Connect with us

ព័ត៌មានជាតិ

ពលករខ្មែរដែលត្រលប់ពីប្រទេសថៃ ថ្លែងអំណរគុណអភិបាលខេត្តប៉ៃលិន ចំពោះការយកចិត្តទុកដាក់ព្យាបាលជំងឺ

បានផុស

នៅ

ក្រោយពីទាហាននៃប្រទេសថៃ បានបិទច្រកទ្វាព្រំដែននានា ដែលជាប់ជាមួយកម្ពុជា ជាឯកតោភាគីរួចមក ពលករខ្មែរជាច្រើននាក់បានសម្រុកធ្វើដំណើរចូលក្នុងប្រទេសកម្ពុជាវិញ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះក៏មានពលករខ្មែរខ្លះមានជំងឺប្រចាំកាយ និងខ្លះទៀតខ្វះខាតសោហ៊ុយធ្វើដំណើរទៅស្រុកកំណើត។ ប៉ុន្តែកត្តាទាំងនេះមិនចោទជាបញ្ហានោះទេ ដោយសារខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត តែងតែចុះជួបផ្ទាល់ ឬចាត់មន្ត្រីជំនាញចុះដោះស្រាយបញ្ហាទាំងនេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ មានពលករខ្មែរពីរនាក់ ដែលធ្លាប់ធ្វើការនៅប្រទេសថៃ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានជួយសម្របសម្រួល និងរ៉ាប់រងការចំណាយការព្យាបាលជំងឺរបស់ខ្លួនរហូតជាសះស្បើយ។

ពលករខ្មែររូបនេះមានឈ្មោះ និត ស្រីនាង ភេទស្រី អាយុ១៩ឆ្នាំ មានស្រុកកំណើតភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមានអាការ:ឈឺពោះសម្រាលកូន ត្រូវបានរថយន្តសង្គ្រោះមណ្ឌលសុខភាពព្រំ បញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកអ្នកជំងឺម្នាក់ទៀតឈ្មោះ សេន មករា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិសារិកាកែវ ឃុំជើងរស់ ស្រុកមុន្នីជ័យ ខេត្តកំពង់ស្ពឺ មានជំងឺរលាកខ្នែងពោះវៀន ត្រូវបានគ្រូពេទ្យធ្វើការវះកាត់រួចរាល់ ហើយការវះកាត់ និងសម្រាលកូននេះ គឺមិនមានការគិតថ្លៃនោះទេ។

ក្រោយទទួលបានដំណឹងអំពីស្ថានភាពរបស់លោក សេន មករា និងឈ្មោះ និត ស្រីនាង លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់មន្ត្រីជំនាញ ឱ្យចុះសួរសុខទុក្ខ និងជួយសម្រួល ដល់ការសម្រាកព្យាបាលរបស់អ្នកទាំងពីរនៅមន្ទីរពេទ្យ។ មិនតែប៉ុណ្ណោះ លោកស្រីអភិបាលខេត្ត ក៏បានចេញថវិកាផ្ទាល់ខ្លួន ដើម្បីរ៉ាប់រងថ្លៃព្យាបាលទាំងស្រុង រហូតទាល់តែជាសះស្បើយ ហើយអាចត្រឡប់ទៅផ្ទះវិញបាន។

លោក សេន មករា បានថ្លែងទាំងទឹកមុខរំភើបថា «ខ្ញុំពិតជាអរគុណលោកស្រី បាន ស្រីមុំ ខ្លាំងណាស់ ដែលបានជួយខ្ញុំ នៅគ្រាលំបាកបំផុត។ បើគ្មានការជួយជ្រោមជ្រែងពីលោកស្រីទេ ខ្ញុំមិនដឹងជាមានវាសនាបែបណាទេ។ ខ្ញុំសូមបួងសួងឱ្យលោកស្រីអភិបាលខេត្ត និងក្រុមគ្រួសារមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច»។
សកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្តប៉ៃលិន ចំពោះសុខុមាលភាព របស់ប្រជាពលរដ្ឋ ជាពិសេសពលករ ដែលបានលះបង់កម្លាំងកាយចិត្ត ទៅរកចំណូលទ្រទ្រង់គ្រួសារ និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម