Connect with us

សេដ្ឋកិច្ច

​អាគារ​ជាប់​គាំង​ និង​គម្រោងវិនិយោគ​ថ្មី​ ដែលមាន​ទុន​សរុប ២៧៦ លានដុល្លារ ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពិសេស

បានផុស

នៅ

គម្រោងអាគារជាប់គាំង និងគម្រោងថ្មីសរុបចំនួន ១៩ បន្ថែមទៀត ដែលមានទុនប្រមាណ ២៧៦ លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិ​បាល​ឱ្យវិនិយោគនៅខេត្តព្រះសីហនុ នឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណជិត ២ ពាន់កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សា សម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មានប្រសាសន៍នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ក្នុងចំណោមគម្រោងវិនិយោគទាំង ១៩ មានគម្រោងពាក់ព័ន្ធនិងអគារកំពុងជាប់គាំងចំនួន ៧ និងគម្រោងថ្មីចំនួន ១២។

គម្រោងវិនិយោគទាំងនោះ រួមមានគម្រោងសណ្ឋាគារ, អគារពហុមុខងារ, រោងចក្រផលិតឧបករណ៍ជួសជុលរថយន្ត, សិប្បកម្មផលិតក្តារបន្ទះ, រោងច្រកផលិតគ្រឿងសង្ហារឹម, រោងចក្រផលិតដំណាប់ផ្លែឈើ និងកែច្នៃគ្រាប់ធញ្ញជាតិ, និងគម្រោងរោងចក្រផលិតទឹកស្អាត និងផ្គត់ផ្គង់អគ្គិសនី។

ចាប់តាំងពីឆ្នាំ ២០២៤ រហូតដល់ខែ តុលា ឆ្នាំ ២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសជូនគម្រោងចំនួន ៣៩២ ដែលមានទុនវិនិយោគប្រមាណ ៧ ៨៧១ លានដុល្លារ និងអាចបង្កើតការងារបាន ៥០ ៦៧០ កន្លែង ក្នុងនោះ គម្រោងពាក់ព័ន្ធនិងអគារកំពុងជាប់គាំងមានចំនួន ១៨៦, គម្រោងថ្មីមាន ចំនួន ១៦៦, គម្រោងពង្រីកមានចំនួន ២៥ និងគម្រោងមានស្រាប់ចំនួន ១៥។

លោក ហ៊ាន សាហ៊ីប បានបញ្ជាក់អំពីកិច្ចសហការយ៉ាងសកម្ម រវាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានបង្កើន និងពង្រឹងការវិនិយោគនៅក្នុងខេត្តព្រះសីហនុ តាមរយៈការងារគន្លឹះចំនួន ៤ រួមមាន ១. ការលើកទឹកចិត្តផ្នែកពន្ធ និងការសម្របសម្រួលផ្នែករដ្ឋបាល, ២. ការជំរុញការវិនិយោគប្រកបដោយគុណភាព, ៣. ការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និង ការផ្ទេរជំនាញ, និង៤.ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

ចំណុចពិសេស នៃកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តជាគំរូ សម្រាប់ទាក់ទាញ និងថែទាំវិនិយោគ ដើម្បីចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាទីតាំងវិនិយោគពហុបំណង និងប្រកបដោយយុទ្ធសាស្ត្រ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម