វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវការគោរពពុទ្ធសាសនាថេរវាទ នៅខាងលិចអង្គរ
អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យហាវ៉ៃបានសហការធ្វើកំណាយស្រាវជ្រាវពីការវិវត្ត ស្តីពី “ការគោរពពុទ្ធសាសនាថេរវាទ” ដោយផ្តោតលើ ការវិវត្តរបស់សហគមន៍មនុស្សក្នុងតំបន់នេះ តាំងពីសម័យមុនអង្គរ រហូតមកដល់សម័យកណ្តាល ថាមានការផ្លាស់ប្តូរដូចម្តេចខ្លះ នាពេលដែល “វត្ត” មកជំនួសប្រាសាទសម័យអង្គរ ដោយបានក្លាយជាស្នូលរបស់សហគមន៍។ តាមរយៈទិន្នន័យ LiDAR បង្ហាញថា មានទួលលំនៅនៅផ្នែកពាយព្យប្រាសាទអង្គរវត្ត នាសតវត្សរ៍ទី១២ ត្រូវឈូសពង្រាបប្រហែលនៅ សម័យកណ្តាល។

លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ ធ្វើកំណាយស្រាវជ្រាវនេះ គឺក្នុងគោលបំណងដើម្បីស្វែងយល់ពីមូលហេតុនៃការប្រែប្រួលរចនាសម្ព័ន្ធទីក្រុង និងប្រជាសាស្ត្រក្នុងតំបន់អង្គរពីសតវត្សរ៍ទី១៣រៀងមក។ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងគោលបំណតខាងលើនេះបានក្រុមការងារស្រាវជ្រាវបានបើករណ្តៅ កំណាយចំនួន២០រណ្តៅ ទំហំ ១x២ម នៅតាមទួល និងត្រពាំងក្នុងបរិវេណប្រាសាទអង្គរវត្ត។ ក្រៅពីនេះ ដើម្បីទទួលទិន្នន័យបន្ថែមទៀត អ្នកស្រាវជ្រាវ បានខួងដីចំនួន១០៤រណ្តៅបន្ថែមទៀត។ គម្រោងស្រាវជ្រាវនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

លោក ទិន ទីណា ពន្យល់ថា ទិន្នន័យដែលទទួលបានពីការធ្វើកំណាយនេះអាចឱ្យយើងយល់ពីសហគមន៍ មនុស្សរស់នៅក្នុងរាជធានីអង្គរ ដែលអាចឆ្លើយតបនឹងកត្តាប្រវត្តិសាស្ត្រធំៗមួយចំនួនដូចជា ការផ្លាស់ប្តូរមកកាន់ពុទ្ធសានាថេវាទវិញ ការធ្លាក់ចុះអំណាចកណ្តាល របស់អង្គរ ការធ្លាស់ប្តូររាជធានីទៅភាគខាងត្បូង (ជុំវិញភ្នំពេញ) និងការវិលត្រឡប់នៃអំណាចកណ្តាលមួយរយៈខ្លីនៅសតវត្សរ៍ទី១៦ នៃព្រះមហាក្សត្រសម័យលង្វែក។

លោកមានប្រសាសន៍បន្ថែមថា នៅឆ្នាំ២០១៩-២០២០ ក្រុមស្រាវជ្រាវទាំងពីរស្ថាប័នក៏បានធ្វើកំណាយស្រាវជ្រាវនៅគោកដូនប៉ុក គោកបាក់ និងគោកគង់ នៅតំបន់វត្តអធ្វា នៅគោករកា និងគោកព្រៃអំពិលកើត នៅតំបន់វត្តចេតិយ និងនៅគោកព្រៃអំពិលលិចនៅតំបន់វត្តព្រៃផ្តៅ។ គោលបំណងធ្វើកំណាយស្រាវជ្រាវនេះ គឺដើម្បីប្រមូលទិន្នន័យពីសហគមន៍មនុស្សរស់នៅក្នុងតំបន់ជនបទរាជធានីអង្គរ។

លោក ហេង ពិភាល់ បណ្ឌិតបុរាណវិទ្យានៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវបានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងរកមើលពីការផ្លាស់ប្តូររចនាសម្ព័ន្ធទីក្រុង ការផ្លាស់ប្ដូរវិទ្យាសាស្ត្រ មានន័យថា គឺជាការស្វែងរកទីតាំងដែលមនុស្សធ្លាប់រស់នៅទូទៅ។ ការផ្លាស់ប្ដូរវិទ្យាសាស្ត្រនេះ គឺវាទាក់ទងទៅនិងទេសភាព (ស្ថានដីទូទៅ) ថាតើ សណ្ឋានដីដែលមនុស្សធ្លាប់រស់នៅមានការផ្លាស់ប្ដូរយ៉ាងណាខ្លះ?។ ទាក់ទងទៅនឹងប្រវត្តិសាស្ត្រធំៗ មានដូចជា ការផ្លាស់ប្ដូរជំនឿសាសនាពីព្រហ្មញ្ញមកគោរពពុទ្ធសាសនាមហាយាននិងពុទ្ធសាសនាថេរវាទវិញនៅសតវត្សរ៍ទី១៣ តើបានជះឥទ្ធិពលអីខ្លះដល់ភូមិមនុស្សដែលធ្លាប់រស់នៅកណ្ដាលទីក្រុងអង្គរ និងតំបន់ជនបទជុំវិញអង្គរ?។ មួយវិញទៀត ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលយើងធ្លាប់ដឹងតៗគ្នា គឺការផ្លាស់ប្តូររាជធានីអង្គរ ថាតើ វាពិតជាការបោះបង់ចោលទីក្រុងអង្គរមែនឬយ៉ាងណា?។

ចាប់តាំងតែពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកដល់ត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រុមអ្នកស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញមកពីសកលវិទ្យាល័យHawai នៃសហរដ្ឋអាមេរិក បានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន២០រណ្តៅ។ នៅតាមរណ្តៅកំណាយទាំងនោះគេបានរកឃើញខឿនវិហារនៃព្រះពុទ្ធសាសនា ថេរវាទធ្វើពីថ្មបាយក្រៀម ដែលមានបង្គោលសីម៉ាធ្វើពីថ្មភក់នៅព័ទ្ធជុំវិញជា៨ទិស ព្រមទាំងរកឃើញបំណែកកុលាលភាជន៍ និងកំទេចធ្យូង ដែលមនុស្សបុរាណបានប្រើប្រាស់ ដែលអាចយកសំណាកទាំងនោះទៅធ្វើការពិសោធន៍ រកចម្លើយទិន្នន័យបាននៅពេលខាងមុខ។

ចាប់តាំងពីអំឡុងឆ្នាំ២០១៣មក ក្រុមការងារស្រាវជ្រាវ ធ្លាប់បានធ្វើកំណាយនៅបរិវេណទួលខាងកើតនៃប្រាសាទអង្គរវត្ត ដោយគេបានរកឃើញសំបកក្រូចថ្លុង គ្រាប់ស្រូវ និងគ្រាប់កប្បាសដែលបន្សល់ទុកពីសម័យបុរាណប្រើប្រាស់៕
អត្ថបទ៖ អាជ្ញាធរជាតិអប្សរា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន