Connect with us

ព័ត៌មានជាតិ

ក្រសួង គ្រោងនឹងដាក់ឱ្យដំណើរការថ្នាំព្រឹបប្រភេទចាក់មានសកម្មភាពយូរ បង្ការមុនពេលប្រឈមការឆ្លងមេរោគអេដស៍ នៅព្រឹកស្អែក

បានផុស

នៅ

មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សើ​ស្បែក និង​កាមរោគ នៃ​ក្រសួងសុខាភិបាល នឹង​ដាក់​ឱ្យ​ដំណើរការ​ថ្នាំ​ព្រឹប​ប្រភេទ​ចាក់ មាន​សកម្មភាព​យូរ ដែល​អាច​បង្ការ​មេរោគ​អេដស៍​ហៅថា «​ថ្នាំ​កាបូ​តេ​ត្រា​វៀ​» នៅ​ថ្ងៃ​ទី ២៧ ខែ​មិថុនា ឆ្នាំ ២០២៥ ស្អែក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សើ​ស្បែក និង​កាមរោគ នៃ​ក្រសួងសុខាភិបាល បានឱ្យដឹងថា ពិធី​ដាក់​ឱ្យ​ដំណើរការ​ថ្នាំ​ព្រឹប​ប្រភេទ​ចាក់​នេះ ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សើ​ស្បែក និង​កាមរោគ​ ក្រោម​អធិបតីភាព លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល។

ការ​នាំ​យក​ថ្នាំ​ព្រឹប​ប្រភេទ​ចាក់ មាន​សកម្មភាព​យូរ មក​កម្ពុជា​នេះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​អេដស៍​នៅ​ប្រទេស​កម្ពុជា​ក្នុងចំណោម​ក្រុម​ប្រជាជន​ប្រឈមមុខ​ខ្ពស់​ដូចជា ស្ត្រី​បម្រើ​សេវា​កម្សាន្ត ក្រុម​បុរស​ស្រឡាញ់​បុរស ក្រុម​អ្នក​ប្លែង​ភេទ និង​ក្រុម​អ្នក​ចាក់​គ្រឿងញៀន ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន។

ថ្នាំ​ព្រឹប​ប្រភេទ​ចាក់​នេះ​ អាច​ការពារ​មេរោគ​អេដស៍​បាន​រយៈពេល ​២​ ខែ ខណៈ​បច្ចុប្បន្ន​ កម្ពុជា មាន​ថ្នាំ​ប្រឹព​សម្រាប់​លេប​ប្រចាំថ្ងៃ​មុនពេល​រួមភេទ និង​ថ្នាំ​ប៉ឹប​សម្រាប់​លេប​ក្រោយពេល​នឹង​គ្រោះថ្នាក់​ឆ្លង​មេរោគ​អេដស៍ ដូចជា នៅ​ពេល​រួមភេទ​ដោយ​មិន​មាន​សុវត្ថិភាព ស្រោមអនាម័យ​ដាច់​រហែក ភ្លេច​ពាក់​ស្រោមអនាម័យ និង​មុត​សម្ភារៈ​មុត​ស្រួច​ជាដើម។ ថ្នាំ​ព្រឹប​ប្រភេទ​កាបូ​តេ​ត្រា​វៀ​នេះ ចាក់​នៅ​ត្រគាក និង​សាច់ដុំ​ ហើយ​មិន​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ចាក់​ទេ និង​អាច​បង្ការ​បាន​តែ​ជំងឺ​អេដស៍​ប៉ុណ្ណោះ ហើយ​មិន​អាច​ការពារ​ការ​ឆ្លង​ជំងឺ​ស្វាយ ជំងឺ​ប្រមេះ និង​ជំងឺ​កាមរោគ​ផ្សេងទៀត​បានទេ គឺ​មានតែ​ការប្រើប្រាស់​ស្រោមអនាម័យ​ឱ្យ​បាន​ត្រឹមត្រូវ និង​ជាប់​លាប់​តែប៉ុណ្ណោះ ​ដែល​អាច​បង្ការ​ការ​ឆ្លង​មេរោគ​អេដស៍ និង ជំងឺ​កាមរោគ​គ្រប់​ប្រភេទ​បាន។

គួរ​បញ្ជាក់​ថា តាម​ការ​ប៉ាន់ស្មាន​ឆ្នាំ ២០២៤ កម្ពុជា មាន​ចំនួន​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះ ​មាន​អ្នកជំងឺ​អេដស៍​សកម្ម​ដែល​កំពុង​ទទួល​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ទាំង ៧៤ កន្លែង ជិត ​៧​ ម៉ឺន​នាក់ ហើយ​ប្រហែល​នៅសល់​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់ ​នៅ​មិនទាន់​បាន​ដឹង​ខ្លួន និង​មិន​ទាន់​បាន​ធ្វើតេស្ត និង​ទទួល​សេវា​ព្យាបាល​នៅឡើយ​ទេ ខណៈ​ក្នុង ១ ឆ្នាំៗ​ មាន​អ្នក​ឆ្លង​ថ្មី​ នៃ​មេរោគ​អេដស៍ ប្រមាណ ១ ២០០ នាក់​ និង​ស្លាប់​ប្រមាណ ១ ១០០ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម