Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេស​ថា ​ថៃ​ដឹង​ហើយថា​ជាចំការ​មីន​តែនៅ​តែចង់​ទៅ​ជាន់

បានផុស

នៅ

ក្រសួងការបរទេស​កម្ពុជា​បានឱ្យ​ដឹង​ថា​ទឹក​ដី​ដែល​ទាហាន​ថៃ​ចូល​មក​ជាន់​មីន​គឺ​ជាទឹក​ដី​របស់​កម្ពុជា ដែល​ថៃ​ខ្លួន​ឯង​ក៏​ដឹង​ដែរ​ថាជាតំបន់​គ្រោះ​ថ្នាក់។ ក្រសួង​បញ្ជាក់ថា៖ «វា​ជា​ការ​ពិត​ដែល​តំបន់​ទាំង​នោះ​ត្រូវ​បាន​ចុះ​បញ្ជី​យូរណាស់​មក​ហើយ​ ដោយ​ភ្នាក់​ងារ​ដោះ​មីន​ជាតិ ក៏ដូចជា​អន្តរជាតិ​ថា​ជា​ចំការ​មីន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដី​ប្រកាសព័ត៌មាន​ចុះ​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ២០២៥ ក្រសួង​ការបរទេស​បញ្ជាក់​ថា​ចំការ​មីន​ដែល​ទាហាន​ថៃ​ចូល​ទៅ​ជាន់​នោះ​ត្រូវ​បាន​ចុះ​បញ្ជី​ដោយ​អន្តរជាតិ​ថា​ជា​ចំការ​មីន​ដល់​សល់​តាំង​ជម្លោះផ្ទៃ​ក្នុង​កម្ពុជា​ទស្សវត្ស​ឆ្នាំ​១៩៧០ និង​១៩៨០​មកម្លេះ។ បន្ថែម​លើ​នេះ​ក្រសួង​បាន​បញ្ជាក់​ថាទឹក​ដី​ដែល​ទាហាន​ថៃ​ជាន់​មីន​នោះ​គឺ​ជា «ទឹកដី​កម្ពុជា» ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិតាម​អនុសញ្ញា​បារាំង-សៀមឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧។

ក្នុង​សេចក្ដីប្រកាសនោះ​បញ្ជាក់ថា៖ «ដោយ​មិន​គិត​ពី​សិទ្ធិអធិបតេយ្យ​របស់​កម្ពុជា​នៅ​លើ​ទី​តាំង​កើត​ហេតុ​ជាក់​លាក់ ឧប្បត្តិហេតុ​ផ្ទុះ​មីន​នេះ​ពិ​ត​ជា​មិន​អាច​កើត​ឡើង​បាន​ឡើង​ប្រសិន​យោធា​ថៃ​មិន​ចល័តកម្លាំង​ និង​ធ្វើ​ប្រតិបត្តិការ​ក្នុង​តំបន់​ដែល​មាន​ការ​ដឹង​ឮថា​ជា​តំបន់​មាន​មីន​ដោយ​បំពាន​លើ​កំណត់​ហេតុ​កិច្ចព្រមព្រៀង នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅកាលពីថ្ងៃទី​៧ ខែ​សីហា ឆ្នាំ២០២០៥ ដែល​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​ធ្វើ​ចលនាកម្លាំង​ ឬ​ដើល្បាត​ចេញហួស​ពី​ទីតាំង​បច្ចុប្បន្ន​របស់​ខ្លួន»។

ការ​បញ្ជាក់​របស់​ក្រសួងការបរទេ​សកម្ពុជា​គឺ​បន្ទាប់​ពី​ទាហាន​ថៃ​បាន​ដើរ​ជាន់​មីន​ជាបន្តបន្ទាប់នៅ​តំបន់​ព្រំដែន​កម្ពុជា​-ថៃ​ក្រោយ​បទ​ឈប់​បាញ់​ ខណៈ​ដែល​ទាហាន​ថៃ​បាន​ចោទ​កម្ពុជា​ថា​បាន​ចូលដាក់​មីន​ក្នុង​ដី​របស់​ខ្លួន​។

អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ យល់​ថាការ​ជាន់​មីន​ជាបន្តបន្ទាប់​របស់​ទាហាន​ថៃថា​ជា​ល្បិច​ឈឺសាច់​ដើម្បី​ចោទ​ប្រកាន់​មក​កម្ពុជា​ថា​ជា​អ្នក​ល្មើស​បទ​ឈប់បាញ់​មុន​។

លោក​ថា៖ «នេះ​ជា​ការ​រៀបចំ​ដាក់​អន្ទាក់​មក​កម្ពុជា​! ដែល​កម្ពុជា​មិន​អាច​ចាញ់​អន្ទាក់​របស់​ថៃ​ទេ។ អ៊ីចឹង​កម្ពុជា​ដូច​យើង​ដឹង​ហើយ​ថា​ទឹក​ដី​កម្ពុជា​នៅ​ព្រំដែន​ជាមួយ​ថៃ​នេះ​អាច​មាន​មីន​ដែល​ជា​មីន​ចាស់​កម្ពុជា​គ្មាន​ពេល​ឯណា​ទៅ​ដាក់​មីន​ក្នុងពេល​អនុវត្តន៍​បទ​ឈប់​បាញ់​នេះ​ទេ»។

បណ្ឌិត យង់ ពៅ

លោកបណ្ឌិត​ យង់ ពៅ​ យល់​ថាថៃ​មិន​អាច​បញ្ឈប់​នូវ​អំពើ​ទុច្ចរិតឈ្លាន​ពាន​របស់​ខ្លួន​ទេ​ ហើយ​កម្ពុជាត្រូវ​ឆ្លើយ​តបនឹងល្បិចរបស់​ថៃ​នេះដោយ​​ត្រូវ​លើក​យក​ករណី​នេះ​ទៅ​បង្ហាញ​អង្គការ​សហប្រជាជាតិ អាស៊ាន និង​វេទិកាអន្តរជាតិ​តែ​ម្ដង​។

ក្រសួងការបរទេស​កម្ពុជា​អំពាវ​នាវ​ដល់​ម៉ាឡេស៊ីដែល​ជា​ប្រធាន​អាស៊ានព្រមទាំង​ភាគី​ឯទៀត​ដែល​បាន​សម្របសម្រួល​បទ​ឈប់​បាញ់ ជួយ​ពន្លឿនបង្កើត​យន្តការ​ត្រួត​ពិនិត្យ​ដ៏​រឹង​មាំ​ មិន​លំអៀង និង​ឯករាជ្យ ដើម្បី​ធានាបាន​នូវ​ការ​គោរព​ពេញ​លេញ​ចំពោះ​បទ​ឈប់បាញ់ ដែល​ព្រមព្រៀងគ្នា​រួច។ កម្ពុជា​មាន​ជំនឿលើ​តុលាការ​យុត្តិធម៌​អន្តរជាតិសម្រាប់​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ដែល​នៅសេសសល់ ហើយ​ថៃ​ក៏​គួរបង្ហាញការ​គោរព​ដល់​តុលាការ​នេះ​ដូច​គ្នា៕

អត្ដបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម