ព័ត៌មានជាតិ
គណៈកម្មាធិការជាតិ ជំរុញប្រជាជនខេត្តមណ្ឌលគិរី បង្កើនការផលិត ភូមិមួយផលិតផលមួយ តាមភូមិឋានខ្លួន ដើម្បីកាត់បន្ថយចំណាកស្រុក
គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានជំរុញប្រជាជនខេត្តមណ្ឌលគិរី បង្កើនការផលិត ភូមិមួយផលិតផលមួយ តាមភូមិឋានរបស់ខ្លួន ដើម្បីកាត់បន្ថយចំណាកស្រុក។

កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ ម្សិលមិញ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ លោក ផល សុជាតិ បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការចងក្រងផលិតផលភូមិមួយ ផលិតផលមួយ ឆ្នាំ ២០២៥ និងប្រគល់វិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយ ផលិតផលមួយ ឆ្នាំ ២០២៤ ដល់ផលិតករ អាជីវករ និងសិប្បករជាច្រើននាក់។

លោកអគ្គលេខាធិការ មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះឡើង ដើម្បីជំរុញដល់ការផលិត កែច្នៃ ផលិតផលកសិកម្ម សិប្បកម្ម និងសេវាកម្មនានា នៅមូលដ្ឋាន ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក បម្រើដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច ឆ្លើយតបជាមូលដ្ឋាន ដើម្បីរួមចំណែកក្នុងការសម្រេចនូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកបានបន្ថែមថា ការចងក្រងសមាជិកចលនាភូមិមួយ ផលិតផលមួយ ដើម្បីពង្រឹងសេដ្ឋកិច្ចសង្គម និងចូលរួមពង្រីក បង្កើនទំហំ នៃការផលិតក្នុងស្រុក បង្កើនការទាក់ទាញ បង្កើនការងារក្នុងស្រុក កាត់បន្ថយចំណាកស្រុក បង្កើនជីវភាពគ្រួសារ ដូចនេះចាំបាច់ត្រូវតែគិតគូរពីគុណភាព នៃការផលិត ការវេចខ្ចប់ ដើម្បីមានលទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុកផងដែរ។

លោកបានបន្ថែមទៀតថា ភូមិមួយ ផលិតផលមួយ សំដៅលើផលិតផលដែលផលិតឡើងដោយប្រជាជនតាមភូមិឋានមួយ ឬច្រើន ហើយផលិតទាំងនោះគឺបានឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណីតាមបែបបុរាណ និងតាមបែបសម័យទំនើប ដែលផ្ដល់នូវកិត្យានុភាព និងមោទនភាពចំពោះភូមិឋានខ្លួនកំពុងរស់នៅ ហើយផលិតផលទាំងនោះមានសក្តានុពល ពង្រឹងពង្រីកបានបរិមាណគុណភាព និងសោភណភាព ដើម្បីបង្កើតបានតម្លៃ និងត្រូវបានទទួលការយល់ព្រមចុះបញ្ជីដោយគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។

ជាមួយនេះ លោកអគ្គលេខាធិការ ក៏បានជំរុញ និងលើកទឹកចិត្ត ដល់ផលិតករ សិប្បករ ឧស្សាហករ សូមខិតខំជួយផ្សព្វផ្សាយជំរុញឱ្យមានការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋាន ឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយបានកាន់តែច្រើន។

លោក ជឿជាក់យ៉ាងមុតមាំថា រដ្ឋបាលខេត្តមណ្ឌលគិរី និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ ថ្នាក់ខេត្ត នឹងបន្តណែនាំដល់ម្ចាស់ផលិតផលអាជីវករដែលទទួលបានវិញ្ញាបនបត្រ និងអនុញ្ញាតពីថ្នាក់ជាតិ ឱ្យបន្តខិតខំបំពេញបច្ចេកទេសតាមការណែនាំរបស់ថ្នាក់ជាតិ ដើម្បីរក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗ របស់ផលិតផលខ្លួនប្រចាំតំបន់។

ដោយឡែក លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី ក៏បានលើកឡើងដែរថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យនៅទូទាំងរាជធានី-ខេត្ត ទោះបីជារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជួបវិបត្តិសេដ្ឋកិច្ច ដោយសារតែការរីករាលដាល នៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏កម្ពុជានៅតែអាចជម្នះរាល់ឧបសគ្គ ទប់ទល់នឹងវិបត្តិដ៏ធ្ងន់ធ្ងរនេះ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់អនុវត្តគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ ឆ្នាំ (២០១៦-២០២៦) គោលនយោបាយនេះ គឺជាឯកសារដ៏សំខាន់សម្រាប់គ្រួសត្រាយផ្លូវ ឆ្ពោះទៅរកការលើកកម្ពស់ផលិតផលខ្មែរ។ ជាក់ស្តែងក្នុងឆ្នាំ ២០២២ ខេត្តមណ្ឌលគិរី មានផលិតផលចំនួន ១៨ មុខ ក្នុងនោះ វិស័យកសិកម្មមានចំនួន ១១ និងវិស័យឧស្សាហកម្មចំនួន ៧ ចំណាត់ថ្នាក់ក្រុមចំណីអាហារ និងភេសជ្ជៈមាន ១៧ មុខ ចំណាត់ថ្នាក់ក្រុមផលិតផលសម្លៀកបំពាក់ចំនួន ១ នៅភូមិចំនួន ៦ ក្នុងស្រុកអូររាំង ស្រុកពេជ្រាដា និងក្រុងសែនមនោរម្យ ត្រូវបានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ទទួលស្គាល់ផលិតផលទាំងនោះជាសមាជិកចលនាភូមិមួយ ផលិតផលមួយ។ ដោយឡែកសម្រាប់ឆ្នាំ ២០២៤ ខេត្តមានផលិតផលចំនួន ១១ មុខ មកពីភូមិចំនួន ៨ ក្នុងស្រុកកោះញែក ស្រុកអូររាំង ស្រុកពេជ្រាដា និងក្រុងសែនមនោរម្យ ត្រូវបានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ទទួលស្គាល់ផលិតផលទាំងនោះជាសមាជិកចលនាភូមិមួយ ផលិតផលមួយ។

អភិបាលរងខេត្តរូបនេះ បានបញ្ជាក់ថា សិក្ខាសាលានៅថ្ងៃនេះគឺពិតជាសំខាន់ណាស់ក្នុងការចូលរួមការអភិវឌ្ឍធនធានមនុស្ស ទាក់ទងនឹងការជំរុញចលនាភូមិ ១ ផលិតផល ១ នៅថ្នាក់ខេត្ត ឱ្យទទួលបានចំណេះដឹង បទពិសោធ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជន ជាពិសេសនៅតាមសហគមន៍។ រដ្ឋបាលខេត្ត និងគណៈកម្មាធិការជំរុញចលនាភូមិ ១ ផលិតផល ១ ថ្នាក់ខេត្ត នឹងបន្តណែនាំដល់ម្ចាស់ផលិតផល ឬអាជីវករ ដែលទទួលបានវិញ្ញាបនបត្រ និងអនុញ្ញាតពីថ្នាក់ជាតិ ឱ្យបន្តខិតខំបំពេញបច្ចេកទេស និងទទួលការណែនាំរបស់ថ្នាក់ជាតិ ដើម្បីរក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗ របស់ផលិតផលខ្លួនផងដែរ៕
អត្ថបទ ៖ រៀម សុខហេង








-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


