Connect with us

ព័ត៌មានជាតិ

​កម្ពស់ទឹកទន្លេមេគង្គ​ខេត្ត​ក្រចេះ​ពី​ ២០-២១ ម៉ែត្រ នាំ​ទឹក​ចូល​អាង ដើម្បីរក្សាទឹកទុកធ្វើស្រែប្រាំង

បានផុស

នៅ

ទឹកជំនន់នៅខេត្តក្រចេះមាន ២ គឺជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង។ បច្ចុប្បន្ន ខេត្តក្រចេះកំពុងជួបប្រទះនូវជំនន់ទឹក​ទន្លេមេគង្គ ប៉ុន្តែនៅពុំទានធ្ងន់ធ្ងរនៅឡើយទេ។ នេះបើ​តាមការឱ្យដឹងពីលោក ហេង រតន្ន័ម៉ូន្នីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ។

លោកប្រធានមន្ទីរធនធានទឹកខេត្តបានបន្តថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ កម្ពស់ទឹកទន្លេមេគង្គ ២០.៧៤ម៉ែត្រ បើធៀបនឹងថ្ងៃខែដូចគ្នាឆ្នាំ២០២៤ កម្ពស់ទឹក ១៨.៧០ ម៉ែត្រ ឃើញថា ឆ្នាំនេះទឹកខ្ពស់ជាងឆ្នាំមុន ២.០៤ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់ថា កម្ពស់ទឹក ២០.៧០ ម៉ែត្រនេះ ជាកម្ពស់ទឹកមួយល្អសម្រាប់ខេត្តក្រចេះ ដែលនៅជាប់ដងទន្លេមេគង្គ ដោយសារខេត្តត្រូវការទឹកចូលអាង ដើម្បីរក្សាស្តុបទឹកទុកធ្វើស្រែប្រាំងស្រែប្រដេញទឹក។

ពាក់ព័ន្ធនឹងការលិចលង់ស្រូវរបស់កសិករ​ លោកប្រធានមន្ទីរធនធានទឹកខេត្ត​បានឆ្លើយតប​ថា ដោយសារ​ប្រជាពលរដ្ឋធ្វើជាលើកទី ៣ ដូច្នេះស្រូវលើកទី៣ និងដំណាំនៅបាតអាង គឺប្រមូលផលអត់ទាន់ទេ ហើយអាជ្ញាធរដែនដីក៏បានផ្សព្វផ្សាយ​​ណែនាំជូនប្រជាពលរដ្ឋហើយដែរ ធ្វើស្រែបានតែ ២ ដង ប៉ុណ្ណោះ ក្នុង១ឆ្នាំ។ ប៉ុន្តែទោះជាយ៉ាងណាអត់មានបញ្ហាអ្វីចោទទេ ដោយសារប្រជាពលរដ្ឋបានប្រមូលផល ទោះបីជាស្រូវសើមក៏មានឈ្មួញចាំទិញផងដែរ។

តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងការសង្កេតផ្ទាល់នៅមូលដ្ឋាន កម្ពស់ទឹកទន្លេមេគង្គឆ្នាំ២០២៥ គឺប្រហាក់ប្រហែលនឹងឆ្នាំ២០២៤ ព្រោះឆ្នាំ២០២៤ អតិបរមា ២១.៦៤ ម៉ែត្រ នៅថ្ងៃទី២៥ ខែកញ្ញា។ ឥឡូវនេះកម្ពស់ទឹកទើបតែ ២០.៧៤ម៉ែត្រ នៅសល់ប្រហែលជា ១ ម៉ែត្រទៀត សម្រាប់ខេត្តក្រចេះ កម្ពស់ទឹក ២០ ទៅ ២១ម៉ែត្រ គឺកម្ពស់ទឹកល្អ ប៉ុន្តែ​ចាប់ពី ២២ ទៅ ២៣ម៉ែត្រ គឺជាកម្ពស់ទឹកប្រកាសអាសន្ន៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម