វប្បធម៌ ជំនឿ
ការរកឃើញ គំនូរបុរាណលើថ្មនៅកម្ពុជា អាចមានអាយុកាលជាង ៣០០០ ឆ្នាំមុន
លោក ហេង ថាន អគ្គនាយករងអាជ្ញាធរជាតិសំបូរព្រៃគុក ក្នុ បាឋកថា ស្តីពី “មរតកបេតិកភណ្ឌវប្បធម៌ និងអារ្យធម៌ខ្មែរ” នាពេលថ្មីៗនេះបានឱ្យដឹងថា តាមការសន្និដ្ឋាន អ្នកឯកទេសគំនូរបុរាណកត់សម្គាល់ថា បច្ចេកទេសគូរដោយប្រើថ្នាំទឹក មាននៅស្ទើរគ្រប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានចំណាស់ជាងគេក្នុងវិស័យគំនូរបុរាណលើថ្ម យ៉ាងហោចណាស់ចាប់ពីសម័យមនុស្សបរបាញ់សត្វ និងប្រមូលផលផ្លែឈើ កាលពីជាង ៣០០០ ឆ្នាំមុនដែរ។

លោក ហេង ថាន លើកឡើងថា គំនូររូបត្រីធំៗនៅលើភ្នំគូលេន ទាំងរូបរាង និងបច្ចេកទេស ដូចគ្នានឹងរូបត្រីរកឃើញនៅច្រាំង ទន្លេនៃតំបន់បាតែម មេគង្គ ក្នុងខេត្តអ៊ូប៊ុន ហើយរូបមនុស្សឈរលើកដៃទាំងពីរទៅលើ គឺមានលក្ខណៈដូចគ្នានឹងរូបរកឃើញនៅ ថាមកែវឌើងស៊ីសាវ៉ាត់កាញ់ឆ្នាបុរី នៃប្រទេសថៃបច្ចុប្បន្ន។ យោងលើលក្ខណៈរូប នៃគំនូរសត្វ គឺស្រដៀងគ្នាច្រើនទៅនឹងគំនូរនៅប្រទេសថៃ ដែលមានអាយុជាង ៣០០០ឆ្នាំមុន ហើយវាបានបង្ហាញច្រើននូវភាពជាសត្វចិញ្ចឹមសម្រាប់អូសទាញ។

នៅក្នុងពើង (ថ្មភ្នំដែលពើងលយពេញដូចជាដំបូលល្មមជ្រកភ្លៀងបាន) ខ្លះ ឃើញមានបំណែកភាជន៍រឹងមានស្រទាប់រលោង ដែលផលិតនៅចន្លោះពីសតវត្យទី១០ ទៅ១៣ និងនៅក្បែរជើងខ្លះ មានរូបចម្លាក់ និងសិលាចារឹកនៅសតវត្យទី១១ និង១២ទៀតផង។ រហូតដល់ពេលនេះ ការស្រាវជ្រាវពីគំនូរបុរាណលើថ្ម នៅតំបន់ភ្នំគូលេនក្តី ក្នុងតំបន់ភ្នំក្រវាញក្តី មិនទាន់មានការកំណត់កាលបរិច្ឆេទជាក់លាក់ណាមួយនៅឡើយ។

លោក ហេង ថាន បញ្ជាក់ថា គំនូរបុរាណលើថ្ម នៅកម្ពុជា ត្រូវបានរកឃើញដំបូង នៅដើមទសវត្ស១៩៦០ ដោយ លោក ហ្សង់ ប៊ូល បានប្រទះឃើញចម្លាក់ក្រឡោតនៅតាមថ្ម នឹង ពើង នៅលើភ្នំគូលេន។ លុះនៅពាក់កណ្ដាលឆ្នាំ២០០៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា មានគំនូរបុរាណលើថ្ម នៅភ្នំក្រវ៉ាញ តាមរយៈមន្ត្រីអភិរក្សសត្វព្រៃរបស់អង្គការក្រៅរដ្ឋាភិបាល។ គំនូរគូរ នៅលើជញ្ជាំង និងពិដាននៃពើង ស្ថិតក្នុងភូមិកាណម ឃុំរការ ខេត្តពោធិសាត់។

ដើមឆ្នាំ២០១១ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរអប្សរា បានប្រទះឃើញគំនូរបុរាណចំនួន ២បន្ថែមទៀត គឺពើងព្រះខាប និងល្អាងប្រចៀវ។

ខែសីហា ឆ្នាំ២០១២ ក្រុមស្រាវជ្រាវអាជ្ញាធរអប្សរា បានរកឃើញពើងគំនូរនៅស្រុក ស្វាយចេក ខេត្តឧត្តរមានជ័យ។

ខែកញ្ញា ឆ្នាំ២០១៣ ក្រុមស្រាវជ្រាវនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រទះឃើញល្អាង និងពើងមានគំនូរបុរាណចំនួន៤ លើភ្នំក្រវ៉ាញ ស្ថិតក្នុងស្រុកវាលវែង ខេត្ត ពោធិ៍សាត់។

គួររំលឹកថា នៅចុងឆ្នាំ២០០៩ ក្រុមស្រាវជ្រាវផ្លូវបុរាណ នៃអាជ្ញាធរអប្សរា បានប្រទះឃើញពើងថ្ម ដែលមានគំនូរបុរាណដូចនៅ ភ្នំក្រវ៉ាញដែរ។ ពើងមានគំនូរទាំងនេះ ស្ថិតនៅតាមបណ្ដោយអូរ ក្នុងភូមិសាស្ត្រនៃភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ បន្ទាប់មកក្រុមស្រាវជ្រាវបានទាក់ទងអញ្ជើញលោកសាស្ត្រាចារ្យ Paul Taçon ជាអ្នកឯកទេសពីគំនូរបុរាណលើថ្ម មកពីសាកលវិទ្យាល័យ Gliffith University នៃប្រទេសអូស្ត្រាលី ដើម្បីជួយបណ្តុះបណ្តាល និងណែនាំពីទិសដៅអនុវត្តបន្តទៅអនាគត ទាំងការស្រាវជ្រាវ និងកិច្ចការអភិរក្ស។ ខែធ្នូ ឆ្នាំ២០១១ អាជ្ញាធរអប្សរាបានបង្ហាញលទ្ធផលស្រាវជ្រាវនេះ ទៅគណ:កម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីកិច្ចការអភិរក្ស និង អភិវឌ្ឍន៍ឧទ្យានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា ICC បានពិនិត្យ និងសម្រេចឱ្យបន្តសិក្សា និងរុករកបន្ថែមនូវរាល់ស្វាកស្នាម និងគំនូរបុរាណលើភ្នំគូលែន៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


