Connect with us

សេចក្ដីជូនដំណឹង

វីតាល់ ផ្ដួច​ផ្ដើម​រៀប​ចំ​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្តជាមួយសហគមន៍គោករកា និង​ប្រគល់​រថយន្តក្រុងមួយគ្រឿងជូន មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

បានផុស

នៅ

ភ្នំពេញ ៖ វីតាល់ ជាបុត្រសម្ព័ន្ធក្រុមហ៊ុន វ័ន ម៉រ លីមីតធីត រៀបចំផ្ដួចផ្ដើមកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ក្រុមគ្រួសារវ័នម៉រលីមីតធីត-សហគមន៍គោករកា និងកម្មវិធីប្រគល់រថយន្តក្រុងមួយគ្រឿងជូន មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានប្រព្រឹត្តទៅនៅក្នុងបរិវេនរោងចក្រមីជាតិ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ទទួលបានការចូលរួមពីមន្ត្រីមូលដ្ឋាន គណៈគ្រប់គ្រងក្រុមហ៊ុន បុគ្គលិកគ្រប់ជាន់ថ្នាក់ សាស្ត្រាចារ្យ សិស្ស-និស្សិតនៃវិទ្យាស្ថានពហុបច្ចេកវិទ្យា ប្រជាពលរដ្ឋក្នុងតំបន់ និងប្រមូលបានអំណោយឈាមប្រមាណ ៦៩៨ សាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះទទួលបានការចូលរួមក្រោមអធិបតីភាពពីសំណាក់ ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាទីប្រឹក្សាជាន់ខ្ពស់របស់ ក្រុមហ៊ុន វ័ន ម៉រ លីមីតធីត, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ម៉រ លីមីតធីត, ឯកឧត្ដមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា, លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, ចៅសង្កាត់, មន្ត្រីមូលដ្ឋាន សាស្ត្រាចារ្យ គណៈគ្រប់គ្រងក្រុមហ៊ុន បុគ្គលិកគ្រប់ជាន់ថ្នាក់ សិស្ស-និស្សិតនៃវិទ្យាស្ថានពហុបច្ចេកវិទ្យា ប្រជាពលរដ្ឋ និងសប្បុរសជនក្នុងតំបន់យ៉ាងច្រើនកុះករ។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ លីមីតធីត បានមានប្រសាសន៍ថា ថ្ងៃនេះក្នុងនាម ក្រុមហ៊ុន វ័ន ម៉រ លីមីតធីត និងសហគមន៍គោករកា ពិតជាមានសេចក្ដីសោមនស្សរីករាយឥតឧបមា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវវត្តមាននៃការចូលរួមសហការយ៉ាងស្និទ្ធស្នាលក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ កម្មវិធីបរិច្ចាគឈាមត្រូវបានផ្ដួចផ្ដើមឡើងជាប្រចាំឆ្នាំ ក្នុងគោលបំណងចូលរួម និងបំផុសគំនិតបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ចេញពីបុគ្គលិកគ្រប់ជាន់ថ្នាក់ ដើម្បីបំពេញស្តុកឈាមសុវត្ថិភាព ជួយសង្គ្រោះជនរងគ្រោះនៅតាមមន្ទីរពេទ្យនានា ដែលគម្រោងនេះគឺភ្ជាប់ទៅនឹងសកម្មភាពជាប្រចាំរបស់ វីតាល់ និងមូលនិធិ២៥រៀល ដែលជានិច្ចកាល ចូលរួមឧបត្ថម្ភគាំទ្រដល់កិច្ចការងារបរិច្ចាគឈាម។ លោកជំទាវបានបន្តថា ការផ្ដល់ឈាមដោយស្ម័គ្រចិត្ត គឺពិតជាមានសារៈសំខាន់ជូនដល់ជនរងគ្រោះប្រកបដោយក្ដីសង្ឃឹម គឺមានតម្លៃពុំអាចកាត់ថ្លៃបាន ព្រោះឈាមពុំអាចផលិតឡើងបានតាមបណ្តារោងចក្រនោះទេ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវនាយិកាប្រតិបត្តិបានប្រគល់ជូនរថយន្តក្រុងមួយគ្រឿងជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សម្រាប់ជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ និងជាគុណប្រយោជន៍ដល់មន្ត្រីសុខាភិបាល ក្នុងការចុះយកអំណោយឈាមចល័តនៅគ្រប់ទីតាំងទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរថា វីតាល់ ជាបុត្រសម្ព័ន្ធក្រុមហ៊ុន វ័ន ម៉រ លីមីតធីត តែងតែចូលរួម និងបំផុសនូវសកម្មភាពសប្បុរសធម៌ និងការចូលរួមថ្មីៗលើសកម្មភាពសង្គម។ ជាក់ស្ដែងសកម្មភាពផ្ដល់ឈាមថ្ងៃនេះ អាចកើតឡើងមានបានក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់របស់ វីតាល់ផ្ទាល់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកកម្មក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់១ដប មកប្រើប្រាស់ជាមូលធនសម្រាប់ការងារសង្គម។ វីតាល់ នឹងបន្តរក្សានូវមូលដ្ឋាននៃការរៀបចំ និងឧបត្ថម្ភគាំទ្រដល់គ្រប់រូបភាពនៃសកម្មភាព និងយុទ្ធនាការនៃការបរិច្ចាគអំណោយឈាម ពីគ្រប់ស្ថាប័ន ដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមនៅតាមស្ថាប័នសុខាភិបាលនានា៕

«វីតាល់មោទនភាព ផលិតផលជាតិ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម