ព័ត៌មានជាតិ
ជាគោលដៅទេសចរណ៍ និងវិនិយោគ អ្នកនាំពាក្យ ថា ខេត្តព្រះសីហនុត្រូវបានធានាសន្តិសុខយ៉ាងល្អ
ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា តាមរយៈការកំណត់ជាគោលដៅខ្ពស់សម្រាប់ការវិនិយោគ និងទេសចរណ៍ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ អះអាងថា ខេត្តព្រះសីហនុត្រូវបានធានាយ៉ាងល្អប្រសើរនូវកត្តាសន្តិសុខ និង សណ្ដាប់ធ្នាប់។

ការអះអាងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គឺបានធ្វើឡើងខណៈក្រុមហ៊ុនវិនិយោគចំនួន២០០ បានបោះទុនវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បន្ថែមពីលើក្រុមហ៊ុនជាច្រើនទៀត ដែលបាននិងកំពុងដំណើរការយ៉ាងសកម្មនៅខេត្តជាប់មាត់សមុទ្រមួយនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរចំពោះវត្តមានក្រុមហ៊ុនវិនិយោគទាំង២០០នេះ។

ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លោក ទូច សុឃៈ លើកឡើងថា ជាសារបញ្ជាក់យ៉ាងច្បាស់អំពីភាពល្អប្រសើរនៃដំណើរការសង្គម និងសេដ្ឋកិច្ច ក្នុងខេត្តភាគនិរតីមួយនេះ ជាពិសេសគឺបង្ហាញឱ្យឃើញពីមនុញ្ញផលនៃសុខសន្តិភាព និងការផ្ដល់ទំនុកចិត្តរបស់ក្រុមវិនិយោគទុនជាតិ និងអន្តរជាតិ ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។
តាមការបញ្ជាក់របស់លោក ទូច សុឃៈ ចាប់តាំងពីអាណត្តិរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយអាណត្តិរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងមហាផ្ទៃ ជាសេនាធិការដឹកនាំដោយលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ដែលក្នុងនោះក៏មាននៅខេត្តព្រះសីហនុ ដែលជាខេត្តគោលដៅទេសចរណ៍ និងវិនិយោគ។

លោក ទូច សុឃៈ បន្តថា ក្រសួងមហាផ្ទៃ តាមរយៈអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដាក់លើការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន ភ្ញៀវទេសចរ អ្នកវិនិយោគ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅខេត្តព្រះសីហនុ បន្ថែមលើការទទួលខុសត្រូវដឹកនាំ និងអនុវត្តរបស់រដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគមានភាពកក់ក្ដៅ។ ជាក់ស្ដែងវត្តមានក្រុមហ៊ុនចំនួន២០០បន្ថែមទៀតនៅខេត្តព្រះសីហនុ គឺជាទឡ្ហីករណ៍។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា គ្មានអ្នកវិនិយោគណាយកទុនរាប់លានដុល្លារទៅវិនិយោគនៅប្រទេសដែលមានសង្គ្រាម និងអសន្តិសុខឡើយ។ ដូច្នេះហើយ បានជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បាននិងកំពុងបន្តរួមគ្នាការពារសន្តិភាព និងធានាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីស្រូបយកអ្នកវិនិយោគ រួមទាំងបង្កើតឱកាសអភិវឌ្ឍជាតិ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


