Connect with us

វប្បធម៌ ជំនឿ

បទយកការណ៍៖ ល្ខោនហ្លួងថ្មី ប្រើក្បាច់ថ្មីមិនធ្លាប់ឃើញ ទម្រង់រាំសតវត្សរ៍ទី១២

បានផុស

នៅ

ទស្សនីយភាពល្ខោនហ្លួង រឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” ជាស្នាដៃសិល្បៈខ្នាតធំ បន្តពី របាំក្បាច់បុរាណ “ព្រះនាងឥន្ទ្រទេវី និងជ័យរាជទេវី” ដែលមានការគាំទ្រ និងលើកសរសើរជាខ្លាំងពីមន្ត្រីជាន់ខ្ពស់ បញ្ញវន្ត និង​មហាជនគ្រប់ស្រទាប់។ ល្ខោនហ្លួង ឬល្ខោនព្រះរាជទ្រព្យ ឬបច្ចុប្បន្នហៅថា ល្ខោនក្បាច់បុរាណខ្មែរ នេះ មានតួរហូតជាង ១៥០រូប នឹងបង្ហាញខ្លួនជូនទស្សនិកជនទស្សនាកម្សាន្ត និងឈ្វេងយល់ពីវប្បធម៌ដល់កំពូលរបស់ខ្មែរនាសម័យចក្រភពអង្គរ ដែលគ្រោងសម្ដែងជាលើកដំបូង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីបានខកខានដោយសារវិបត្តិនៃជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូទទួលបន្ទុកបច្ចេកទេស នៃសាលាសិល្បៈ នរោត្តម បុប្ផាទេវី និងជាអ្នកដឹកនាំរឿង និងដឹកនាំសម្តែង ល្ខោនព្រះរាជទ្រព្យនេះ លោកស្រី ឱម យុវណ្ណឌី មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ដោយរួសរាយរាក់ទាក់ថា មូលហេតុនៃការសម្រេចដំឡើងល្ខោនព្រះរាជទ្រព្យរឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ត្រទេវី” គឺផុសចេញពីអារម្មណ៍ក្ដីស្រឡាញ់ និងការធ្លាប់លឺពីកិត្យានុភាព សក្ដានុពល ស្ដេចទាំង៣អង្គ គឺរួមទាំងព្រះនាងជ័យរាជទេវី ផងនោះ តាមសិលាចារិក និងឯកសារនានា ដែលធ្វើគួរជាទីភ្ញាក់ផ្អើល គោរព លើកតម្កើង និងផ្សព្វផ្សាយ។

លោកស្រី ឱម យុវណ្ណឌី មានប្រសាសន៍បន្តថា៖ “ដោយខ្ញុំជាអ្នកជំនាញឯកទេសទម្រង់របាំព្រះរាជទ្រព្យ ខ្ញុំក៏នឹកឃើញ​យកមកច្នៃប្រឌិត អភិវឌ្ឍក្បាច់ទាំងប៉ុន្មានមកប្រមូលផ្ដុំ ឱ្យកើតជារឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” នេះឡើង” ដោយខ្ញុំខឹតខំសម្អិតសម្អាង ក៏ដូចជាអភិវឌ្ឍទាំងក្បាច់រាំតាមជញ្ជាំងប្រាង្គប្រសាទ ទាំងបទចម្រៀងមរតកដើម ដែលកប់បាត់អស់រយៈពេលជិត ៥០ឆ្នាំ យកមកចងក្រងកើតជាទស្សនិយភាពរឿងប្រវត្តិសាស្ត្រក្នុងសម័យអង្គរ”។

គ្រូទទួលបន្ទុកបច្ចេកទេស នៃសាលាសិល្បៈ នរោត្តម បុប្ផាទេវី មានប្រសាសន៍ថា ល្ខោនក្បាច់នេះ មានក្បាច់រាំថ្មី អត់ជាន់នឹងក្បាច់មរតកដើមទេ។ ក្បាច់មរតកដើមមានលក្ខណៈល្អស្អាតគ្រប់គ្រាន់អស់ហើយ ហើយក្បាច់ដែលលោកស្រីបង្កើត និងអភិវឌ្ឍថ្មីនេះ គឺលោកស្រីមើល និងដកស្រង់ចេញពីជញ្ជាំងប្រាសាទអង្គរ។

លោកស្រី ​ឱម យុវណ្ណឌី មានប្រសាសន៍បន្តថា៖ “គំនិតខ្ញុំ ខ្ញុំចង់យកទម្រង់ក្បាច់រំជំនាន់សតវត្សទី១២ មកប្រើ ប៉ុន្តែក្បាច់រាំ ឬកាយវិកការលើជញ្ជាំងប្រាសាទ ជារូបចម្លាក់នៅស្ងៀម ខ្ញុំបានយកក្បាច់នោះមកបំបែកបង្កើតឱ្យមានចលនារាំរស់រវើក។ អ៊ីចឹងយើងនឹងឃើញមានភាពខុសប្លែក ថ្មី និងភាពល្អ សូម្បីតែក្បាច់លើកដៃលើកជើងរាំ ក៏ជាក្បាច់នៅសម័យអង្គរដែរ។ អ៊ីចឹង ខ្ញុំចង់ឱ្យក្បាច់រាំនៅសម័យអង្គររស់ឡើងវិញ រឿងក៏សម័យអង្គរ ក្បាច់ក៏សម័យអង្គរ”។

និងជាអ្នកដឹកនាំរឿង និងដឹកនាំសម្តែង ល្ខោនព្រះរាជទ្រព្យនេះ បញ្ជាក់ថា ក្បាច់រាំក្នុងល្ខោននេះ ជាក្បាច់រាំថ្មី ប្លែក តាំងពីចម្រៀង តាំងពីពាក្យពេចន៍ តាំងពីការតុបតែងខ្លួន និងសំលៀកបំពាក់។

លោកស្រី ឱម យុវណ្ណឌី មានប្រសាសន៍បន្ថែមថា៖ “ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានគាំទ្រតាមយើងខ្ញុំអ្នកឯកទេស​ក្បាច់បុរាណ ក្នុងការស្រាវជ្រាវលើកក្បាច់ថ្មីនេះដែរ ព្រោះក្បាច់ថ្មីអស់នេះ ដកស្រង់ចេញពី ក្បាច់ឆាកបញ្ចុះ ៤ ៥០០ ក្បាច់របស់ក្បួនខ្នាតតម្រានាដសាស្ត្រនៃរបាំព្រះរាជទ្រព្យ។ ក្បាច់ថ្មីមែន ប៉ុន្តែពណ៌សម្បុរ ភាសាក្បាច់ចេញមកមាននិយមន័យ តាមធម្មជាតិ ជាចរិតខ្មែរ ទម្រង់សម័យអង្គរ”។

ពិតណាស់ របាំព្រះរាជទ្រព្យ មានន័យថា របាំជាទ្រព្យប្រទានរបស់ព្រះរាជា រាជវង្សខ្មែរបង្កើត ជាទ្រព្យដ៏វិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ។ របាំព្រះរាជទ្រព្យ ជាស្នាព្រះហស្ដ ព្រះមហាក្សត្រីយានី “ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា” ច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្តម។ របាំព្រះរាជទ្រព្យ ជារបាំប្រចាំព្រះរាជាណាចក្រកម្ពុជា មានភាពល្បីល្បាញខាងប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ មានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ មើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា “ស្ដេចរបាំ”។

អ្នកអម្ចាស់ ស៊ីសុវត្ថិ តេស្សូ ជាព្រះប្រធានសាលា និង ក្រុមរបាំអង្គរសក្តិសិទ្ធ មានព្រះរាជបន្ទូលដល់ “កម្ពុជាថ្មី” ដោយរួសរាយរាក់ទាក់បានដឹងថា បន្ទាប់ពីការយាងសោយព្រះពិរាល័យនៃ សម្តេចព្រះរាជបុត្រី ព្រះរៀម ទេពនាដវដ្តីឯក នរោត្តម បុប្ផាទេវី ក្នុងឆ្នាំ ២០១៩ សមាគមវប្បធម៌កម្ពុជា ដែលទ្រង់បានបង្កើតឡើងជាច្រើនឆ្នាំកន្លងមក បានពង្រីកវិសាលភាពការងាររបស់ខ្លួននាពេលបច្ចុប្បន្ន និងប្តូរឈ្មោះមកជា សាលារបាំ នរោត្តម បុប្ផាទេវី ដោយមានព្រះនាមរបស់ទ្រង់ជាព្រះកិត្តិយស។ សាលារបាំ នរោត្តម បុប្ផាទេវី មានបេសកកម្មក្នុងការបង្កើតឱកាសដល់ប្រជាជនកម្ពុជាគ្រប់រូបបានរៀនរបាំបុរាណខ្មែរដោយមិនគិតថ្លៃ និងផ្តល់ការបណ្តុះបណ្តាលតាមតាមក្បួនខ្នាត និងគុណភាពសម្រាប់អ្នកដែលចង់ប្រកបអាជិពជាអ្នករបាំ។

អ្នកអម្ចាស់ ស៊ីសុវត្ថិ តេស្សូ មានព្រះរាជបន្ទូល បន្តថា៖ “ក្រោយពី សម្ដេចព្រះរាម បានសោយទិវង្គត ហើយគម្រោងព្រះរាជបុត្ររបស់ទ្រង់ ព្រមទាំងអ្នកគ្រូ យុវណ្ណឌីន អ្នកគ្រូ សាវ៉ៃ ចង់បន្តស្នាព្រហស្ត ពីព្រះអង្គ។ មុនសុគត សម្ដេចព្រះរាម បានរៀបចំរបាំព្រះរាជទ្រព្យក្បាច់ ១០០ ឆ្នាំមុន លោកបានស្រាវជ្រាវរហូត និងធ្វើអ្វីដែលថ្មី ឱ្យរបាំព្រះរាជទ្រព្យ មានសកម្មភាពរស់រវើក ដែលគោរពតាមទម្រង់ដើមរបស់ខ្មែរ”។

អ្នកអម្ចាស់ ស៊ីសុវត្ថិ តេស្សូ មានព្រះរាជបន្ទូល បន្តថា៖ “ប៉ុន្មានឆ្នាំមុន អ្នកគ្រូ យុវណ្ណឌី បានបង្កើត របាំ “ព្រះនាងឥន្ទ្រទេវី និងព្រះនាងជ័យរាជទេវី”។ ពេលខ្ញុំឃើញរបាំហ្នឹង ខ្ញុំពិភាក្សាជាមួយគាត់ថា គួរយករបាំហ្នឹងបង្កើតជាសាច់រឿង [ល្ខោន] វិញ កុំមានតែរបាំ ព្រោះសម្ដេចព្រះរាម លោកច្រើនតែបង្កើតជាសាច់រឿងវែង។ អ៊ីចឹង តាមគំរូ សម្ដេចព្រះរាម ធ្លាប់ធ្វើហ្នឹង អ្នកគ្រូ គាត់សរសេរបន្តពីរបាំទៅជារឿង។ យើងបានថែមតួអង្គ ព្រះបាទជ័យវរ្ម័នទី៧ ហើយយើងស្រាវជ្រាវប្រវត្តិសាស្ត្រជំនាន់ហ្នឹងឃើញ ព្រះអង្គ [ព្រះបាទជ័យវរ្ម័នទី៧] មានបញ្ហាសង្គ្រាមជាមួយប្រទេសចម្ប៉ា។ អ៊ីចឹង អ្នកគ្រូ យុវណ្ណឌី បានរៀបចំចម្រៀងបន្ថែម។ ល្ខោននេះជារឿងប្រវត្តិសាស្ត្រ ដែលយើងរៀបចំក្នុងទម្រង់ល្ខោនព្រះរាជទ្រព្យ ឬល្ខោនក្បាច់បុរាណ”។

គួរបញ្ជាក់ថា របាំសំដៅយកប្រធានបទជាគោល គឺគ្មានសាច់រឿង ដូចជា របាំអប្សរា របាំទេពមនោរម្យ របាំជូនពរជាដើម។ ចំណែកល្ខោន សំដៅយកសាច់រឿងជាគោល ដូចជាល្ខោនរឿង រាមកេរ្តិ៍ ល្ខោនរឿងព្រះវេស្សន្តរ ល្ខោនរឿងព្រះស័ង្ខជាដើម។

មកជួបតួអង្គ ព្រះបាទជ័យវរ្ម័នទី៧ កញ្ញា សាវ៉ាត ស្រីទ្បែន បានប្រាប់ “កម្ពុជាថ្មី” ដោយសម្ដីទន់ភ្លន់ថា កញ្ញាពិតជាមានអារម្មណ៍រំភើប ដែលបានសម្តែងជាតួអង្គដ៏ធំមួយស្ថិតក្នុងចំណោមស្តេចល្បីៗទាំងអស់ក្នុងប្រវត្តិសាស្រ្តខ្មែរ។ កញ្ញាយល់ឃើញថា ល្ខោនក្បាច់បុរាណរឿង “ព្រះបាទជ័យរវ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” នេះ ល្អខ្លាំង ពីព្រោះសាច់រឿងមានខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងការបណ្តុះចិត្តគំនិតកូនខ្មែរឱ្យយល់ដឹងពីតម្លៃរបស់ជាតិខ្មែរ ដោយនៅក្នុងរឿងនេះបានឆ្លុះបញ្ចាំងពីការស្លៀកពាក់តុបតែងខ្លួនមិនថាស្តេច ឬសិស្សានុសិស្ស ស្នាដៃក្នុងការបង្កើត និងការកសាងផ្សេងៗ របស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្រ្ទទេវី និងព្រះនាងជ័យរាជទេវី ដែលសុទ្ធសឹងតែជាវីរបុរស វីរនារីរបស់ខ្មែរ។

កញ្ញា សាវ៉ាត ស្រីឡែន បានលើកឡើងថា៖ “អ្វីដែលរឹតតែអស្ចារ្យទៅទៀតនោះ សាច់រឿងនេះគឺទាក់ទងនឹងប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ខ្មែរ ដែលបានបង្រៀន និងបង្ហាញឱ្យមនុស្សនាយុគសម័យថ្មី របស់ខ្មែរឱ្យចេះមានទឹកចិត្តស្នេហា ការពារ ថែរក្សា លះបង់ បូជាជីវិត ដើម្បីការពារជាតិមាតុភូមិ ដូចទ្រង់ទាំង៣អង្គដែរ”។

កញ្ញា ស្រីឡែន បង្ហាញឱ្យដឹងថា សម្រាប់ក្បាច់ដែលត្រូវបានដំឡើងថ្មីក្នុងរឿងនេះ គឺសុទ្ធតែជាក្បាច់ធ្ងន់ៗ អំណាច ហើយគ្រប់ក្បាច់ទាំងអស់គឺសុទ្ធតែសម្រិតសម្រាំងពីជញ្ជាំងប្រាសាទផ្ទាល់ដោយហ្មត់ចត់ និងតាមក្បួនខ្នាតត្រឹមត្រូវ។

ស្រីឡែន បញ្ជាក់បន្ថែមថា៖ “ក្នុងការហាត់តួអង្គនេះ សម្រាប់ខ្ញុំគឺមានការលំបាក ព្រោះក្បាច់ខ្លាំងៗ ហើយមានច្រើនក្បាច់ ដែលត្រូវការចងចាំច្រើន ទាំងក្បាច់ក្នុងចិត្ត និងការរាំសម្ដែងចេញតាមរយៈទឹកមុខ ក្បាល ដៃ ជើង ដងខ្លួន។ តែនាងខ្ញុំប្តេជ្ញាចិត្តថា ព្យាយាមហាត់ពត់លត់ដុំខ្លួនឱ្យរីកចម្រើនគ្រប់ក្បាច់ ដើម្បីឱ្យសាកសមទៅនឹងការលះបង់កម្លាំងកាយកម្លាំងចិត្តរបស់អ្នកគ្រូដែលគាត់ខិតខំបង្ហាត់ និងដើម្បីបំពេញតួនាទីជាប្រជាជនខ្មែរ និងកុំឱ្យរបាំបុរាណខ្មែរបាត់បង់”។

ចំណែកសម្ដែងតួអង្គ ព្រះនាងឥន្រ្ទទេវី កញ្ញា ថុន សុផានី បានប្រាប់ “កម្ពុជាថ្មី” ដោយការគួរសមថា របាំព្រះរាជទ្រព្យពិតជាអស្ចារ្យខ្លាំងណាស់ សូម្បីតែសាច់ភ្លេង ទំនុកច្រៀង ពាក្យពេជន៍ និងក្បាច់នីមួយៗក្នុងសាច់រឿងនៃរបាំមួយនេះ ហើយកញ្ញាសប្បាយចិត្ត និងមានមោទនភាពយ៉ាងខ្លាំងដែលបានចូលរួមសម្ដែងនៅក្នុងរបាំព្រះរាជទ្រព្យនេះ និងកាន់តែរំភើបបំផុតដែលអ្នកគ្រូ ឱម យុវណ្ណឌី បានផ្ដល់ឱកាសឱ្យនាងធ្វើជាតួអង្គ ព្រះនាងឥន្រ្ទទេវី។

កញ្ញា ថុន សុផានី លើកឡើងបន្តថា៖ “ចំពោះក្បាច់របាំដែលបានតំឡើងថ្មីនេះវិញ ខ្ញុំយល់ឃើញថា ប្លែកភ្នែកមែនទែន ព្រោះខ្ញុំធ្លាប់តែឃើញក្បាច់ទាំងអស់នេះនៅតាមចម្លាក់ជញ្ជាំងសម័យអង្គរ ដែលសម័យបច្ចុប្បន្ន ស្ទើរតែបាត់បង់អស់ជាបន្តបន្ទាប់ ប៉ុន្តែជាក់ស្ដែងដោយសារតែការស្រឡាញ់ថែរក្សាកេរ្តិ៍តំណែលពីដូនតា ទើបអ្នកគ្រូបានបង្កើតស្នាដៃមួយនេះឡើងសាជាថ្មីម្ដងទៀត ដោយមានការចូលរួមពីពួកខ្ញុំផងដែរ”។

តួអង្គព្រះនាងឥន្ទ្រទេវី រូបនេះលើកឡើងបន្តថា សម្រាប់ក្បាច់នីមួយៗគឺមានផលលំបាកខ្លាំងមែនទែន ព្រោះក្បាច់ទាំងអស់នេះសុទ្ធតែជាក្បាច់ដំឡើងថ្មី ក្បាច់នាសម័យអង្គរ ពិបាកក្នុងការពត់ពេន។ ប៉ុន្តែទោះបីជាលំបាកខ្លាំងយ៉ាងណា ក៏នាងនៅតែតស៊ូក្នុងការហ្វឹកហាត់ ដើម្បីទទួលបាននូវក្បាច់ និងខ្នាតថ្មីល្អៗពីអ្នកគ្រូ។

កញ្ញា ថុន សុផានី លើកឡើងបន្តថា៖ “គោលដៅអនាគត នាងខ្ញុំចង់ក្លាយជានាដការីរបាំបុរាណមួយរូប បើទោះបីជាខ្ញុំមានជំនាញផ្សេងទៀតក្រៅពីសិល្បៈក៏ដោយ ក៏នាងខ្ញុំនៅតែជួយថែរក្សារកេរ្តិ៍មរតកកេរ្តិ៍ដំណែលពីដូនតា មិនឱ្យយបាត់បង់ឡើយ ហើយនាងខ្ញុំនឹងចូលរួមចែករំលែកវប្បធម៌ខ្មែរឱ្យប្រទេសជិតខាង និងក្មេងៗជំនាន់ក្រោយៗទៀតបានយល់ដឹង បានឃើញ បានឮពីកិត្យានុភាពនៃសិល្បៈខ្មែរឱ្យបានច្រើន”។

តារាសម្ដែង កញ្ញា នី មុនីនាថ សម្ដែងជាតួអង្គ ព្រះនាងជ័យរាជទេវី ប្រាប់ “កម្ពុជាថ្មី” ដោយទន់ភ្លន់ថា នេះជាមហាកិត្តិយសសម្រាប់នាង ជាអតីតសិស្សសាលាវិចិត្រសិល្បៈ ដែលខានហាត់របាំជាង១០ឆ្នាំហើយ ប៉ុន្តែនៅឆ្នាំ ២០២២នេះ គឺជាភាពអស្ចារ្យមែនទែនសម្រាប់នាង ដែលនឹងបង្ហាញទម្រង់សិល្បៈបុរាណខ្មែរដែលនាងធ្លាប់ហាត់រៀនពីក្មេងមក ក្នុងល្ខោនព្រះរាជទ្រព្យរឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី”។

កញ្ញា នី មុនីនាថ លើកឡើងបន្តថា៖ “ដោយសារខ្ញុំផ្អាកការហាត់ និងរបាំព្រះរាជទ្រព្យនេះជាយូរមកហើយ គឺអស់រយៈពេល ១៧ ឆ្នាំ អ៊ីចឹង ការរាំ អាចជាមិនទន់ភ្លន់ និងស្រស់ស្អាតដូចការហាត់រាំជាប់លាប់នោះទេ ហើយមានភាពពិបាកកាច់ពត់ដៃជើង ដោយសារយើងអាយុរៀងច្រើនដែរ ហើយបានបោះបង់ និងមិនបានហាត់ពត់លុតដុំ គឺពិតជាពិបាកហាត់ និងចាប់ក្បាច់នីមួយៗ”។

កញ្ញា នី មុន្នីនាថ លើកឡើងបន្តថា នាងបានខិតខំហាត់រាំដើម្បីត្រៀមសម្ដែងល្ខោនក្បាច់បុរាណនេះមែនទែន បើទោះជានាងរវល់ការងារខ្លាំងក្តី ក៏នៅតែព្យាយាម ដូចជាពេលនៅផ្ទះ ខំឆ្លៀតហាត់ពត់ដៃពត់ជើងតាមក្បាច់បាតនៃរបាំ ខំប្រឹងបន្ថែមទៀត ហើយព្យាយាមមើលនូវក្បាច់រាំដែលអ្នកគ្រូបានផ្ញើមកឱ្យ ដោយសាររវល់ច្រើន ការហាត់រៀនមានរយៈពេលខ្លី អត់សូវបានជួបគ្នាច្រើន។

របាំ​ព្រះ​រាជ​ទ្រព្យ​ គឺជារបាំក្បាច់បុរាណរបស់កម្ពុជា ដែលមានដើមកំណើតនៃការសម្តែងក្នុងអំឡុងសតវត្សរ៍ទី៣ នៃ គ្រិស្ដសករាជ ដែលប្រហែលជាកើតមានវត្តមានដំណាលគ្នានៃក្រុមភ្លេងពិណពាទ្យ ក្នុងសម័យកាល អាណាចក្រនគរភ្នំ។ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ ត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ក្នុងការចុះបញ្ជីស្នាដៃរបស់កម្ពុជា ទៅក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតកវប្បធម៌អរូបីយតំណាងឱ្យមនុស្សជាតិ របស់អង្គការ UNESCO នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣។

លោកស្រី ឱម យុវណ្ណឌី មានប្រសាសន៍ថា លោកស្រីមានមោទនភាពចំឡែក និងកាន់តែមានលទ្ធផលល្អក្នុងការកសាងសិល្បៈវប្បធម៌ ដោយល្ខោនក្បាច់បុរាណនេះ ត្រូវបានចូលរួមសម្ដែងដោយ អ្នកវិទ្យាសាស្ត្រ បញ្ញវន្ត សិល្បៈមហាជន និស្សិត សិស្សានុសិស្សតាំងពីបឋមសិក្សា ដល់វិទ្យាល័យ បុគ្គលិកអង្គការ ក្រុមហ៊ុន ធនគារ រួមគ្នាកសាងស្នាដៃល្ខោនក្បាច់បុរាណរឿងប្រវត្តសាស្ត្រនេះ។

លោកស្រី ឱម យុវណ្ណឌី សូមឧទ្ទិសស្នាដៃរបាំ ល្ខោនក្បាច់បុរាណ ដល់វិញ្ញាណក្ខន្ធ លោកពុក ឱម គឹមហួត អ្នកម្ដាយ អ៊ុន បូ ដែលបានបង្កើត និងជាគ្រូបានបង្ហាញគ្រប់ក្បាច់គ្រប់របាំព្រះរាជទ្រព្យ ព្រមទាំងដួងវិញ្ញាណមហាបុព្វបុរស ក្នងនោះមានដូចជា ព្រះនាងឥន្ទ្រទេវី និង ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា សម្ដេចព្រះរាម នរោត្តម បុប្ផាទេវី ជាមាតាវប្បធម៌ បង្កើតក្បួនខ្នាតក្បាច់របាំព្រះរាជទ្រព្យ សូមទទួលយក និងផ្ដល់សព្វសាធុកាពរដល់កូនចៅបន្តធ្វើស្នាដៃសិល្បៈវប្បធម៌បន្តទៀត។

គួររម្លឹកថា កន្លងមក លោកស្រី ឱម យុវណ្ណឌី ធ្លាប់ដំឡើង និងដឹកនាំ ទស្សនីយភាពខ្នាតធំជាច្រើន មានដូចជារឿង ហ្លួងព្រះស្ដេចកន រឿង ប្រវត្តភ្នំដូនពេញ បង្ហាញស្នាដៃកសាងរាជធានីភ្នំពេញ របស់ដូនពេញ និងព្រះបាទពញាយ៉ាត របាំ ទេវៈស្រីសួគ៌ របាំ ទេពនិករកន្សែង ក៏ដូចជារបាំក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិធំៗ ក្នុងទទួលភ្ញៀវអន្តរជាតិធំៗ បុណ្យឯករាជ្យជាតិ បុណ្យចូលទីវង្គត់របស់ព្រះករុណា បុណ្យឡើងគ្រងរាជព្រះមហាក្សត្រ បុណ្យថ្វាយព្រះពរចម្រើនព្រះជន្មជាដើម៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម