សេដ្ឋកិច្ច
កម្ពុជានាំចេញទំនិញទៅអាមេរិកជាង $៤,៣៥ ពាន់លាន រយៈពេល ៥ ខែ ឆ្នាំនេះ
នៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទឹកប្រាក់ចំនួន ៤,៣៥ ពាន់លានដុល្លារ កើនឡើង ២៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំ ៣,៤២ ពាន់លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥។

ទិន្នន័យរបស់ GDCE បង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ ការនាំចេញទំនិញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ ៤,៣៥ ពាន់លានដុល្លារ កើន ២៧% ចំណែកឯការ នាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ១២០ លានដុល្លារ កើន ២៥,៦%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១០ ខែមិថុនា ថា តាមរយៈទិន្នន័យខាងលើការនាំចេញរបស់កម្ពុជាទៅអាមេរិកនៅតែមានភាពវិជ្ជមាន ខណៈកម្ពុជា-អាមេរិកកំពុងចរចារលើពន្ធបដិការដែលបានដាក់ចេញដោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។

អ្នកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា៖ «ពន្ធបដិការរបស់អាមេរិក កាលណាមិនទាន់បានអនុវត្តទេ យើងមិនអាចសន្និដ្ឋានបានទេ ព្រោះអីកាលប៉ះពាល់យ៉ាងណានោះ លុះត្រាតែចេញហើយ ត្រូវអនុវត្តទៀត ក្នុងរយៈពេលណាមួយបានយើងវាយតម្លៃថា ប៉ះពាល់ឬមិនប៉ះពាល់ ក្នុងការផលិតនាំចេញទៅអាមេរិក»។
បើតាមអ្នកឧកញ៉ា លឹម ហេង រង់ចាំការចរចាររវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាមួយអាមេរិករួចហើយ ចាំការអនុវត្ត នោះយើងនឹងអាចវាយតម្លៃបានថា មានអ្វីខ្លះប៉ះពាល់អ្វីខ្លះសម្រាប់អ្នកនាំចេញទៅអាមេរិក។
អ្នកឧកញ៉ា លឹម ហេង បន្ថែមថា៖«វិនិយោគប្រទេសកម្ពុជាយើង មិនមែនសំដៅលើទីផ្សារអាមេរិកតែមួយទេ បើមានការខុសឆ្គងអី វាប៉ះតែអ្នកនាំចេញទៅអាមេរិកទេ បើនាំចេញទៅសហគមន៍អឺរ៉ុប ចិន កូរ៉េអី ដែលយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង RCEP អីនេះ យើងមិនប៉ះទេ វានឹងមានកំណើនឡើងទៅវិញក៏មានដែរ ដល់ចឹងគម្រោងវិនិយោគទាំងឡាយ គឺគេសម្លឹងឃើញទីផ្សារអន្តរជាតិ គេមិនសម្លឹងឃើញតែទីផ្សារប្រទេសមួយទេ ដែលមកវិនិយោគប្រទេសយើងនេះ»។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារកើនឡើង ១១% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លានដុល្លារ កើនឡើង ១១,៤% និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃជាង ២៦៤ លានដុល្លារ កើន ២%។
ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៦ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ