Connect with us

សេដ្ឋកិច្ច

ឥណ្ឌា ជាទីផ្សារធំដ៏មានសក្តានុពលសម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីពីកម្ពុជា

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអះអាងថា ឥណ្ឌា គឺជាទីផ្សារ​ធំដ៏​មាន​សក្ដានុពល​សម្រាប់​ការ​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ពី​កម្ពុជា ជា​ពិសេស​ការ​នាំ​ចេញ​ដោយ​មាន​ភ្ជាប់​ការ​កែច្នៃ​ក្នុង​កម្រិត​ណាមួយ ព្រោះ​ភាគច្រើន​ក្នុង​ពេល​​កន្លងមក ឥណ្ឌា​នាំ​ចូល​គ្រាប់​ស្វាយចន្ទី​ពី​បណ្ដា​ប្រទេស​អាហ្វ្រិក​។

ពាក់ព័ន្ធ​ទីផ្សារ​ស្វាយចន្ទី​ទៅ​កាន់​ទីផ្សារ​ខាង​ក្រៅ លោក ឃឹម ហ្វីណង់ បាន​មាន​ប្រសាសន៍​ថា ភាគី​ឥណ្ឌា​ ចង់​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​នាំ​ចេញ​អង្ករ​ សត្វ​ក្របី ពី​ឥណ្ឌា​មក​កាន់​កម្ពុជា។ ដោយ​ឡែក​ពី​កម្ពុជា​ ក៏​បាន​និង​កំពុង​សិក្សា​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​នាំ​ចេញ​ស្វាយ​ចន្ទី ​អង្ករ ក៏​ដូច​ជា​ការ​នាំ​ចេញ​គ្រឿង​ទេស​ផ្សេង​ៗ ដូច​ជា ម្សៅ​រមៀត ជា​ដើមទៅកាន់ទីផ្សារឥណ្ឌាវិញដូចគ្នា។

លោក​ បានបញ្ជាក់ថា នេះ​សុទ្ធសឹងតែ​ជា​ឱកាស​សម្រាប់​កម្ពុជា​នៅ​ក្នុង​ការ​នាំ​ចេញ ប៉ុន្តែ​ក្នុង​​ចំណោម​ឱកាស​ពិនិត្យ​មើល​ទាំង​អស់​នេះ ឱកាស​ធំ​ជាង​គេ​ គឺ​ពាក់ព័ន្ធ​ទៅ​និង​ការ​នាំ​ចេញ​ស្វាយ​ចន្ទី ដោយសារ​ ឥណ្ឌា​ជា​ប្រទេស​មួយ​ដែល​ផលិត​ស្វាយ​ចន្ទី​ច្រើន​ជាង​គេ​មួយ​នៅ​លើ​ពិភព​លោក ហើយឥណ្ឌា​ក៏​ជា​ប្រទេសមួយដែលនាំ​ចូល​ស្វាយ​ចន្ទី​ធំ​ជាង​គេ​មួយ​នៅ​លើ​ពិភព​លោក​ដូច​គ្នា​ដែរ​។

ជាក់ស្តែង នា​ពេល​បច្ចុប្បន្ន​នេះ ឥណ្ឌា​ បាន​នាំ​ចូល​ស្វាយ​ចន្ទី​​ជា​ច្រើន​ពី​ប្រទេស​អាហ្វ្រិក ដូច្នេះនេះគឺ​ជា​លទ្ធភាព​ធំ​ណាស់​សម្រាប់​កម្ពុជា ដែល​កម្ពុជាយើង​មាន​ស្វាយ​ចន្ទី​ប្រហែល​ជា​ ១​ លាន​តោនឯណោះក្នុង​មួយ​ឆ្នាំ​។ ម្យ៉ាងវិញទៀត កន្លង​មក​ទីផ្សារ​កម្ពុជា​មាន​ច្រើន ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ច្រើន​ពី​ប្រទេស​ឥណ្ឌា​នោះ​ទេ ដោយ​សារ​តែ​ប្រទេស​ឥណ្ឌា​នាំ​ចូល​ច្រើន ដូច្នេះ​យើង​សង្ឃឹម​ថា ប្រសិន​បើ​ការ​ងារ​នេះ​អាច​ធ្វើ​ទៅ​បាន វា​នឹង​ផ្តល់ផលប្រយោជន៍ជាច្រើន​ទៅ​ដល់​ប្រជាកសិករ​ ជា​ពិសេស​ពលរដ្ឋដែលមានចម្ការ​ដាំ​ស្វាយ​ចន្ទី​​​។

អ្នក​នាំ​ពាក្យ​រូប​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា អ្វី​ដែល​កម្ពុជាធ្វើ​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ គឺ​កម្ពុជា​មិន​ទាន់​បាន​កែច្នៃ​ មុន​និង​ធ្វើការ​នាំចេញ​ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​មិន​ទទួល​បាន​នូវ​តម្លៃ​បន្ថែម​ច្រើន​នោះ​ទេ​។

«ទោះ​បី​ជា​យ៉ាង​ណា កន្លងមករាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​ជំរុញ​ការ​កែច្នៃ​ស្វាយចន្ទី​នេះ តាម​រយៈ​ការ​គ្រោង​ដាក់​ឱ្យ​មាន​សួន​កសិឧស្សាហកម្ម​កែច្នៃ​ស្វាយ​ចន្ទី​ ក្នុង​គោលដៅ​ធ្វើ​យ៉ាង​ណា​ជំរុញ​នូវ​ការ​កែច្នៃ​ មុន​និង​ធ្វើ​ការ​នាំ​ចេញ​ ព្រោះ​យើង​មាន​នូវ​ស្វាយ​ចន្ទី​រួច​ហើយ ទីផ្សារ​ក៏​យើង​មាន​រួច​ហើយ​ដែរ​ ទី​២ យើង​និង​ជំរុញ​ការ​ចងក្រង​ទៅ​ជា​សហគមន៍​កសិកម្ម​ទំនើប​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ធ្វើ​ផលិត​កម្ម​កសិកម្ម​តាម​កិច្ចសន្យា​អាច​ធ្វើ​ទៅ​បាន​ និង​អ្នក​ដែល​ធ្វើ​ការ​កែច្នៃ​អាច​សហការ​គ្នា​ ហើយអាច​ធ្វើ​ការ​កែច្នៃ​ប្រកប​ដោយ​ទំនុក​ចិត្ត​ខ្ពស់»​។ លោក ឃឹម ហ្វីណង់ បន្ថែមបែបនេះ។

យោងតាមក្រសួងពាណិជ្ជកម្ម នៅឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជាង ៧៥៣ លានដុល្លារ ពីការនាំ​ចេញ​គ្រាប់​ស្វាយចន្ទី​ប្រមាណ ៦០ ម៉ឺន​តោន កើនឡើង ៥៦,៦៧ ភាគរយ ធៀបនឹង​រយៈ​ពេលដូចគ្នា កាលពីឆ្នាំ ២០២៤។

នៅឆ្នាំ ២០២៤ កម្ពុជា​សម្រេច​​បានការ​ប្រមូលទិន្នផលគ្រាប់​ស្វាយ​ចន្ទី​ចំនួន ៨៥ ម៉ឺនតោន ក្នុង​នោះ​នាំចេញ​គ្រាប់ឆៅ​បាន​ចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើន​ឡើង ២១% គិត​ជា​ទឹក​ប្រាក់​​ ១ ពាន់ ១៥០ លាន​ដុល្លារ កើន ២៦,១៥%។ ក្នុងនោះ​នាំចេញ​ទៅវៀត​ណាមចំនួន ៧៩ ម៉ឺន ៥ ពាន់​តោន។ នេះបើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕

ដោយ​៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម