ព័ត៌មានជាតិ
ក្រសួងការងារ និងអង្គការជួយកម្ពុជា ចុះកិច្ចព្រមព្រៀងស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបដិសណ្ឋារកិច្ច
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការជួយកម្ពុជា (Agir pour le CAMBODGE) នារសៀលថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងស្ដីពី សាលាសណ្ឋាគារ សាលាបាយ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបដិសណ្ឋារកិច្ច ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដោយឥតគិតថ្លៃ ដល់យុវជន/យុវនារីកម្ពុជា ដែលមានជីវភាពខ្វះខាត។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ រៀបចំឡើងនៅទីស្ដីការក្រសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Jérôme l’Hour នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការជួយកម្ពុជា (Agir pour le CAMBODGE) ក្នុងគោលដៅរៀបចំឯកសារបណ្តុះបណ្តាល និងកម្មវិធីសិក្សាផ្លូវការទៅលើវិស័យបដិសណ្ឋារកិច្ចក្នុងប្រទេសកម្ពុជា ដោយសហការជាមួយនឹងស្ថាប័នជាតិនានា ព្រមទាំងបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងអង្គការ និងពង្រឹងការកសាងសមត្ថភាពដល់បុគ្គលិក។

លោករដ្ឋមន្រ្តី ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះគម្រោង សាលាសណ្ឋាគារ សាលាបាយ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបដិសណ្ឋារកិច្ច ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកពង្រឹងគុណភាព ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាក់ទងនឹងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅក្នុងប្រទេសកម្ពុជា។

ក្នុងន័យនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា «តាមរយៈកិច្ចព្រមព្រៀងនេះ ខ្ញុំគិតថា យើងមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីចែករំលែកចំណេះដឹង បទពិសោធនានាទាក់ទងនឹងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច។ ខ្ញុំសង្ឃឹមថា កិច្ចព្រមព្រៀងរបស់យើងអាចនឹងជួយពង្រឹងសមត្ថភាពជនបង្គោល និងគ្រូបង្ហាត់បង្រៀនជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ច ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ននេះ»។

លោក Jérôme l’Hour នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការជួយកម្ពុជា (Agir pour le CAMBODGE) បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ហើយប្ដេជ្ញាបង្កើនកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីចែករំលែកចំណេះដឹងទៅតាមស្ដង់ដាអន្តរជាតិសម្រាប់យុវជនកម្ពុជា។

លោកបានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយសម្របសម្រួលគម្រោងស្ដីពី សាលាសណ្ឋាគារ សាលាបាយ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បដិសណ្ឋារកិច្ចឱ្យដំណើរការរលូន ដើម្បីរួមចំណែកក្នុងការបណ្ដុះបណ្ដាលជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ចសម្រាប់បម្រើឱ្យវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា៕





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


