ម៉ាឌ្រីត អូស្លូ ប៉ារីស រ៉ូម និងស្តុកខមន៍​។

យ៉ាងណាមិញ​ កំណើននេះកើតឡើងចំពេលដែលភ្ញៀវទេសចរពីអាស៊ីសំខាន់ៗ ជាពិសេសប្រទេសចិន​ បានធ្លាក់ចុះជាគំហុក ដែលបង្កកង្វល់​ពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងពីលទ្ធភាពដែលថា ចំនួនទេសចរឆ្នាំនេះនឹងខកគោលដៅ។ ថៃព្រួយបារម្ភពីវិស័យទេសចរណ៍របស់ខ្លួន ជុំវិញផលប៉ះពាល់ពីកង្វល់សុវត្ថិភាពពាក់ព័ន្ធនឹងករណីជួញដូរមនុស្សលើតួសម្ដែងចិនកាលពីដើមឆ្នាំ និងគ្រោះរញ្ជួយដីកាលពីចុងខែមីនា។

រាប់តាំងពីដើមឆ្នាំ គិតត្រឹមថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៥ ថៃបាន​ស្វាគមភ្ញៀវទេសចរបរទេសសរុប ១២,៩៤ លាននាក់ ​ថយចុះ ១,០៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ​នេះ​បើ​តាម​ក្រសួង​ទេសចរណ៍ និង​កីឡាថៃ។ ក្នុងនោះផងដែរ ភ្ញៀវចិនធ្លាក់ចុះ ៣០ ភាគរយ ហុងកុង ១៨ ភាគរយ និង កូរ៉េខាងត្បូង ធ្លាក់ចុះ ១៤ ភាគរយ។​

អ្នកជំនាញមើលឃើញថា ការប្រកួតប្រជែងពីប្រទេសក្នុងតំបន់ផ្សេងៗទៀត ដូចជាវៀតណាម ម៉ាឡេស៊ី និងជប៉ុននៅអាស៊ីខាងកើត ក៏រួមចំណែកដល់ការធ្លាក់ចុះនៃទេសចរចូលថៃផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម