Connect with us

ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បោះជំហាន​ទៅ​មុខឥត​ប្រែប្រួល​ក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ

បានផុស

នៅ

ដូចដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃទី២ ខែមិថុនា និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឥឡូវនេះ គណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបានបង្កើតចេញជារូបរាងហើយ។

គណៈកម្មការនេះមានភារកិច្ចពិនិត្យនិងសម្រេចជ្រើសរើសមេធាវីអន្តរជាតិដើម្បីការពារក្តី ពិនិត្យនិងសម្រេចឯកសារនានាដែលត្រូវដាក់ទៅតុលាការ ធ្វើទំនាក់ទំនងជាមួយតុលាការ និងធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ(ICJ)…។

នេះគឺ​ជា​ដំណើរការ​ទៅមុខឥតងាករេ​ស្រប​តាមឆន្ទៈ​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​ក៏ដូចជាឆន្ទៈរបស់​ប្រជាពលរដ្ឋខ្មែរ​ក្នុង​ការ​ប្តឹង​ករណី​ទាំង​៤នេះ​ទៅតុលាការ​យុត្តិធម៌អន្តរជាតិ​ដើម្បី​ការពារបូរណភាពទឹកដីរបស់យើង។

បណ្តឹងនេះបានទទួលការគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជា​ពីសំណាក់ប្រជាពលរដ្ឋខ្មែរ​ទាំង​ក្នុងនិងក្រៅប្រទេស និង​គ្រប់​និន្នាការ​នយោបាយដែលស្តែងឱ្យឃើញពីឯកភាពជាតិខ្មែរនិងក្លាយជាចលនាមហាសាមគ្គីជាតិដ៏ធំមួយនៅពីក្រោយរាជរដ្ឋាភិបាល និងនៅពីក្រោយកងទ័ពដ៏អង់អាចក្លាហាននៃយើង។ វាក៏ស្តែងឱ្យឃើញផងដែរពីជំនឿចិត្តយ៉ាងមុតមាំនិងពីភាពកក់ក្តៅយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរចំពោះរាជរដ្ឋាភិបាល។

ពិតណាស់ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន បានខិតខំ​ប្រឹងប្រែង​និង​ប្តូរ​ផ្តាច់​បំផុត​ក្នុង​ការ​ការពារ​បូរណភាពទឹកដី​ដោយមិនអនុញ្ញាតឱ្យបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រឡើយ។ ការប្តេជ្ញាចិត្តនេះ​មិនមែនត្រឹមតែពាក្យសម្តី ប៉ុន្តែ គឺជាសកម្មភាពជាក់ស្តែង។

ការចរចាបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង និងការកសាងផ្លូវក្រវាត់​ព្រំដែន​ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើគឺជាឧទាហរណ៍ស្រាប់។

ឥឡូវនេះ​ភាពប្តូរផ្តាច់ក្នុងការនាំយកករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិ គឺ​ជាភស្តុតាង​ថ្មីមួយទៀតដែលបញ្ជាក់​ពីភាពប្តូរផ្តាច់របស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាចំពោះបូរណភាពទឹកដី។ សូមកុំភ្លេចថា ថ្នាក់ដឹកនាំរបស់យើងទាំងសម្តេចតេជោ ទាំងសម្តេចធិបតី មានបទពិសោធន៍គ្រប់គ្រាន់ និងមានភាពរឹងប៉ឹងណាស់ ហើយដឹងច្បាស់ថា ដំណាក់កាលណាត្រូវធ្វើអ្វី។

ដូច្នេះ សូមបងប្អូនយើងស្ងប់ចិត្ត កុំអន្ទះសារ និងរង់ចាំចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវ​ឥរិយាបថ​នឹងនរ អត់ធ្មត់ ហើយប្រើបញ្ញាជាជាងប្រើអារម្មណ៍ ជាពិសេសកុំនាំគ្នាកញ្ជ្រោលតាមការញុះញង់របស់ក្រុមជ្រុលនិយមជិតខាងដែលចង់បានទឹកដីយើងឱ្យសោះ។

សូមបងប្អូនពិចារណាសារសម្តេចធិបតីនៅថ្ងៃនេះដែលសម្តេចបានលើកយកទស្សនៈរបស់កំពូលអ្នកប្រាជ្ញចិន ឡៅ ជឺ មកសរសេរក្នុងហ្វេសប៊ុកថា «រក្សាភាពស្ងៀមស្ងាត់ ផ្តោតជានិច្ចលើគោលដៅធំ ពេលមានឱកាសកុំរារែកក្នុងការវាយលុក»៕

អត្ថបទដោយ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម