Connect with us

ព័ត៌មានជាតិ

ចុងឆ្នាំនេះ ក្រុមហ៊ុន​អាកាសចរណ៍ ៤ ទៀត ភ្ជាប់​ការ​ហោះហើរ​មក​អាកាសយានដ្ឋាន​សៀមរាប​អង្គរ

បានផុស

នៅ

បើ​តាម​ប្រភព​ពី​មន្រ្តី​បម្រើ​ការ​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បាន​បញ្ជាក់​ដល់​កម្ពុជា​ថ្មី​ថា នៅ​ចុង​ឆ្នាំ ២០២៥ នេះ នឹង​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៤ ទៀត នឹង​តភ្ជាប់​ជើង​ហោះហើរ​មក​អាកាសយានដ្ឋាន​សៀមរាប​អង្គរ។

លោក ពេជ្រ សុប៉ុនតារា មន្រ្តី​ទទួលបន្ទុកអភិវឌ្ឍន៍​ការហោះហើរ នៃអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ​បាន​​ឲ្យ​ដឹង​ថា អាកាសយានដ្ឋាន​សៀមរាប​អង្គរ​នឹង​ទទួល​បាន​ជើង​ហោះហើរ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ចំនួន ៤ ទៀត ដែល​គ្រោង​តភ្ជាប់​មក​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ក្នុង​ខេត្ត​សៀមរាប​នៅ​ចុង​ឆ្នាំ​ ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​ថ្មី​បន្តបន្ទាប់​ដែល​នឹង​ភ្ជាប់​ប្រតិបត្តិការ​​ហោះហើរ​មក​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​មាន ក្រុមហ៊ុន Qatar Airways មកពី​ដូហា ក្រុមហ៊ុន IndiGo មកពីឥណ្ឌា ក្រុមហ៊ុន Eastarjet មកពី​សេអ៊ូល ប្រទេស​កូរ៉េ និង​ក្រុមហ៊ុន​អាកាសចរណ៍ Firefly មកពីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

លោក ពេជ្រ សុប៉ុនតារា បាន​បន្ត​​ថា ក្រុមហ៊ុន Emirate ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់​ពិភពលោក​មាន​មូលដ្ឋាន​​នៅ​ទីក្រុង​ឌុយបៃ ក៏​ទើបបើក​ការ​តភ្ជាប់​​ជើង​ហោះហើរ​ជា​ប្រវត្តិសាស្ត្រ​មក​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​កាល​ពី​ខែ​មិថុនា​នេះ។

បើ​តាម​ប្រភព​ពី​មន្រ្តី​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរបាន​ឲ្យដឹង​ថា ​ថ្មីៗនេះមាន​សន្ទុះ​កើន​ឡើង​ការ​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ពី​ខេត្ត​សៀមរាប​ទៅ​ទីក្រុង​បាងកក និង​ពី​ទីក្រុង​បាងកក​មក​ខេត្ត​សៀមរាប​ ក្រោយ​មាន​ការ​​បិទ​ខ្ទប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

ស្រប​ពេល​គ្នា​នេះ​ដែរ ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ ក៏​កំពុង​ពង្រីក​តភ្ជាប់​ជើង​ហោះហើរ​ទៅ​កាន់​គោលដៅ​ថ្មីៗ​ដែល​នឹង​រុញ​កំណើន​​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​មក​ខេត្ត​សៀមរាប​កាន់​តែ​កើន​ឡើង​ថែម​ទៀត។

​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​បង្ហាញ​ថា ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៥ ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​កើន​ឡើង​ប្រមាណ ៨% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៤។

ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្សាន្ត​ខេត្ត​សៀមរាប​មាន​ចំនួន ៥៦៧ ៦៧៣ នាក់ កើន​ឡើង ៨.៧៦% ខណៈ​​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ក៏​មាន​កំណើន​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម