Connect with us

ព័ត៌មានជាតិ

ទីប្រឹក្សាក្រសួងយុត្តិធម៌កម្ពុជាសញ្ជាតិជប៉ុន ដែលជួយវិស័យច្បាប់ និងយុត្តិធម៌ជាង៣០ឆ្នាំ ទទួលបានលិខិតសរសើរពីរដ្ឋមន្ត្រីការបរទេសជប៉ុន

បានផុស

នៅ

ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា បាន រៀបចំពិធីប្រគល់លិខិតសរសើរពីរដ្ឋមន្ត្រីការបរទេសជប៉ុន ជូនលោក សាកាណុ អ៊ីសសេ ទីប្រឹក្សាក្រសួងយុត្តិធម៌កម្ពុជា ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់លោក ក្នុងការជំរុញចំណងមិត្តភាពរវាងជប៉ុននិងកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី សម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះលោក Sakano Issei ទីប្រឹក្សាក្រសួងយុត្តិធម៌កម្ពុជា ដែលទទួលបានលិខិតសរសើររបស់រដ្ឋមន្ត្រីការបរទេសជប៉ុនឆ្នាំ ២០២៥។

ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី ឱ្យដឹងថា លោក Sakano បានធ្វើការងារជាច្រើន ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុននិងប្រទេសកម្ពុជា ក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដែលជាហេតុផលដែលលោកទទួលបានសិខិតសរសើររបស់រដ្ឋមន្ត្រីការបរទេសជប៉ុន។

បើតាមឯកអគ្គរាជទូតជប៉ុន បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យលោក សាកាណូ បានបង្កើតទំនាក់ទំនងជាមួយប្រទេសកម្ពុជា តាមរយៈការបម្រើការជាអ្នកស្ម័គ្រចិត្តសម្រាប់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា(អ៊ុនតាក់) និងជាបុគ្គលិកគម្រោង នៃអង្គការមិនមែនរដ្ឋាភិបាល(NGO)មួយនៅកម្ពុជា។នៅក្នុងខែធ្នូ ឆ្នាំ១៩៩៨ លោក Sakano បានមកប្រទេសកម្ពុជាក្នុងនាមជាអ្នកជំនាញ JICA រយៈពេលវែង ហើយលោកបានទទួលបន្ទុកក្នុងការបង្កើតគម្រោងអភិវឌ្ឍន៍វិស័យច្បាប់និងយុត្តិធម៌។ បន្ទាប់មក លោក សាកាណូ បានមកប្រទេសកម្ពុជាជាអ្នកជំនាញ JICA រយៈពេលវែង ម្តងទៀតនៅឆ្នាំ២០០៤ ហើយទទួលបន្ទុកក្នុងដំណាក់កាលទី២និងទី៣ នៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់និងយុត្តិធម៌។ លោក សាកាណូបានខិតខំប្រឹងប្រែងក្នុងការរៀបចំតាក់តែងច្បាប់ និងបទប្បញ្ញត្តិសំខាន់ៗនៅប្រទេសកម្ពុជារួមទាំងក្រមរដ្ឋប្បវេណី និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌រយៈពេលសរុបជាង១០ឆ្នាំ។

លោក សាកាណូ បានបម្រើការជាទីប្រឹក្សាក្រសួងយុត្តិធម៌កម្ពុជាចាប់តាំងពីឆ្នាំ២០១៨ ហើយបន្តចូលរួមយ៉ាងសកម្មក្នុងការធ្វើវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិដូចជាច្បាប់ភូមិបាលជាដើម។ លោក សាកាណូ ក៏បានចូលរួមចំណែកយ៉ាងច្រើន ដល់ការយោគយល់គ្នានិងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា តាមរយៈការធ្វើបាឋកថា នៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុនអំពីបទពិសោធន៍របស់លោកខក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យច្បាប់និងយុត្តិធម៌របស់ប្រទេសកម្ពុជានិងប្រព័ន្ធច្បាប់នៅកម្ពុជាផងដែរ។

ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី  វាយតម្លៃថា÷”ជោគជ័យជាច្រើនឆ្នាំរបស់លោកសាកាណូ នៅកម្ពុជា គឺជានិមិត្តរូបនៃការគាំទ្ររបស់ប្រទេសជប៉ុនចំពោះការកសាង ប្រទេសជាតិរបស់កម្ពុជាហើយលោកបានចូលរួមចំណែកមិនត្រឹមតែក្នុងវិស័យច្បាប់ និងយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីទាំងមូលផងដែរ។ ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីសម្តែងការគោរពដល់សមិទ្ធផលជាច្រើនឆ្នាំរបស់លោកសាកាណូ និងសូមជូនពរឱ្យលោកទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចថែមទៀត នាពេលអនាគត។ “។

ស្របពេលជំនួយរបស់ប្រទេសជប៉ុនចំពោះប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍប្រព័ន្ធច្បាប់បានបន្តអស់រយៈពេលជាង២៥ ឆ្នាំមកហើយ ហើយឯកអគ្គរាជទូតជប៉ុននៅកម្ពុជាយល់ថាជំនួយដ៏យូរអង្វែងនេះ អាចធ្វើទៅបានដោយសារកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោក Sakano និងភាគីពាក់ព័ន្ធទាំងអស់របស់ប្រទេសទាំងពីរ ដែលមានវត្តមាននៅទីនេះក្នុងថ្ងៃនេះ។

ឯកអគ្គរាជទូតជប៉ុន ដាក់ក្ដីសង្ឃឹមថា ÷”ការប្រគល់លិខិតសរសើររបស់រដ្ឋមន្ត្រីការបរទេសជប៉ុនដល់លោកSakano នេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកម្ពុជាកាន់តែស៊ីជម្រៅថែមទៀតនៅក្នុងវិស័យច្បាប់ និងយុត្តិធម៌និងនាំទៅរកការអភិវឌ្ឍបន្ថែមទៀតនៃប្រព័ន្ធច្បាប់ និងយុត្តិធម៌របស់ប្រទេសកម្ពុជា។”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម