ព័ត៌មានអន្ដរជាតិ
ព្រោះមនុស្សស្លាប់ច្រើនពេក ហ្គាហ្សាកំពុងរងវិបត្តិខ្វះក្រណាត់រុំសាកសព
នៅពេលដែលវិបត្តិមនុស្សធម៌កាន់ធ្ងន់ធ្ងរខ្លាំងមែនទែននៅតំបន់ហ្គាហ្សាស្ទ្រីប ប្រជាជននៅទីនោះកំពុងប្រឈមមុខនឹងការពិតដ៏ឈឺចាប់នៃការបញ្ចុះសពមនុស្សជាទីស្រឡាញ់របស់ពួកគេ ដោយមិនមានក្រណាត់រុំសាកសពតាមបែបប្រពៃណីអ៊ីស្លាម។

ជាមួយនឹងចំនួនអ្នកស្លាប់ឥឡូវនេះលើសពី ៦០ ០០០នាក់ចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ការផ្គត់ផ្គង់ក្រណាត់ពណ៌សដែលត្រូវបានគេស្គាល់នៅក្នុងសាសនាអ៊ីស្លាមថា kafan បានជិតអស់ទៅហើយ។ ក្រណាត់រុំទាំងនេះ ដែលជានិមិត្តរូបនៃភាពបរិសុទ្ធ ការគោរព និងសមភាពក្នុងការស្លាប់ ប៉ុន្តែឥឡូវត្រូវបានជំនួសដោយភួយ ថង់ប្លាស្ទិក កម្រាលពូកមន្ទីរពេទ្យ និងសូម្បីតែវាំងននបង្អួច។
នៅមន្ទីរពេទ្យ Al Shifa នៃទីក្រុងហ្គាហ្សា បុគ្គលិកពេទ្យ និងក្រុមគ្រួសារសព ត្រូវបានបង្ខំឲ្យរុំអ្នកស្លាប់នៅក្នុងសម្ភារៈអ្វីក៏ដោយឲ្យតែមាន។ កាលពីថ្ងៃទី៣ខែសីហា មនុស្សយ៉ាងហោចណាស់ ១៣នាក់ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់យោធាអ៊ីស្រាអែលនៅជិតច្រកព្រំដែន Zikim ខណៈពេលដែលកំពុងរង់ចាំជំនួយមនុស្សធម៌។ សាកសពរបស់ពួកគេ ដូចជាអ្នកផ្សេងទៀតជាច្រើន ត្រូវបានរុំដោយពុំមានក្រណាត់សនោះឡើយ។
លោក Bilal Thari អាយុ ៤០ឆ្នាំដែលបានមកដល់មន្ទីរពេទ្យដើម្បីទទួលយកសាកសពរបស់សាច់ញាតិ បាននិយាយថា «យើងមិនចង់បានសង្រ្គាមទេ។ យើងគ្រាន់តែចង់បានសន្តិភាព និងការបញ្ចប់នៃការឈឺចាប់នេះ។ យើងគ្មានអ្វីនៅសេសសល់ក្នុងជីវិតនេះឡើយ»។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) រាយការណ៍អំពីអំពើហិង្សាដែលនៅតែបន្ត និងស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗ។ នៅថ្ងៃទី៤ខែសីហា ជនជាតិប៉ាឡេស្ទីន ៤០នាក់បានស្លាប់ ខ្លះពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ខ្លះទៀតពីការអត់ឃ្លាន និងខ្លះទៀតកំពុងព្យាយាមទៅដល់មជ្ឈមណ្ឌលចែកចាយអាហារ។

ចាប់តាំងពីខែឧសភាមក មនុស្សជាង ១ ០០០នាក់ត្រូវបានគេរាយការណ៍ថាបាត់បង់ជីវិតនៅក្បែរក្បួនរថយន្តជំនួយមនុស្សធម៌ ដែលភាគច្រើនដោយសារតែការបាញ់កាំភ្លើង។ ខណៈពេលដែលអាជ្ញាធរសុខាភិបាលក្នុងតំបន់បន្ទោសយោធាអ៊ីស្រាអែល មូលនិធិមនុស្សធម៌ហ្គាហ្សាដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល (GHF) បានបដិសេធថា ប្រតិបត្តិការរបស់ខ្លួនមិនត្រូវបានកំណត់គោលដៅអ្វីទេ ដោយអះអាងថា មិនមានឧបទ្ទវហេតុណាមួយកើតឡើងនៅជិតចំណុចចែកចាយជំនួយរបស់ខ្លួនឡើយ។
វិបត្តិជំនួយនៅតែធ្ងន់ធ្ងរ។ ទីភ្នាក់ងារជំនួយរបស់អ៊ីស្រាអ៊ែល COGAT និយាយថា ខ្លួនបានបើកឲ្យរថយន្តជំនួយជាង ១ ២០០គ្រឿងចូលហ្គាហ្សាកាលពីសប្តាហ៍មុន ប៉ុន្តែអង្គការសហប្រជាជាតិនិយាយថា មានតែរថយន្តដឹកទំនិញប្រហែល ៦០០គ្រឿងប៉ុណ្ណោះដែលបានចូលទៅក្នុងហ្គាហ្សា។
យោងតាមអង្គការសហប្រជាជាតិ ហ្គាហ្សាត្រូវការរថយន្តជំនួយចំនួន ៦០០គ្រឿងក្នុងមួយថ្ងៃៗ ដើម្បីបំពេញតម្រូវការមនុស្សធម៌អប្បបរមា ខណៈប្រជាជនប៉ាឡេស្ទីនរាប់សែននាក់កំពុងស្ថិតក្នុងភាពអស់សង្ឃឹម ដោយគ្មានអាហារគ្រប់គ្រាន់ ថ្នាំពេទ្យ ទឹកស្អាត ឬសូម្បីតែសេចក្តីថ្លៃថ្នូរនៃពិធីបញ្ចុះសពដ៏ត្រឹមត្រូវមួយ៕

ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


