Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ដាក់ចេញផែនការសន្តិភាព២០ចំណុច បញ្ចប់សង្គ្រាម អ៊ីស្រាអែល នៅ​ហ្គាហ្សា

បានផុស

នៅ

កាលពីថ្ងៃចន្ទទី២៩ខែកញ្ញាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់ចេញនូវផែនការសន្តិភាព២០ចំណុចដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែលនៅហ្គាហ្សា ដែលសម្លាប់មនុស្សជាង ៦ ៦០០០នាក់។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Al Jazeera, ផែនការនេះត្រូវបាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ទទួលយករួចទៅហើយ នៅចាំតែខាងក្រុមហាម៉ាសប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាចំណុចទាំង២០ដែលមាននៅក្នុងផែនការរបស់លោក ត្រាំ៖

  1. តំបន់គ្មានភេរវកម្ម៖ ហ្គាហ្សា ត្រូវតែក្លាយជាតំបន់កាត់ផ្តាច់មនោគមន៍វិជ្ជារ៉ាឌីកាល់ គ្មានភេរវកម្ម ដែលមិនបង្កការគំរាមកំហែងដល់ប្រទេសជិតខាងឡើយ។
  2. ការអភិវឌ្ឍ៖ តំបន់ ហ្គាហ្សា នឹងត្រូវអភិវឌ្ឍឡើងវិញដើម្បីផលប្រយោជន៍ប្រជាជនខ្លួន បន្ទាប់ពីការខូចខាត និងទុក្ខវេទនាដ៏ធ្ងន់ធ្ងរ។
  3. ការបញ្ចប់សង្គ្រាមភ្លាមៗ៖ ប្រសិនបើភាគីទាំងពីរទទួលយកសំណើនេះ សង្គ្រាមនឹងបញ្ចប់ភ្លាមៗ។ អ៊ីស្រាអែលនឹងដកថយទៅកាន់ខ្សែបន្ទាត់ដែលបានព្រមព្រៀង ដើម្បីត្រៀមដោះលែងចំណាប់ខ្មាំង។ ប្រតិបត្តិការយោធាទាំងអស់ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ខណៈខ្សែបន្ទាត់ប្រយុទ្ធត្រូវរក្សាទុកដដែល រហូតដល់លក្ខខណ្ឌសម្រាប់ការដកទ័ពពេញលេញត្រូវបានបំពេញ។
  4. ការប្រគល់ចំណាប់ខ្មាំង៖ ក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពីអ៊ីស្រាអែលទទួលយកកិច្ចព្រមព្រៀងជាសាធារណៈ ចំណាប់ខ្មាំងទាំងអស់ (ទាំងរស់ឬស្លាប់) ត្រូវតែប្រគល់មកវិញ។
  5. ការដោះលែងអ្នកទោស៖ នៅពេលដែលចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង អ៊ីស្រាអែលនឹងដោះលែងអ្នកទោសជាប់គុកមួយជីវិតចំនួន២៥០នាក់ បូករួមទាំងពលរដ្ឋហ្គាហ្សា ១ ៧០០នាក់ ដែលត្រូវបានឃុំខ្លួនក្រោយថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣។
  6. ការរំសាយអាវុធ ក្រុមហាម៉ាស៖ ក្រុមហាម៉ាស ត្រូវតែរំសាយអាវុធ ហើយហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនដូចជាផ្លូវរូងក្រោមដី ឃ្លាំងអាវុធ ឬមជ្ឈមណ្ឌលបញ្ជាការ នឹងត្រូវរុះរើ និងបំផ្លាញចោល។
  7. ការមិនចូលរួមរដ្ឋបាល៖ ក្រុម ហាម៉ាស នឹងត្រូវដកចេញពីតួនាទីគ្រប់គ្រងរដ្ឋបាល។ អ្នកដែលប្រឆាំងអំពើហិង្សាអាចនឹងទទួលបានការលើកលែងទោស ដោយមានជម្រើសសម្រាប់ការចាកចេញទៅកាន់កន្លែងផ្សេងដោយសុវត្ថិភាព។
  8. រដ្ឋាភិបាលបណ្តោះអាសន្ន៖ រដ្ឋាភិបាលប៉ាឡេស្ទីនបណ្តោះអាសន្នដែលជា អ្នកបច្ចេកទេស នឹងគ្រប់គ្រងតំបន់ ហ្គាហ្សា ក្រោមការត្រួតពិនិត្យ។
  9. កងកម្លាំងស្ថិរភាពអន្តរជាតិ៖ «កងកម្លាំងស្ថិរភាពអន្តរជាតិ» (ឬកម្លាំងរក្សាសន្តិភាព) នឹងត្រូវជំនួសកងកម្លាំងអ៊ីស្រាអែលក្នុងការធានាសន្តិសុខនៅ ហ្គាហ្សា ក្រោយការដកទ័ព។
  10. ក្រុមប្រឹក្សាសន្តិភាព៖ មានសំណើបង្កើត «ក្រុមប្រឹក្សាសន្តិភាព» ដើម្បីត្រួតពិនិត្យដំណើរការអន្តរកាលនេះ ដោយលោក ត្រាំ នឹងធ្វើជាប្រធាន រួមជាមួយឥស្សរជននានា ដូចជាលោក តូនី ប្ល៊ែរ។
  11. ការមិនកាត់យកទឹកដី៖ ផ្អែកលើផែនការនេះ អ៊ីស្រាអែលនឹងមិនមានការកាត់យកតំបន់ហ្គាហ្សាឡើយ។ ក្រោមផែនការនេះក៏ ហាមឃាត់ ការកាត់បញ្ចូលតំបន់ West Bank ជាឧបសម្ព័ន្ធដោយអ៊ីស្រាអែលផងដែរ។
  12. ផ្លូវឆ្ពោះទៅកាន់ការបង្កើតរដ្ឋប៉ាឡេស្ទីន៖ ផែនការនេះបានបង្ហើបពី ផ្លូវទៅកាន់ការបង្កើតរដ្ឋប៉ាឡេស្ទីន នាពេលអនាគត ដែលអាស្រ័យលើកំណែទម្រង់នៅក្នុងអាជ្ញាធរប៉ាឡេស្ទីន (PA )។
  13. ការកសាងឡើងវិញ៖ មានផែនការកសាងនិងអភិវឌ្ឍន៍តំបន់ ហ្គាហ្សាឡើងវិញដ៏ធំសម្បើម ដែលផ្តល់មូលនិធិដោយដៃគូអារ៉ាប់និងអន្តរជាតិ ជាមួយនឹងតំបន់សេដ្ឋកិច្ចឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធ។
  14. ការត្រួតពិនិត្យជាអន្តរជាតិ៖ នឹងមានការបង្កើតការត្រួតពិនិត្យ និងឃ្លាំមើលជាអន្តរជាតិ (សម្រាប់សន្តិសុខ ការរំសាយអាវុធ សិទ្ធិមនុស្ស) ដោយតួអង្គអព្យាក្រឹត។
  15. ការដកទ័ពជាដំណាក់កាល៖ អ៊ីស្រាអែលនឹងធ្វើការដកទ័ពជាដំណាក់កាល ដើម្បីគ្រប់គ្រងសន្តិសុខនិងដំណើរការអន្តរកាល។
  16. ផ្លូវសុវត្ថិភាព៖ នឹងមានការផ្តល់ផ្លូវសុវត្ថិភាពសម្រាប់សមាជិក ក្រុមហាម៉ាស ដែលបានទម្លាក់អាវុធហើយជ្រើសរើសចាកចេញពីតំបន់ ហ្គាហ្សា។
  17. ការផ្សះផ្សា៖ ជំរុញកិច្ចសន្ទនារវាងសាសនានិងកម្មវិធីនានា ដើម្បីលើកកម្ពស់ការរួមរស់ សន្តិភាព អត់ឱន និងការផ្សះផ្សាគ្នា។
  18. កំណែទម្រង់ PA៖ នឹងមានការកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីន (PA) ពង្រឹងស្ថាប័ន អភិបាលកិច្ច និងនីតិរដ្ឋ។
  19. តួនាទីរដ្ឋអារ៉ាប់៖ ប្រទេសអារ៉ាប់នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិសុខ ផ្តល់មូលនិធិ និងអភិបាលកិច្ច ដើម្បីគាំទ្រស្ថិរភាពនៅតំបន់ ហ្គាហ្សា ផងដែរ។
  20. ការផ្តល់ជំនួយ៖ ការចូលចែកចាយនិងជំនួយនៅតំបន់ហ្គាហ្សា នឹងដំណើរការដោយគ្មានការជ្រៀតជ្រែកពីភាគីទាំងពីរ តាមរយៈអង្គការសហប្រជាជាតិ និងទីភ្នាក់ងាររបស់ខ្លួន និងអឌ្ឍចន្ទក្រហម បន្ថែមលើស្ថាប័នអន្តរជាតិផ្សេងទៀត ដែលមិនមានទំនាក់ទំនងជាមួយភាគីណាមួយឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ជនជាតិប៉ាឡេស្ទីន៦០នាក់ទៀតត្រូវបានសម្លាប់ ខណៈលោក ណេតាន់យ៉ាហ៊ូ ប្តេជ្ញា «បញ្ចប់ការងារ» នៅហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម