ព័ត៌មានជាតិ
ជប៉ុនគាំទ្រចំពោះការផ្ដល់សច្ចាប័នលើ UNCLOS របស់កម្ពុជា ដើម្បីពង្រឹងអធិបតេយ្យជាតិលើដែនសមុទ្រ
ជប៉ុន តាមរយៈឯកអគ្គរាជទូតរបស់ខ្លួននៅភ្នំពេញ បង្ហាញការគាំទ្រដល់កម្ពុជាចំពោះការសម្រេចចិត្តផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដោយលោកឯកអគ្គរាជទូត បានបញ្ជាក់អំពីការត្រៀមរបស់ជប៉ុនដើម្បីធ្វើការជាមួយកម្ពុជា ក្នុងការថែរក្សា និងអភិវឌ្ឍសណ្តាប់ធ្នាប់ដែនសមុទ្រដោយសេរី។

ក្នុងសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងពីវឌ្ឍនភាពនៃនីតិវិធីរបស់កម្ពុជា ដើម្បីឆ្ពោះទៅរកការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានស្វាគមន៍នូវការអនុម័តរបស់សភាទាំងពីរថ្នាក់របស់កម្ពុជា ទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ កាលពីពេលថ្មីៗនេះ។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឬជាភាសាអង់គ្លេសហៅកាត់ថា UNCLOS ដែលមាន៣មាត្រា ហើយស្នើឡើងដោយរាជរដ្ឋាភិបាល ត្រូវបានអនុម័តដោយរដ្ឋសភាជាតិ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ហើយទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភា ដោយឥតកែប្រែ ក្នុងសម័យប្រជុំពេញអង្គជាវិសាមញ្ញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

«រដ្ឋាភិបាលជប៉ុន រួមទាំងស្ថានទូតជប៉ុនប្រចាំកម្ពុជាបានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញា UNCLOS»។ សេចក្ដីថ្លែងការណ៍របស់លោក អ៊ូអិណុ អាត់ស៊ូស៊ី ដែលសរសេរនៅលើទំព័រហ្វេសប៊ុកស្ថានទូតជប៉ុននៅកម្ពុជា។
តាមសេចក្ដីថ្លែងការណ៍ដដែលនោះ លោកឯកអគ្គរាជទូត បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា និងអភិវឌ្ឍសណ្តាប់ធ្នាប់សមុទ្រដោយសេរី និងបើកចំហ ផ្អែកលើច្បាប់អន្តរជាតិ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងអនុសញ្ញា UNCLOS ហើយនឹងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា។

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ជាឧបករណ៍គតិយុត្តអន្តរជាតិដ៏សំខាន់ និងមានលក្ខណៈសកលដែលកំណត់ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវាចរណ៍តាមផ្លូវសមុទ្រ ក៏ដូចជាសិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្អសមុទ្រ សេចក្តីណែនាំសម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិសមុទ្រ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជ្ញាធរបាតសមុទ្រអន្តរជាតិ ព្រមទាំងយន្តការដោះស្រាយវិវាទនីតិសមុទ្រ។
ថ្លែងការពារសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស ដែលជាតំណាងរដ្ឋាភិបាល លើកឡើងថា ការផ្ដល់សច្ចាប័នលើអនុសញ្ញានេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើនដល់កម្ពុជា ដោយលោកបានបង្ហាញពីអត្ថប្រយោជន៍ដំបូងគេគឺការទទួលបាននូវក្របខណ្ឌច្បាប់សមុទ្រមួយពេញលេញសម្រាប់កិច្ចការសមុទ្រ ក្នុងនាមកម្ពុជាជាប្រទេសជាប់សមុទ្រ។

បើតាមលោក ប្រាក់ សុខុន កម្ពុជានឹងអាចពង្រឹងអធិបតេយ្យជាតិខ្លួនលើដែនទឹកសមុទ្រ និងពង្រឹងសិទ្ធិលើអធិបតេយ្យធនធានធម្មជាតិសមុទ្រ ក៏ដូចជាការទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិ ដែលទាក់ទងទៅនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា ដូចជាការគ្រប់គ្រង និងការអភិរក្សបរិស្ថានសមុទ្រ ការធ្វើអាជីវកម្មលើធនធានសមុទ្រ និងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រជាដើម។ បន្ថែមពីនេះ តាមរយៈ UNCLOS ក៏នឹងពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ ដោយស្មើមុខស្មើសិទ្ធិ ក្នុងការគ្រប់គ្រងសមុទ្រ និងការដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានា និងសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


