វប្បធម៌ ជំនឿ
៣ ក្រុម ត្រៀមសម្ដែង ៥ ទស្សនីយភាពល្ខោនខោល ពីយប់នេះ ដល់ថ្ងៃខួបចុះបញ្ជីបេតិកភណ្ឌមនុស្សជាតិ
ល្ខោនខោលវត្តស្វាយអណ្តែត តំណាងឱ្យល្ខោនខោលកម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី២៨ ខែវិច្ឆិកា ២០១៨ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី។ ចាប់ពីយប់ ថ្ងៃទី២៥ នេះតទៅ នឹងមាន ផ្ទាំងទស្សនីយភាពចំនួន ៥ ពីក្រុមសិល្បៈល្ខោនខោល ចំនួន ៣ សម្ដែងជូនសាធារណជនទស្សនាទាំងឥតគិតថ្លៃ ទាំងការលក់សំបុត្រ ដើម្បីអបអរខួប ៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ជាសម្បត្តិបេតិកភណ្ឌវប្បធម៍អរូបិយ នៃមនុស្សជាតិ។

ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៦ល្ងាច ក្រុមសិល្ប:យុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី រៀបចំការសម្តែងទស្សនីយភាពសិល្បៈ ល្ខោនខោល និងរបាំបុរាណ នៅក្នុងអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

ថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅម៉ោង ៦ ល្ងាច ក្នុងកម្មវិធី ទិវាបេតិកណ្ឌលើកទី៥ ក្រោមប្រធានបទ “ព្រឹត្តិការណ៍ សម្ដែង ល្ខោនខោល ដ៏អស្ចារ្យ” ទីតាំងកម្មវិធី សាលមហោស្រពកោះពេជ្រ។


ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមសិល្បៈល្ខោនខោលវត្តស្វាយអណ្តែត នឹងមានការបើកពិធីរំលឹក ខួបល្ខោនខោលវត្តស្វាយអណ្តែត ដែលដាក់ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក ព្រមទាំងមានការសម្តែងឈុតដកស្រង់ពីរឿងរាមកេរ្តិ៍ ឈុត ភិភេកព្រាត់លង្ការ នៅក្នុងបរិវេណ វត្តស្វាយអណ្តែត។

នារាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ម្សិលមិញ ក្រុមយុវជនល្ខោនខោលកម្ពុជា ក៏បាន សម្ដែង ល្ខោនខោល ឈុត ចម្បាំងទូភី នៅវិទ្យាស្ថានបារាំង (សាលាអាលីយ៉ង់) ផងដែរ ដោយមានទស្សនិកជនជាតិ និងអន្តរជាតិចូលរួមទស្សនាយ៉ាងច្រើនកុះករ។

គួរបញ្ជាក់ថា ល្ខោនខោល ជាល្ខោនមួយបែបដែលពាក់មុខខ្មុកសម្តែង ហើយជាទូទៅតួអង្គសុទ្ធតែមនុស្សប្រុស និងសម្តែងបានតែក្នុង ឈុតឆាករឿង រាមកេរ្តី៍តែប៉ុណ្ណោះ។ ល្ខោននេះធ្វើកាយវិការតាមសំឡេងពោលហើយកំដរដោយភ្លេងពិណពាទ្យ។ ផ្អែកទៅលើការសិក្សាតាមរយៈសិលាចារឹកបុរាណ អ្នកស្រាវជ្រាវយល់ថា ល្ខោនខោល មានដើមកំណើតពីល្ខោន ភាណី ជាប្រភេទល្ខោនដែលមានអ្នកពោលរៀបរាប់សាច់រឿង ហើយឃើញមានយ៉ាងហោចណាស់ក៏ចាប់ពី សម័យអង្គរ ស.វ ៩-១៤ មកដែរ។

សព្វថ្ងៃនេះ យើងសង្កេតឃើញថា ការសម្តែងល្ខោនខោល មានពីរបែប ម្យ៉ាងគឺដើម្បីកំសាន្ត ឬជាប់នឹងកិច្ចសាសនាបន្តិចបន្តួច និងល្ខោនដែលនៅជាប់នឹងជំនឿក្នុងសហគមន៍។ ក្រុមល្ខោនខោលប្រភេទទី១ មានដូចជាក្រុមល្ខោនលោកតា ជា ហ៊ា ខេត្តបាត់ដំបង ដែលជាក្រុមជួលសម្តែងកម្សាន្តក្នុងពិធីបុណ្យទាននានា។

ចំណែកនៅរាជធានីភ្នំពេញ មានក្រុមល្ខោននៃនាយកដ្ឋានសិល្បៈទស្សនីយភាព និងសាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមល្ខោនខោលយុវជនល្ខោនខោលកម្ពុជា ហើយនៅខេត្តកំពង់ធំមានក្រុមល្ខោនខោលមន្ទីរវប្បធម៌ខេត្ត ដែលច្រើនតែដំឡើងល្ខោននេះ សម្រាប់សម្តែងលេងកម្សាន្តក្នុងឱកាសពិសេសនានាក្នុងកម្រិតជាតិ។

ចំណែកល្ខោនប្រភេទទី២នោះ គឺជាប់ជាពិសេសនឹងសហគមន៍វត្តស្វាយអណ្តែត ហើយល្ខោនវត្តនេះពុំមែនគ្រាន់តែសម្តែងសម្រាប់ការកម្សាន្តសប្បាយប៉ុណ្ណោះទេ គេក៏សម្តែងនៅក្នុងបរិបទជំនឿដែលគេជឿថា ពេលសម្តែងល្ខោននេះ នឹងទទួលបាននូវសេចក្តីសុខ ចម្រុងចម្រើន បញ្ចៀសឧបទ្រពចង្រៃ ពិសេសនោះគឺទទួលបានទឹកភ្លៀងគ្រប់គ្រាន់ និង ភោគផលល្អបរិបូរណ៍សម្រាប់រដូវដាំដុះខាងមុខ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ