វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ ចាប់ផ្ដើមអនុវត្តទិសដៅយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១
លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ លោកស្រីដែលជាប្រធាន និងជាតំណាងអង្គភាព មន្ទីរ និងក្រុមការងារពាក់ព័ន្ធសំខាន់ៗ ដើម្បីពិនិត្យ និងប្រមូលធាតុចូលសម្រាប់អនុវត្តទិសដៅយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិស័យវប្បធម៌ ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានអង្គប្រជុំ បានបង្ហាញដោយសង្ខេបអំពីទិដ្ឋភាពរួម នៃការងារផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា (យុទ្ធសាស្ត្របញ្ចកោណ) និងទិដ្ឋភាពដោយឡែក នៃការងារផែនការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្ទាល់ដែលរួមមាន ផែនការយុទ្ធសាស្ត្រថវិកា, ផែនការវិនិយោគសាធារណៈ ៣ឆ្នាំរំកិល, និងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

យោងតាមការណែនាំរបស់ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងមានភាពចាំបាច់ ត្រូវរៀបចំក្របខណ្ឌផែនការសកម្មភាព ដើម្បីអនុវត្តទិសដៅយុទ្ធសាស្ត្រនានាដែលពាក់ព័ន្ធជាមួយវិស័យវប្បធម៌ដោយផ្ទាល់ និង/ឬដោយប្រយោល នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំងគ្រោងបោះពុម្ពផ្សព្វផ្សាយឯកសារនេះដល់គ្រប់អង្គភាព មន្ទីរ និងក្រុមការងារសំខាន់ៗរបស់ក្រសួង ដើម្បីធ្វើជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្ត ក៏ដូចជាការពិនិត្យតាមដាន និងវាយតម្លៃវឌ្ឍនភាពការងារ។

ផ្អែកលើមតិយោបល់ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះ ប្រធានអង្គប្រជុំ បានស្នើដល់អង្គភាព មន្ទីរ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការរៀបចំ និងផ្ដល់ធាតុចូលមកក្រសួងឱ្យបានទាន់ពេលវេលាកំណត់ ដោយគោរពទៅតាមទម្រង់ឯកសារដែលក្រសួងបានផ្ញើជូន។ ទន្ទឹមគ្នានេះដែរ ប្រធានអង្គប្រជុំ ក៏បានសម្រេចលើយន្តការការងារមួយចំនួន ដើម្បីជំរុញឱ្យការងារនេះអាចរៀបចំទៅបានលឿន និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយត្រូវមានការចូលរួមពិនិត្យ និងផ្ដល់យោបល់ពីថ្នាក់ដឹកនាំទទួលបន្ទុកតាមឋានានុក្រមនីមួយៗ មុននឹងរៀបចំដាក់ជូន រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពិនិត្យសម្រេច។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្ដី ការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងតាមប្រព័ន្ធ Zoom ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


