ព័ត៌មានជាតិ
ក្នុងខែឧសភា មន្ទីរពេទ្យគន្ធបុប្ផាសង្គ្រោះជីវិតកុមារជាង១សែននាក់ ខណៈកុមារជិត២ម៉ឺននាក់កើតជំងឺកាចសាហាវ
រយៈពេលពេញ១ខែឧសភា កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានដណ្ដើមអាយុជីវិតកុមារកម្ពុជាជាង១០ម៉ឺននាក់ពីមាត់មច្ចុរាជ។ នេះបើតាមតួលេខដែលប្រកាសដោយ មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី០៦ ខែមិថុនា នេះ។

បើតាមតួលេខលម្អិត របស់មន្ទីរពេទ្យគន្ធបុប្ផា គឺពេញ១ខែឧសភា ឆ្នាំ២០២៥ មានកុមារសរុបប្រមាណ ១០១ ៥៧៣ នាក់ បានទទួលសេវាពិនិត្យនិងព្យាបាលដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព។ ក្នុងចំណោមកុមារជាង ១០ម៉ឺននាក់នេះ គឺកុមារចំនួន ៨១ ៩៥៩នាក់ បទទួលបានការពិនិត្យ និងព្យាបាលជំងឺក្រៅ, កុមារចំនួន ១៦ ០៤៤នាក់មានជំងឺធ្ងន់ធ្ងរដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ, កុមារកើតជំងឺគ្រុនឈាម ៧៤៥នាក់ និងកុមារវះកាត់ចំនួន ២ ៨២៥នាក់ និងវះកាត់ភ្ជិតបេះដូងប្រហោងពីកំណើតចំនួន ៩៧នាក់។

មន្ទីរពេទ្យគន្ធបុប្ផាអះអាងរថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា ធ្វើឡើងដោយមិនគិតថ្លៃ មិនមានការរើសអើង និងប្រកបដោយវិជ្ជាជីរៈ។

តាំងតែពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ននេះ មន្ទីរពេទ្យបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ត្រូវចំណាយថវិកាជាង១២ម៉ឺនដុល្លារក្នុង១ថ្ងៃ ឬក៏៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដើម្បីធានារក្សានិរន្តភាពមន្ទីរពេទ្យក្នុងការជួយព្យាបាលជំងឺ ដើម្បីពិនិត្យព្យាបាលជំងឺកុមារ និងពិនិត្យលើស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ ប្រកបដោយស្មើភាព គ្មានការរើសអើង។

ដោយមើលឃើញពីតម្រូវការថវិកា សម្រាប់ទ្រទ្រង់និរន្តភាពដំណើរការមន្ទីរពេទ្យគន្ធបុប្ផា នៅឆ្នាំ២០២៥ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ដគំនិតផ្ដួចផ្ដើមបើក យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេលពេញ១ខែមិថុនា ដើម្បីកៀរគរថវិកាសប្បុរសធម៌ ចូលរួមចំណែកដល់កិច្ចដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផា និងចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” ក៏ដូចជាការរម្លឹក ឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្ដល់ក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។

រយៈពេល៥ ថ្ងៃបន្ទាប់ពីយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ត្រូវបានប្រកាសបើជាផ្លូវការ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិនេះទទួលបានថវិកាបរិច្ចាគពីសប្បុរសជនប្រមាណជាង៣.៥លានដុល្លារ។

កាលពីថ្ងៃទី១ ខែមិថុនា នៅក្នុងពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងថា ត្បិតការកៀរគរថវិកាដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដាក់ឈ្មោះថាជាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក៏ពិតមែន ប៉ុន្តែសប្បុរសជនអាចបរិច្ចាគថវិកាក្រោម១ម៉ឺនរៀលក៏បាន ឬលើសពី១ម៉ឺនរៀលបាន។

នៅក្នុងពិធីដដែល លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា វាយតម្លៃថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យមួយដែលបានជួយព្យាបាលជំងឺរបស់កុមារមកពីគ្រប់រាជធានី ខេត្តក្នុងប្រទេសកម្ពុជា ព្រោះនៅពេលកូន ចៅ ឈឺមានជំងឺធ្ងន់ស្រាល ឳពុកម្ដាយ ជីដូនជីតា ដែលរស់នៅតាមខេត្តបានបញ្ជូនកូនចៅខ្លួន មកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្លាម។ លោកជំទាវបន្ថែមថា មន្ទីរពេទ្យគន្ធបុប្ផាបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រាលក្ដីព្រួយបារម្ភភាពតក់ស្លុតរបស់ម្ដាយឳពុករាប់សែននាក់ចំពោះសុខទុក្ខរបស់កូនៗខ្លួន។

មន្ទីរពេទ្យគន្ធបុប្ផា ចាត់ទុកការបរិច្ចាគរបស់សប្បុរសជន ដើម្បីជួយទ្រទ្រង់ និងបំពេញតម្រូវការថិវកាសម្រាប់ដំណើរការកាតព្វកិច្ចសង្គ្រោះជីវិតកុមារនៅកម្ពុជារបស់មន្ទីរពេទ្យ ថាពិតជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា៕
សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាក្នុងយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»តាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay និងគណនីធនាគារខាងក្រោម


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ