Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ UN ជំរុញពិភពលោក កុំទទួលស្គាល់ការបោះឆ្នោតរបស់យោធាមីយ៉ាន់ម៉ា

បានផុស

នៅ

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសផែនការបោះឆ្នោតនាពេលខាងមុខរបស់​មីយ៉ាន់ម៉ា​ថា ជា​ការប៉ុនប៉ងបោកបញ្ឆោតដោយរបបយោធា​​តែប៉ុណ្ណោះ ដើម្បីទទួលការគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា ក្រោមភាពស្របច្បាប់​អន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃទី២៦ខែមិថុនានេះ។

លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា។​ (រូបភាព៖ UN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ាបានជំរុញ​សហគមន៍​ពិភព​លោក​ឱ្យ​បដិសេធការបោះឆ្នោតនេះដោយហៅវាថាជា «ការក្លែងបន្លំ» ដោយ​លើកឡើងពីការរំលោភសិទ្ធិមនុស្ស​យ៉ាងទូលំទូលាយនៅក្រោមការគ្រប់គ្រងរបស់របបយោធា។

ចាប់តាំងពីរដ្ឋប្រហារយោធានៅខែកុម្ភៈ ឆ្នាំ ២០២១ ​​ដឹកនាំដោយឧត្តមសេនីយ មីន អ៊ុងឡាំង (Min Aung Hlaing )​ ប្រទេសមីយ៉ាន់ម៉ាត្រូវបានជាប់គាំងនៅក្នុងជម្លោះដ៏​​ហិង្សា។ យោធា​បាន​ផ្ដួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោត​របស់​លោកស្រី អ៊ុងសាន ស៊ូជី ដែល​កំពុង​ជាប់​ពន្ធនាគារ​លើ​អ្វី​ដែល​ក្រុម​សិទ្ធិ​មនុស្ស​ពណ៌នា​ ថា​​ជា​ការ​ចោទ​ប្រកាន់​មិន​ពិត។ បច្ចុប្បន្ន​​លោកស្រីកំពុង​ជាប់​ទោស​២៧​ឆ្នាំ។

លោក Andrews បានសង្កត់ធ្ងន់ថា គ្មានដំណើរការលទ្ធិប្រជាធិបតេយ្យពិតប្រាកដណាមួយអាចកើតឡើងនៅក្នុងបរិយាកាសដែលពោពេញដោយការមិនពេញចិត្តជាមួយនឹងការធ្វើទារុណកម្ម ការជាប់ពន្ធនាគារ ឬការប្រហារជីវិត និងកន្លែងដែលសេរីភាពសារព័ត៌មានត្រូវបានកំទេចនោះទេ។

ឧត្តមសេនីយ មីន អ៊ុងឡាំង (Min Aung Hlaing ) (រូបភាព៖ Getty)

ក្នុងអំឡុងពេលសន្និសីទកាសែតនៅទីក្រុងហ្សឺណែវ លោក Andrews បាននិយាយថា៖​«របបយោធាមិនអាចមានការបោះ​ឆ្នោត​ពិតប្រាកដបានទេប្រសិនបើវាផ្ទុយនឹងច្បាប់ក្នុងការប្រាប់ការពិត ឬមានការប្រឆាំងរដ្ឋាភិបាលយោធា»។

លោកបាន កត់សម្គាល់ថា មនុស្សជាង ៦៨០០ នាក់ត្រូវបានសម្លាប់ ហើយអ្នកទោសនយោបាយប្រហែល ២២០០០ នាក់ត្រូវបានចាប់​ឃុំខ្លួននាពេលបច្ចុប្បន្ន ដែល​ភាគច្រើនគ្រាន់តែចូលរួមក្នុងការតវ៉ា ឬបញ្ចេញមតិប៉ុណ្ណោះ។ ជាឧទាហរណ៍ ស្រ្តីម្នាក់ត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗនេះ ដោយសារការបង្ហោះហ្វេសប៊ុករំលឹកខួបគម្រប់​៨០ឆ្នាំរបស់លោកស្រី ស៊ូជី។

បើទោះជារង​​​ទណ្ឌកម្មអន្តរជាតិក៏ដោយ ក៏របបយោធានៅតែបន្តទទួលបានការគាំទ្រពីចិន និងរុស្ស៊ី។ លោក​ មីន​ អ៊ុងឡាំង ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មជាសាកល ហើយ​ តុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក៏កំពុងស្វែងរកចាប់ខ្លួនគាត់​ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ាក្នុងឆ្នាំ ២០១៧។

លោក Andrews បាននិយាយថា ការបោះឆ្នោតដែលបានគ្រោងទុកគឺគ្រាន់តែជាការបំភាន់​​​​ភ្នែក​ ដើម្បីធ្វើឱ្យពិភពលោកមានអារម្មណ៍ប្រសើរឡើង ហើយបានព្រមានថា ការចាត់ទុកវាជាការពិត នឹងជួយឱ្យយោធាបន្តកាន់អំណាចបានយូរ។ លោក​បាន​ស្នើ​ឲ្យ​ប្រទេស​ផ្សេង​ទៀត​ កុំ​គាំទ្រ​ការ​ប៉ុនប៉ង​ក្លែងក្លាយ​របស់​យោធា​នេះដើម្បី​មើល​ទៅ​ដូច​លទ្ធិប្រជាធិបតេយ្យឲ្យសោះ៕

ស្ត្រី​ម្នាក់​ពាក់​ម៉ាស​ការពារ​មុខ​បោះ​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​សកល​ក្នុង​ទីក្រុង Yangon ឆ្នាំ​២០២០ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម