វប្បធម៌ ជំនឿ
បណ្ឌិត ឈត ប៊ុនថង យល់ថា យុវជនខ្លះនៅស្រឡាញ់វប្បធម៌ខ្មែរ ឯខ្លះហាក់ទទួលវប្បធម៌ពីបរទេសច្រើន
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា យុវជនកម្ពុជាមួយចំនួននៅស្រឡាញ់វប្បធម៌ សិល្បៈខ្មែរ ចំណែក យុវជនមួយចំនួនហាក់ទទួលយកវប្បធម៌អរិយធម៌បរទេសច្រើន។

តាមការសង្កេត បច្ចុប្បន្នក្នុងសម័យសកលភាវូបនីយកម្ម ប្រជាពលរដ្ឋ ពិសេសយុវជនបានងាកមកទទួលយកនូវវប្បធម៌បរទេសនាំចូលមួយចំនួន ដែលកត្តានេះបានជះឥទ្ធិពលសិល្បៈវប្បធម៌ជាតិ ក្នុងនោះទម្រង់សិល្បៈមួយចំនួនកំពុងប្រឈមនឹងការបាត់បង់អាស្រ័យដោយខ្វះការគាំទ្រ ឬមានការគាំទ្រតែពេលដែលមានរៀបចំកម្មវិធីធំៗដូចជាកម្មវិធីវប្បធម៌ ឬព្រឹត្តិការណ៍អង្គរសង្ក្រាន្តតាមភូមិស្រុកជាដើម។ បើនិយាយពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តតាមភូមិ ស្រុក រាជធានី ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឃើញថា មានការរៀបចំល្បែងកម្សាន្ត វប្បធម៌ និងប្រពៃណីខ្មែរច្រើន ហើយក៏មានការចូលរួមពីប្រជាជនខ្មែរ និងយុវជនផងដែរ។

ពាក់ព័ន្ធបញ្ហានេះ លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើង កម្ពុជា មិនទាន់មានភាពរឹងមាំ ហើយនៅពេលទទួលយកនូវវប្បធម៌បរទេសតាមរយៈបណ្តាញសង្គម និងសកលភាវូបនីយកម្មធ្វើឱ្យឥទ្ធិពលខ្លាំង និងរហ័សមែនទែន ហើយអ្នកដែលទទួលយកមុនគេនោះ គឺយុវជនតែម្តង។ ចំពោះការទទួលបានចម្រុះនៃឥទ្ធិពលបរទេសច្រើននឹងធ្វើឱ្យប៉ះពាល់ដល់ទម្រង់សិល្បៈវប្បធម៌ខ្មែរ ហើយប្រសិនជាមិនបានពង្រឹងឱ្យបានខ្លាំងលើបញ្ហានេះ នឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់អត្តសញ្ញាណវប្បធម៌ខ្មែរ។
អ្នកជំនាញបាននិយាយថា៖ “បើពិនិត្យទៅមើលលើសកម្មភាពរបស់យុវជនខ្មែរយើងមួយចំនួនចំពោះសិល្បៈវប្បធម៌ខ្មែរនេះ យើងឃើញថានៅតែមានអ្នកដែលស្រឡាញ់ចូលចិត្តវប្បធម៌ខ្មែរដែរ ប៉ុន្តែ អ្នកមួយចំនួនទៀត ក៏ហាក់ដូចជាស្ម័គ្រចិត្តទទួលយកនូវវប្បធម៌ប្រពៃណីបរទេសហ្នឹង”។ ត្រង់ចំណុចនេះ លោកក៏បានលើកឡើងពីការចូលរួមរបស់យុវជនខ្មែរ និងមនុស្សចាស់ ក្នុងការចូលរួមប្រារព្ធពិធីបុណ្យណូអែល ឬទិវានៃក្តីស្រឡាញ់ ដែលជាវប្បធម៌បរទេស ដោយប្រជាជនខ្មែរយល់ថាល្អ ហើយតែងចូលរួមជានិច្ច ឱ្យតែមានបុណ្យរបស់បរទេសម្តងៗ ដោយមិនទាន់បែងចែកឱ្យបានច្បាស់ឡើយ។ លោកបន្តថា៖ “អ៊ីចឹង បើគាត់ចូលរួមច្រើន បុណ្យបរទេសហើយខ្មែរ គឺថាទៅជាមួយគ្នាបើមើលឃើញសព្វថ្ងៃនេះ។ ទំនោររបស់យុវជនឥឡូវទទួលយកបុណ្យបរទេសហ្នឹងទៅជាមួយគ្នា ដូចជាមិនសូវបែងចែកទេ ឃើញហើយ បុណ្យអ្វីក៏ដោយឱ្យតែមានបុណ្យ យើងឃើញថាតែងតែចូលរួមគគ្រឹកគគ្រេងចឹង តាមយើងមើលឃើញ”។
បណ្ឌិត ឈត ប៊ុនថង បញ្ជាក់ថា ដើម្បីជាការលើកស្ទួយ និងជំរុញទឹកចិត្តប្រជាជន ជាពិសេស យុវជនខ្មែរ ឱ្យស្រឡាញ់សិល្បៈវប្បធម៌ខ្មែរ លោកយល់ថា មានភាគីពាក់ព័ន្ធច្រើន។ លោកបណ្ឌិតថា ដំបូងបំផុត គឺផ្តើមចេញពីឪពុកម្តាយ និងគ្រួសារ ធ្វើយ៉ាងណាអប់រំ ទូន្មានកូនៗឱ្យចេះស្រឡាញ់វប្បធម៌មរតកខ្មែរ។ ទី២ គឺសាលារៀន ជាកន្លែងអនុវត្ត ហើយខ្ពស់ជាងសាលារៀន គឺខាងមន្ទីរ និងក្រសួង គួររៀបចំកម្មវិធីសិក្សាឱ្យបញ្ចូលពីសិល្បៈវប្បធម៌ ទាំងទម្រង់ និងគំនិតស្រឡាញ់ លើកកម្ពស់វប្បធម៌ផង។ ក្រៅពីនេះ ក្រសួងពាក់ព័ន្ធ សុទ្ធតែមានចំណែករួមគ្នាផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និងពីការស្រឡាញ់វប្បធម៌ដល់យុវជនឱ្យបានទូលំទូលាយ។

បើនិយាយពីសាមីខ្លួនវិញ គឺយុវជនផ្ទាល់តែម្តង លោកបណ្ឌិត ឈត ប៊ុនថង លើកឡើងថា កម្ពុជា មិនហាមឃាត់ ឬ រើសអើងចំពោះវប្បធម៌បរទេសឡើយ ដូចនេះ យុវជនខ្មែរផ្ទាល់ ត្រូវចេះស្រឡាញ់ យល់ដឹងពីទម្រង់វប្បធម៌សិល្បៈខ្មែរឱ្យបានច្រើន និងរួមគ្នាអភិរក្សឱ្យបានល្អ ដើម្បីថែរក្សាឱ្យបានគង់វង្ស និងលើកស្ទួយសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ