Connect with us

ព័ត៌មានជាតិ

អណ្តូងទឹកស្អាតរបស់គម្រោងរេដបូក បានជួយដល់ជីវភាពប្រជាសហគមន៍អេកូរទេសចរណ៍ជីផាត និងទ្រទ្រង់សុខមាលភាព

បានផុស

នៅ

អណ្តូងទឹកដ៏ធំ ដែលផ្ទុកទឹកជាងមួយម៉ឺនលីត្រ និងជាទឹកស្អាតត្រូវបាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងដែលបានកសាងឡើងនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុងកំពុងបានផ្តល់ភាពងាយស្រួលដល់ប្រជាសហគមន៍ប្រើប្រាស់ដោយមិនត្រូវចំណាយថវិការហើយ និងពិសេសមានទឹកស្អាតប្រើប្រាស់ ផ្ដល់ភាពងាយស្រួលដល់ការរស់នៅ ចម្លងពលរដ្ឋឱ្យចៀសផុតពីមុខរបរការកាប់ឈើ និងបាញ់សត្វព្រៃលក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រជាសហគមន៍អេកូរទេសចរណ៍ជីផាត ដែលធ្លាប់តែជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ នារដូវប្រាំងនោះអាចប្រើប្រាស់ទឹកអណ្តូងដ៏ធំនេះដោយពុំមានខ្វះខាតទាំងរដូវប្រាំង ឬរដូវវស្សាសោះឡើយ។អណ្ដូងខ្នាតធំ ដើរដោយប្រព័ន្ធសូឡា និងបូមទឹកដោយស្វ័យប្រវត្តិមួយនេះ ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន ដាក់សម្ពោធឱ្យប្រើប្រាស់ កាលពីពាក់កណ្តាល ខែមករា ឆ្នាំ២០២៣។

 ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត លោក អន សុវណ្ណ ៖«ការកសាងអណ្តូងទឹកនេះសម្រាប់ជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលជួបកង្វះខាតទឹកស្អាតប្រើប្រាស់ពិសេសនារដូវប្រាំងដែលមានភូមិមួយក្នុងចំណោមភូមិចំនួន៤ក្នុងឃុំ ជីផាត តែងជួបបញ្ហាទឹកប្រើប្រាស់ ដែលកាលនោះបើកាលណាគេជីកអណ្តូងទឹកទៅតែង មានសារជាតិកំបោរ និង ជាតិច្រេះមិនអាចប្រើប្រាស់កើត។តែអណ្តូងទឹករបស់គម្រោងរេដបូកនេះ ក្រៅពីជួយដល់សុខភាពពួកគាត់ហើយ នៅជួយដល់ការមិនត្រូវចំណាយថ្លៃទឹកប្រើប្រាស់ប្រចាំថ្ងៃថែមទៀត»។

តាមរយៈគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងនេះដែរកន្លងមកក្រៅពីបានជួយអណ្តូងទឹកនេះ នៅបានជួយដល់អាហាររូបករណ៍កូនសិស្សក្រីក្រ ផ្លូវថ្នល់ចំនួន៣ខ្សែ ជួយដល់សាលារៀន មណ្ឌលសុខភាព និង សមិទ្ធផលមួយចំនួនទៀតដែលសុទ្ធសឹងជួយដល់ប្រជាសហគមន៍រហូតមកដល់ពេលនេះ ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំល្អប្រសើរ និងជីវភាពប្រជាជនលើកកម្ពស់ជា បន្តបន្ទាប់។

ប្រធានសហគមដដែល បានប្រាប់ថា៖«ទឹកនេះយើងបានធ្វើតេសហើយជាទឹកសុវត្តិភាពសម្រាប់ពលរដ្ឋប្រើប្រាស់ និងវាមានជម្រៅជីកជាង៦០ម៉ែត្រ។អណ្ដូងទឹកខ្នាតធំនេះ មានចំណុះមួយម៉ឺនលីត្រ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋយ៉ាងពេញទីជាង១៨០គ្រួសារ»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ថ្លែងថា តាមរយៈការអភិវឌ្ឍន៍ជីវភាពប្រជាសហគមន៍ជាមួយដៃគូ និងតាមរយៈគម្រោងរេដបូកពិតជាមានសារៈសំខាន់សម្រាប់ឆ្លើយតបទៅនឹងជីវភាពប្រជាពលរដ្ឋពិសេសបានជួយទប់ស្កាត់ និងការពារធនធានធម្មជាតិ។កិច្ចការពារអភិរក្សធនធានធម្មជាតិនេះដែរគឺទាល់តែបងប្អូនប្រជាសហគមន៍មានជីវភាពល្អប្រសើរផងដែរ។

 អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់បន្តថា សម្រាប់អណ្តូងទឹកដែលជាអំណោយគម្រោងរេដបូកនេះដើរដោយថាមពលពន្លឺព្រះអាទិត្យ និងម៉ូទ័រទឹកប្រើដោយសូឡា ដោយក្នុងនេះគឺទី១វាបានជួយដល់ការប្រែប្រួលអាកាសធាតុផង និងទី២ជួយដល់ជីវភាពពលរដ្ឋក្នុងសហគមឱ្យភាពងាយស្រួលរស់នៅ ជួយសម្រួលដល់ជីវភាពឱ្យមានភាពល្អប្រសើរ ងាកចេញផុតពីចូលព្រៃកាប់ឈើ បរបាញ់សត្វព្រៃខុសច្បាប់ទៀតឡើយ។

តាមអ្នកនាំពាក្យខ្វៃ​ អាទិត្យា បច្ចុប្បន្នក្រសួងបរិស្ថានបានយកចិត្តទុកដាក់ការអភិវឌ្ឍន៍ជីវភាពសហគមន៍នេះតាមរយៈក្នុងនេះទី១ជំរុញជីវភាពសហគមន៍ដោយបង្កើតមុខរបរ ពួកគាត់អាចដាំបន្លែ ចិញ្ចឹមសត្វ ឬបង្កើតទេសចរណ៍ធម្មជាតិដែលអាចចំណូលបានល្អប្រសើរជាងការចូលព្រៃដែលប្រឈមនឹងផ្លូវច្បាប់។

អ្នកស្រី កងណាំ ប្រជាសហគមន៍មួយរូបបានលើកឡើងថាបន្ទាប់ពីបានអំណោយអណ្តូងទឹកនេះបានជួយច្រើនណាស់ដល់ក្រុមគ្រួសារគាត់ ពោលគឺមិនចាំបាច់ទៅរកដងទឹកតាមប្រភពទឹកទីកន្លែងឆ្ងាយៗឡើយដោយអ្នកស្រីគ្រាន់តែតប្រព័ន្ធទឹកនេះហើយ អាចប្រើប្រាស់បានគ្រប់ពេលវេលា។ក្រៅពីនេះមិនចាំបាច់ចំណាយថ្លៃទឹកដូចមុនទៀតពោលគឺគេប្រើមិនបានយកថវិការអ្វីដែរ។

គួរបញ្ជាក់ថាបើតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងនាកន្លងមកថាគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងដែលបានជួយអណ្តូង ទឹកស្អាតនេះគឺក្រោយការធ្វើតេស្តបង្ហាញថាជាទឹកអណ្តូង គ្មានសារធាតុអាសេនិច,ទឹកពុំមានកំហាប់កំបោរ ហើយទឹកគ្មាន ច្រេះដែលជាទឹកស្ថិតនៅក្នុង កម្រិតល្អប្រើប្រាស់គ្មានគ្រោះថ្នាក់ ។តាមរយៈអណ្តូងទឹកនេះដែរបានជួយសម្រួលច្រើនដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទឹក និងវាជាទឹកស្អាតធានាបាននូវសុខភាពផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម