ព័ត៌មានជាតិ
សម្ដេចធិបតី បញ្ជាក់ជំហរមិនចរចា ដោយទុកឱ្យថៃបើកព្រំដែនមុនកម្ពុជា ព្រោះថៃជាអ្នកបិទជាឯកតោភាគីមុន
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរមិនចរចាជាមួយភាគីថៃ ពាក់ព័ន្ធនឹងការបិទបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឡើយ ដោយសម្ដេច ប្រាប់ឱ្យថៃបើកច្រកព្រំដែនមុន ហើយកម្ពុជានឹងបើកតាមក្រោយ ព្រោះថៃជាអ្នកបិទជាឯកតោភាគីមុន។

សម្ដេចធិបតី បានគូសបញ្ជាកថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការបិទព្រំដែនជាមួយថៃជាអចិន្រ្តៃយ៍ ប៉ុន្តែកម្ពុជាមិនធ្វើដូច្នោះទេ គឺកម្ពុជាធ្វើសម្បទានឱ្យថៃបើកវិញមុន កម្ពុជាក៏បើកព្រំដែនវិញដែរ។ ការបញ្ជាក់ជំហរជាថ្មីនេះ គឺបានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រារព្ធឡើងនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ចាំតែធ្វើតាមក្រោយភាគីថៃតែប៉ុណ្ណោះ ព្រោះថៃជាអ្នកបិទដោយឯកតោភាគីមុន។ ដូច្នេះការបើកព្រំដែនឡើងវិញ ក៏ត្រូវតែធ្វើឡើងជាឯកតោភាគីដូចគ្នាដែរទៅជាការស្រេច គឺមិនបាច់ចរចាអ្វីនោះទេ។ សម្ដេច ថ្លែងដូច្នេះថា៖ «កម្ពុជា ក៏មិនចង់បិទដែរ ប៉ុន្តែពេលថៃបិទមិនបានពិគ្រោះយោបល់ជាមួយកម្ពុជាទេ។ អ៊ីចឹង បើកមិនបាច់ពិគ្រោះយោបល់ទេ»។
ក្នុងន័យនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រាប់ភាគីថៃ ថា បើសិនជាថៃបើកមុន យ៉ាងយូរ៥ម៉ោងក្រោយ កម្ពុជានឹងបើកដូចគ្នានេះ។ សម្ដេចធិបតីលើកឡើងថា ការបើកឡើងវិញនូវច្រកព្រំដែនទាំងអស់ឱ្យវិលទៅរកប្រក្រតីភាពដូចដើម គឺជាការបង្ហាញនូវឆន្ទៈ និងជំនឿទុកចិត្តរបស់ភាគីទាំងពីរ។

តែដរាបណាភាគីថៃមិនព្រមបើកព្រំដែនមុនទេ សម្ដេចធិបតី ប្រកាសថា កុំនិយាយរឿងកិច្ចប្រជុំចរចាឱ្យសោះ ជាពិសេសកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) គឺកម្ពុជា មិនចរចាជាដាច់ខាត។
គួរជម្រាបថា មុនពេលមានបញ្ហាព្រំដែន ច្រកព្រំដែនរវាងកម្ពុជា និងថៃ ត្រូវបើកដំណើរការនៅម៉ោង៦ព្រឹក និងបិទនៅម៉ោង១០យប់។ តែបច្ចុប្បន្នថៃ បើកម៉ោង៨ព្រឹក កម្ពុជាបើកម៉ោង ៩ព្រឹក ហើយបិទម៉ោង៤រសៀលដូចគ្នា។ ការបើកនៅម៉ោង៩ព្រឹកពីភាគីកម្ពុជា គឺជាការឆ្លើយតបនឹងភាគីថៃ ដែលបានបិទដោយឯកតោភាគីមុន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


