Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់ពីមូលហេតុឆ្នាំនេះប្រកាសលទ្ធផលប្រឡងបាក់ឌុបក្នុងថ្ងៃតែមួយ

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពីមូលហេតុដែលឆ្នាំនេះក្រសួងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅថ្ងៃតែមួយផ្ទុយពីរាល់ឆ្នាំក្រសួងប្រកាសពីរថ្ងៃគឺនៅរាជធានីភ្នំពេញនិងខេត្តកណ្តាល១ថ្ងៃ និង២៣ខេត្តទៀតនៅថ្ងៃបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួន វិច្ឆិកា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៦កញ្ញាថា ការដែលក្រសួងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅថ្ងៃតែមួយ ពោលគឺនៅថ្ងៃទី២០ខែកញ្ញាខាងមុខនេះ គឺក្នុងទិសដៅឱ្យប្អូនៗបេក្ខជននៅទូទាំងប្រទេសបានទទួលលទ្ធផលក្នុងពេលជាមួយគ្នាដោយមិនចាំបាច់រង់ចាំដូចរាល់ឆ្នាំ ដែលប្រកាសនៅភ្នំពេញនិងខេត្តកណ្តាលមុនបន្ទាប់មកនៅថ្ងៃបន្ទាប់ប្រកាសនៅខេត្ត២៣ផ្សេងទៀត។

នៅពេលសួរថា រាល់ឆ្នាំក្រសួងតែងឱ្យខាងមន្ទីរអប់រំរាជធានីខេត្តមកយកលទ្ធផលប្រឡងនៅភ្នំពេញតើនៅឆ្នាំនេះក្រសួងបន្តធ្វើដូចឆ្នាំមុន ឬក្រសួងបញ្ជួនលទ្ធលតាមអនឡាញត្រង់ចំណុចនេះ លោកស្រី បានបញ្ជាក់ថា ក្រសួងនឹងផ្សព្វផ្សាយលទ្ធផលបាក់ឌុបតាមអនឡាញ និងបិទផ្សាយតាមមណ្ឌលដូចរាល់ឆ្នាំមិនមានការប្រែប្រួលទេ។

លោកស្រី ឃួន វិច្ឆិកា បានបន្ថែមថា ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅមណ្ឌលកំណែចំនួន ១០ បានប្រព្រឹត្តិទៅតាមប្រក្រតី តាមផែនការគ្រោងទុកដោយគ្រោងបញ្ចប់នៅថ្ងៃទី៦ខែកញ្ញានេះបន្ទាប់ពីបានចាប់ផ្តើមដំណើរចាប់ពីថ្ងៃទី៣១សីហាឆ្នាំ២០២៥នៅតាមមណ្ឌលកំណែចំនួន១០នៅក្នុងរាជធានីភ្នំពេញ។

លោកស្រីបានបន្ថែមទៀតថា បន្ទាប់មកទៀតក្រសួងនឹងចាប់ផ្តើមដំណើរការ ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥និងដំណើរការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០កញ្ញាខាងមុខនេះ។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៥នេះមានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។ មណ្ឌលប្រឡងសរុប ២៤១មណ្ឌល ត្រូវជា ៥,៩២៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧២មណ្ឌល ត្រូវជា ១,៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គ ម ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩បន្ទប់និងគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានា នៅក្នុងដំណើរ ការសំណេរសរុប ៣១,២០៣នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម