ព័ត៌មានអន្ដរជាតិ
សង្រ្គាមពាណិជ្ជកម្មកាណាដា-អាមេរិក កើនកម្ដៅជាថ្មី ដោយ ត្រាំ កាត់ផ្ដាច់ការចរចាពន្ធ
សង្រ្គាមពាណិជ្ជកម្មកាណាដា-សហរដ្ឋអាមេរិកកំពុងកើនកម្ដៅជាថ្មី ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានកាត់ផ្ដាច់ការចរចាពន្ធជាមួយកាណាដា ក្រោយប្រទេសនេះចេញគោលនយោបាយពន្ធដោយកំណត់គោលដៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការវិវត្តចុងក្រោយនេះ កំពុងធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដា វិលទៅរកភាពវឹកវរជាថ្មី ក្រោយស្ងប់ស្ងាត់មួយរយៈដោយមានកិច្ចសន្ទនាគ្នា រួមទាំងអំឡុងកិច្ចប្រជុំប្រទេស G7 នៅកាណាដា កាលពីពាក់កណ្ដាលខែ ដែលលោក ត្រាំ និងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានព្រមព្រៀងគ្នាបញ្ចប់កិច្ចព្រមព្រៀងសេដ្ឋកិច្ចថ្មីមួយក្នុងរយៈពេល ៣០ ថ្ងៃ។
លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា ការកំណត់ពន្ធរបស់កាណាដាលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក គឺជា «ការវាយប្រហារពេញទីដោយផ្ទាល់ លើប្រទេសរបស់យើង» ខណៈលោកហៅកាណាដា ថាជាប្រទេសដែលពិបាកធ្វើពាណិជ្ជកម្មជាមួយគ្នា។
លោកបន្តយ៉ាងដូច្នេះថា៖ «ដោយផ្អែកលើពន្ធដ៏ធ្ងន់ធ្ងរនេះ យើងបញ្ចប់ការពិភាក្សាទាំងអស់ស្តីពីពាណិជ្ជកម្មជាមួយប្រទេសកាណាដា ដោយចូលជាធរមានភ្លាមៗ។ យើងនឹងឱ្យកាណាដាដឹងថាពីអត្រាពន្ធគយដែលពួកគេត្រូវចំណាយដើម្បីធ្វើជំនួញជាមួយសហរដ្ឋអាមេរិក ក្នុងរយៈពេល ៧ ថ្ងៃបន្ទាប់»។ លោក ត្រាំ ថា ការចរចាជាមួយកាណាដានឹងបន្តឡើងវិញ លុះត្រាតែកាណាដាកែតម្រូវបញ្ហានេះ។
គួរគូសបញ្ជាក់ថា កាណាដាគ្រោងនឹងចាប់ផ្តើមអនុវត្ថនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ នូវពន្ធលើសេវាកម្មឌីជីថលសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដូចជា Amazon, Meta, Google និង Apple ក្នុងចំណោមក្រុមហ៊ុនផ្សេងៗទៀត។
គោលនយោបាយពន្ធកាណាដានេះ គឺកំណត់ប្រមូល ៣ ភាគរយ នៃប្រាក់ចំណូលពីសេវាកម្មឌីជីថលដែលក្រុមហ៊ុនទាំងនោះរកបានពីអ្នកប្រើប្រាស់កាណាដាលើសពី ២០ លានដុល្លារ/ឆ្នាំ ហើយការទូទាត់នឹងចាប់ផ្ដើមពីពេលវេលាឆ្នាំ ២០២២។

មែនទែនទៅ កាណាដាគឺជាដៃគូពាណិជ្ជកម្មធំទី២ របស់សហរដ្ឋអាមេរិកបន្ទាប់ពីម៉ិកស៊ិក និងជាអ្នកទិញធំបំផុតនៃការនាំចេញរបស់សហរដ្ឋអាមេរិក។ ប្រទេសនេះនាំចូលទំនិញពីអាមេរិកប្រមាណ ៣៤៩,៤ ប៊ីលានដុល្លារ កាលពីឆ្នាំមុន និងបាននាំចេញទៅវិញប្រមាណ ៤១២,៧ ប៊ីលានដុល្លារ។
ជុំវិញការផ្លាស់ប្ដូរចុងក្រោយរបស់ ត្រាំ ការិយាល័យរបស់លោក Carney បានឆ្លើយតបថា៖ «រដ្ឋាភិបាលកាណាដា នឹងបន្តចូលរួមក្នុងការចរចាដ៏ស្មុគស្មាញទាំងនេះជាមួយសហរដ្ឋអាមេរិក ដើម្បីផលប្រយោជន៍ល្អបំផុតសម្រាប់កម្មករ និងអាជីវកម្មកាណាដា»។
គួររំឭកផងដែរថា សហរដ្ឋអាមេរិក និងកាណាដា បានធ្លាក់ចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្ម ក្រោយលោក ត្រាំ ប្រកាសដាក់ពន្ធ ២៥ ភាគរយ លើទំនិញនាំចូលពីកាណាដា បន្ទាប់ពីលោកឡើងកាន់អំណាច។ កាណាដា ដែលប្រកាន់ជំហរចរចាផងដែរនេះ ក៏បានដាក់ពន្ធលើទំនិញអាមេរិកដូចគ្នា ដើម្បីជាការសងសឹក។ ខណៈឥឡូវពន្ធអត្រាខ្ពស់នេះត្រូវបានពន្យារពេលអនុវត្ត ភាពតានតឹងពាណិជ្ជកម្មនៅតែបន្តកើតមាន ខណៈការចរចាកំពុងដំណើរការ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
សន្តិសុខសង្គម១៥ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់