Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិងើបឡើងវិញបន្តិច ក្រោយ​ធ្លាក់ចុះ​ប៉ុន្មានថ្ងៃជាប់ៗគ្នា

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ងើប​ឡើងវិញបន្តិច ក្រោយ​ធ្លាក់ចុះប៉ុន្មានថ្ងៃជាប់ៗគ្នា ដោយ​វិនិយោគិន​កំពុង​រងចាំមើលជំនួប​រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីលោក វ៉្លាឌីមៀរ ពូទីន ពាក់ព័ន្ធនឹង​ការបញ្ចប់សង្រ្គាម​នៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត​ម៉ាក Brent បានកើនឡើង ២៨​ សេន ឬ ០,៤៨ ភាគរយ ដោយ​ជួញដូឬ​នៅតម្លៃ ៦៥,៩១ ដុល្លារ/បារ៉ែល លើទីផ្សារអាស៊ីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈ​តម្លៃប្រេងឆៅនាពេល​អនាគតរបស់អាមេរិក ម៉ាក​ West Texas Intermediate (WTI) បានកើនឡើង ២៣ សេន ឬ ០,៣៧ ភាគរយ ដោយ​ជួញដូរនៅតម្លៃ ៦២,៨៩ ដុល្លារ/បារ៉ែល។ ​

តម្លៃប្រេងទាំង២​ បាន​ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល​ ២ ខែ​ សម្រាប់ការជួញដូរកាលពីថ្ងៃពុធ ក្រោយ​​រដ្ឋាភិបាលសហរដ្ឋអាមេរិក និងទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ព្យាករពីកំណើននៃការផ្គត់ផ្គង់ ខណៈតម្រូវការខ្សោយក្រោម​បរិបទមិនអំណោយផលនៃសេដ្ឋកិច្ចដោយសារតែពន្ធគយ និង​ជម្លោះភូមិសាស្រ្តនយោបាយ។

អ្នកជំនាញលើកឡើងថា កំណើនតម្លៃនៅថ្ងៃព្រហស្បតិ៍ គឺដោយសារតែភាព​ស្រពិចស្រពិលនៃផ្លែផ្កាចេញពីជំនួបត្រាំ-ពូទីន។ កន្លងមក​ លោក ត្រាំ បាន​ដាក់សម្ពាធឱ្យ​រុស្ស៊ីបញ្ចប់សង្រ្គាម​នៅអ៊ុយក្រែន បើមិនដូច្នោះទេ នឹង​រងទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមធ្ងន់ធ្ងរ។ ប្រសិន​បើការចរចាសម្រេច​ នោះទណ្ឌកម្មលើប្រេងរុស្ស៊ីមួយចំនួន​អាច​នឹង​ត្រូវបាន​ដក ហើយអាច​ឱ្យ​តម្លៃប្រេងធ្លាក់ចុះ ដោយ​ការផ្គត់ផ្គង់កើនឡើង។ ប៉ុន្តែឥឡូវនេះ ការចរចាសន្តិភាព​នៅស្រពិចស្រពិល ខណៈគ្មាន​វត្តមាន​អ៊ុយក្រែនក្នុងជំនួប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម