Connect with us

ព័ត៌មានជាតិ

សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ហ៊ុនសែនមណ្ឌលគិរី ទទួល​បាន​ប្រព័ន្ធ​ចម្រោះទឹកស្អាត​ក្រោម​ជំនួយ​របស់​អង្គការ​បូដា​កម្ពុជា

បានផុស

នៅ

ដើម្បី​ដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​ទឹក​ស្អាត​ទទួលទាន និង​មាន​សុវត្ថិភាព​ដល់សិស្សានុសិស្ស​នៅក្នុងសាលា រដ្ឋបាលខេត្តមណ្ឌលគិរី បាន​សហការ​ជាមួយអង្គការបូដាកម្ពុជា រៀបចំបើក និងប្រកាសដាក់ឱ្យដំណើរការនូវហេដ្ឋារចនាសម្ព័ន្ធចម្រោះទឹកទទួល​ទាន នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិត​ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាញ ប៊ុណ្ណា បានលើកឡើងថា តាមក្រុមការងារបច្ចេកទេស ប្រព័ន្ធចម្រោះទឹកស្អាតទទួលទាននេះ​មាន​សមត្ថភាពផលិតទឹកចន្លោះពី១ ទៅ១.៥ ម៉ែត្រគូប ក្នុងរយៈពេល១ម៉ោង ហើយទឹកដែលបានចម្រោះត្រូវឆ្លងកាត់បំពង់ ធ្យូងសកម្ម បំពង់សំលី និងបំពង់យូវី ដែលធានានូវគុណភាពទឹកសម្រាប់ទទួលទាន។លោកបន្ថែមថា ក្រៅពីប្រព័ន្ធចម្រោះ អង្គការបូដាកម្ពុជាក៏មានដំឡើងកន្លែងយកទឹកទទួលទាន៣ទីតាំងបន្ថែមទៀតនៅក្នុងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ដើម្បីផ្តល់ភាពងាយស្រួលដល់ការយកទឹកទទួលទានរបស់សិស្សានុសិស្ស។

លោករងខេត្តរំពឹងថា លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស បុគ្គលិកសិក្សានៅទីនេះ នឹងទទួលបានសេវាសុខភាពអនាម័យប្រកបដោយគុណភាព រួមជាមួយទឹកទទួលទាន ដែលធានាគុណភាព និងសុវត្តិភាព១០០% ជា​ពិសេស​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ទឹក​ពិសា។

ជា​មួយ​គ្នា​នេះ លោក អភិបាលរងខេត្ត ក៏បានអំពាវនាវ ដល់ថ្នាក់ដឹកនាំសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវចូលរួមថែរក្សា ការពារសមិទ្ធិផលនេះឱ្យបានល្អ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។

លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការបូដាកម្ពុជា ដែលបានជួយឧបត្ថម្ភប្រព័ន្ធចម្រោះទឹកស្អាតទទួលទានដល់វិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី ក្នុងការចូលរួមចំណែកកាត់បន្ថយការចំណាយថវិការបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានមួយចំនួនធំ ជាពិសេសការទទួលទានទឹកស្អាតជាប្រចាំ អាចជួយលើកកម្ពស់​សុខុមាលភាព និងសុខភាព​របស់សិស្សានុសិស្សបាន។

ជាមួយគ្នានេះ លោក មួរ គារ អ្នកសម្របសម្រួលជាន់ខ្ពស់ផ្នែសង្គម អង្គការបូដា កម្ពុជា ក៏បានលើកឡើងផងដែរថា ការផ្តល់ជូននូវប្រព័ន្ធចម្រោះទឹកនេះ មិនមែនគ្រាន់តែតម្លើង បំពង់ទឹក និងធុងទឹកនោះទេ គឺជាការផ្តល់ជូននូវប្រព័ន្ធចម្រោះទឹក​មួយ​ដែល​មាន​សមត្ថភាពពេញលេញក្នុងការចម្រោះទឹកដែលនឹងផ្តល់ឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នក​លក់​ទាំង​អស់​នៅ​ក្នុងសាលា ទទួលបានសុខុមាលភាពល្អតាមរយៈទឹកពិសារសុវត្ថិភាព និងធានាថាសិស្សានុសិស្សម្នាក់ៗដែល​មក​សាលារៀន នឹង​ទទួល​បាន​ទឹក​សុវត្ថិភាពសម្រាប់ទទួលទានគ្រប់គ្រាប់ គ្រប់ៗគ្នា។

លោក មួរ គារ បន្ថែមថា ក្រោមសមិទ្ធផលនេះ ធានាបានថាទឹកដែលមាននៅក្នុងសាលា គឺមិនមែនត្រឹមតែជាទឹកប្រើប្រាស់ធម្មតានោះទេ តែ​វា​ជា​សក្ខីភាព​មួយ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើសុខភាព អនាម័យនិងចីរភាពនៃទឹក និង​ជា​ទឹក​ដែល​មាន​សុវត្ថិភាពសម្រាប់ទទួលទាន៕

អត្ថបទ ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម