ព័ត៌មានជាតិ
សម្ដេចធិបតីអំពាវនាវឱ្យគ្រប់ភាគីចូលរួមប្រយុទ្ធប្រឆាំងអំពើរំលោភបំពានលើកុមារ
ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល និងគ្រប់ភាគីពាក់ព័ន្ធបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពនៅកម្ពុជា ពិសេសការរំលោភបំពានលើកុមារ។

លើកឡើងនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើរំលោភបំពានគ្រប់រូបភាព ហើយសំដៅធ្វើយ៉ាងណាលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងកុមារ ដែលជាជនងាយរងគ្រោះបំផុត។

សម្តេចធិបតី ក៏បានអះអាងពីបញ្ហាប្រឈមមួយចំនួន ដែលកុមារកម្ពុជានៅតែជួបប្រទះ ដូចជាអំពើហិង្សា ការកេងប្រវ័ញ្ច ការជួញដូរ ការប្រើប្រាស់សារធាតុញៀន កុមាររងផលប៉ះពាល់ដោយសារការធ្វើចំណាកស្រុក កុមារបោះបង់ការសិក្សា ជាដើម។ នៅចំពោះមុខបញ្ហាទាំងនេះ សម្តេច បានបញ្ជាក់ពីការទាមទារឱ្យក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ អង្គការសង្គមស៊ីវិល វិស័យឯកជន សហគមន៍ ព្រមទាំងអាណាព្យាបាល រួមគ្នាដោះស្រាយឱ្យបានទាន់ពេល និងចំគោលដៅ។
បើតាមសម្តេចនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិជាច្រើន ដើម្បីគាំពារ និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ពិសេសការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដែលកំពុងដើរតួនាទីជាយន្តការសម្របសម្រួលនិងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែករបស់កុមារ។

ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរំលោភបំពាន ពិសេសទាក់ទងនឹងអំពើហិង្សាលើកុមារ រាជរដ្ឋាភិបាលកម្ពុជា ក៏ទើបបានអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ ២០២៥-២០៣០ ដោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ផងដែរ។
សេចក្តីព្រាងផែនការសកម្មភាពជាតិនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ច ការពារកុមារ តាមរយៈការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារគ្រប់រូបភាពឱ្យទាន់ពេលវេលា និងមានប្រសិទ្ធផល ព្រមទាំងបង្កើនការអន្តរាគមន៍លើកុមារ ដែលមានលក្ខណៈប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព ធានាបានថា កុមារកម្ពុជារស់នៅប្រកបដោយភាពកក់ក្តៅ និងស្នាមញញឹម៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


