Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីការទូតកំពូលរបស់កូរ៉េខាងជើង និងចិនជួបប្រជុំគ្នានៅទីក្រុងប៉េកាំង

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៩ខែកញ្ញា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង និងចិនជួបប្រជុំគ្នានៅទីក្រុងប៉េកាំង ដោយបានសន្យាពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងប្រឆាំងនឹងឯកតោភាគីនិយម ដែលជាសញ្ញានៃការរួបរួមប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក។

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើងលោកស្រី Choe Son Hui និងលោកWang Yi​ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​ក្នុង​ទីក្រុង​ប៉េកាំង​រវាង​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើងលោកស្រី Choe Son Hui និង​សមភាគី​ចិន​របស់​លោកWang Yi។ ជំនួបរបស់ពួកគេបានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោក Kim Jong Un និង Xi Jinping បានបើកកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេក្នុងរយៈពេលប្រាំមួយឆ្នាំ ដែលមេដឹកនាំទាំងពីរបានសន្យាកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង។

លោកស្រី Choe បានអះអាងសារជាថ្មីអំពីគោលជំហររបស់លោក គីម ជុងអ៊ុន ថា ការពង្រឹងទំនាក់ទំនងជាមួយចិន គឺជាគោលនយោបាយដ៏រឹងមាំរបស់កូរ៉េខាងជើង ខណៈពេលដែលលោក Wang បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការសម្របសម្រួលកាន់តែជិតស្និទ្ធនៅក្នុងកិច្ចការពិភពលោក និងតំបន់។ ភាគីទាំងពីរបានព្រមព្រៀងសហការគ្នាក្នុងវេទិកាពហុភាគី ដើម្បីទប់ទល់នឹងនយោបាយអំណាចរបស់សហរដ្ឋអាមេរិក និងលើកកម្ពស់អ្វីដែលពួកគេហៅថា សណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌។

(រូបភាព៖ KCNA)

គួរបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កូរ៉េខាងជើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី ភាគច្រើនតាមរយៈការបញ្ជូនអាវុធ និងទាហានទៅគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ប៉ុន្តែឥឡូវនេះ កូរ៉េខាងជើងហាក់ដូចជាដឹងថាខ្លួនក៏ត្រូវការចិនដែរ ព្រោះចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន និងជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេ។ ដូច្នេះ កូរ៉េ​ខាងជើង​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​មាន​តុល្យភាព​ឡើង​វិញ ដោយ​មិន​ពឹងផ្អែក​តែ​លើ​រុស្ស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ពង្រឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ចិន​ម្តងទៀត ដើម្បី​ឱ្យ​ប្រាកដ​ថា​ប្រទេស​នេះ​មាន​ការ​គាំទ្រ​ខ្លាំង​ពី​ភាគី​ទាំង​សងខាង។

ជាមួយគ្នានេះអ្នកជំនាញជឿថា ប្រទេសចិនចង់រក្សាឥទ្ធិពលដ៏ខ្លាំងរបស់ខ្លួនលើកូរ៉េខាងជើង បន្ទាប់ពីទំនាក់ទំនងរបស់ពួកគេកាន់តែជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឥឡូវនេះ មនុស្សជាច្រើនកំពុងសម្លឹងមើលថាតើមន្ត្រីកំពូលរបស់ចិនណាខ្លះនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនៅខែក្រោយសម្រាប់ខួបលើកទី ៨០ នៃគណបក្សពលករដែលកំពុងកាន់អំណាច។ កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងរៀបចំព្យុហយាត្រាយោធាដ៏ធំមួយ នៅក្នុងព្រឹត្តិការណ៍នេះ ដែលវាទំនងជានឹងបង្ហាញអាវុធថ្មី ដែលមានបំណងគំរាមកំហែងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន៕

(រូបភាព៖ Anadolu)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម