Connect with us

ព័ត៌មានជាតិ

ជប៉ុនប្ដេជ្ញាចូលរួមជួយកម្ពុជាក្នុងការពង្រឹងអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ

បានផុស

នៅ

រដ្ឋាភិបាលជប៉ុននៅតែប្ដេជ្ញាចិត្តចូលរួមជួយគាំទ្រដល់កម្ពុជាក្នុងការពង្រឹងអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានដែលឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានានៃជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងដោយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ក្នុងពេលអញ្ជើញពិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់គម្រោងការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងសិក្ខាសាលាដែលបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកឯកអគ្គរដ្ឋទូតជប៉ុន បានគូសបញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន​បាន​ប្តេជ្ញា​ចិត្ត​ជា​យូរ​មក​ហើយ​ក្នុង​ការ​គាំទ្រការអភិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជា។ សម្រាប់ការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ លោកឯកអគ្គរដ្ឋទូត ថា ជាគម្រោងមួយក្នុងចំណោមកកិច្ចខិតខំប្រឹងប្រែងដទៃទៀត ដែលរដ្ឋាភិបាលជប៉ុនបានយកចិត្តទុកដាក់ក្នុងការចូលរួមលើកកម្ពស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាវិស័យដ៏មានសារៈសំខាន់ក្នុងការសម្រេចបាននូវអភិបាលកិច្ចល្អ ហើយក៏ជាកិច្ចការងារអាទិភាពកំណត់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

គួរជម្រាបថា គម្រោងការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA Project) ដែលទទួលបានហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ត្រូវបានអនុវត្តដោយលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ចាប់ពីខែឧសភា ឆ្នាំ២០២៣ ហើយនឹងត្រូវបានបញ្ចប់ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ។

គម្រោងរយៈពេល៣ឆ្នាំមកនេះ បានចូលរួមចំណែកយ៉ាងធំធេងដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបង្កើនការចូលរួម និងការទទួលយោបល់ត្រលប់របស់ប្រជាពលរដ្ឋ ការបំពេញការងារ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រការអនុវត្តគោលនយោបាយនៅថ្នាក់ជាតិ ស្របទៅតាមគោលបំណង និងគោលដៅរបស់កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ថ្លែងក្នុងសិក្ខាសាលាខាងលើ លោក ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប លើកឡើងថា សមិទ្ធផលទាំងឡាយដែលទទួលបានពីគម្រោង STA បានផ្តល់ជាមូលដ្ឋានគន្លឹះសម្រាប់រួមចំណែកដល់ការតម្រង់ទិស និងពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ ឬហៅថា «កំណែ​ទម្រង់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ» លោក ចាន់ សុធា គូសបញ្ជាក់ថា គឺជា​កំណែ​ទម្រង់​អភិបាលកិច្ច​ ផ្តោតលើ​ការរៀបចំ​ឡើង​វិញ​នូវ​រចនាសម្ព័ន្ធ​ ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ស្រប​តាម​គោលការណ៍​​រដ្ឋបាល​ឯកភាព​ និង​គោលការណ៍​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ ​ព្រមទាំង​ផ្តោត​លើ​ការបែងចែក​មុខងារ​ឱ្យ​បាន​ច្បាស់លាស់​រវាង​ក្រសួង​ស្ថាប័ន​នៅ​ថ្នាក់​ជាតិ​ និង​រដ្ឋបាលនៅ​ថ្នាក់​ក្រោម​ជាតិ​ តាមរយៈ​ការផ្ទេរ​មុខងារ​ ធនធាន​ សិទ្ធិអំណាច​ និង​ការទទួល​ខុសត្រូវ​ទៅ​ឱ្យ​រដ្ឋបាលនៅ​ថ្នាក់​ក្រោម​ជាតិ​ ក្នុង​ការផ្តល់​សេវាសាធារណៈ​ និងការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម