ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយ ចែកជូនពលរដ្ឋ ១២០ គ្រួសារ ដែលជម្លៀសខ្លួននៅព្រំដែនកម្ពុជា-ថៃ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំក្រុមការងារ និងអាជ្ញាធរខេត្តព្រះវិហារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយចែកជូនប្រជាពលរដ្ឋប្រមាណ ១២០ គ្រួសារ ដែលជម្លៀសខ្លួនមកពីតាមបណ្ដោយព្រំដែន ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត មកស្នាក់នៅបណ្ដោះអាសន្ននៅទីតាំងសុវត្ថិភាព ក្នុងវត្តពោធិ៍៥០០០ដើម ស្រុកគូលែន កាលពីព្រលប់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥។

នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍ថា មុនថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ ប្រទេសជាតិយើងបានកសាង និងទទួលសុខសន្តិភាពដោយការលំបាក តាំងពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ តាមរយៈគោលនយោបាយឈ្នះឈ្នះមកដល់បច្ចុប្បន្ន។ ទោះបីយើងធ្លាប់ប៉ះទង្គិចចន្លោះឆ្នាំ ២០០៨-២០១១ និងកត្តាមួយចំនួនថែមទៀត អាចនិយាយបានថា ក្រោយការបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ រហូតមកដល់បច្ចុប្បន្ន គឺយើងមិនទាន់បានជួបប្រទះនូវចំណុចណា ដែលធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងឈានដល់ការជម្លៀសចេញពីផ្ទះសំបែងរបស់គាត់នោះទេ។

ឯកឧត្ដម ហ៊ុន ម៉ានី បន្តថា អ្វីដែលគំរាមកំហែង ធ្វើឱ្យប៉ះពាល់ដល់ភាពសុខសាន្តរបស់ប្រជាជនកម្ពុជា គឺ ចាប់ផ្ដើមនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ ដោយមានការប៉ុនប៉ង និងការឈ្លានពានទាំងផ្នែកយោធានៅប្រទេសជិតខាងយើងនេះ។ ស្ថានភាពបច្ចុប្បន្ននេះ ស.បញ្ជាក់ ទៅលើអ្វីដែលជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋខ្មែរនៅតាមបន្ទាត់ព្រំដែន។ ឯកឧត្ដម ចង់ឱ្យប្រជាពលរដ្ឋទូទាំងប្រទេស និងនៅពិភពលោក និងគ្រប់ទិសទី បានតាមដានដោយយកចិត្តទុកដាក់។

ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់ថា មួយចំហៀងយើងផ្តល់កម្លាំងចិត្ត ជំនឿទុកចិត្ត ដល់កងកម្លាំងប្រដាប់អាវុធ គាំទ្រទៅលើវិធានការរបស់រាជរដ្ឋាភិបាល តែថ្ងៃនេះ កន្លែងនេះ ក៏បានបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះវិហារ ដែលជាសេនាធិការថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលត្រូវជម្លៀសចេញ ហើយភាគច្រើនជាគ្រួសារកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅខាងមុខ។

ជាមួយនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋចំពោះអ្វីដែលជាការជួយគាំទ្រ ទាំងកម្លាំងចិត្ត ជូនកងកម្លាំងប្រដាប់អាវុធរបស់យើង។ នេះជាប្រពៃណីទំនៀមទម្លាប់មួយរបស់ប្រជាជនកម្ពុជា គ្រប់កាលៈទេសៈដែលយើងជួបបញ្ហាប្រឈម យើងតែងតែមានការបំផុសដោយប្រជាពលរដ្ឋយើងបានចូលរួមជាវិភាគទានតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ឯកឧត្ដម ក៏បានគោរពថ្លែងអំណរព្រះគុណចំពោះព្រះរាជហឫទ័យសន្ដោសប្រណីរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏ដូចជា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានព្រះរាជទានទ្រព្យសម្បត្តិផ្ទាល់របស់ ព្រះមហាក្សត្រ និង សម្តចម៉ែ ដើម្បីរាជរដ្ឋាភិបាលចាត់ចែងទៅតាមអ្វីដែលជាតម្រូវការជាក់ស្ដែង និងអរគុណ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំជាច្រើនទៀត។ ថវិកាទាំងអស់ដែលបានជួយទៅដល់រាជរដ្ឋាភិបាល ថ្ងៃនេះគឺជួយដល់អង្គភាពនៅសមរភូមិមុខ ហើយថវិកាទាំងនេះ នឹងចាត់ចែងដោយមានតម្លាភាពបំផុត៕
អត្ថបទ ៖ ជុន កុសល




-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


