Connect with us

សេដ្ឋកិច្ច

ឧស្សាហកម្មចិន គ្រោងពង្រីកការវិនិយោគនៅកម្ពុជា លើការកែលម្អបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីន

បានផុស

នៅ

គណៈប្រតិភូឧស្សាហកម្ម និងពាណិជ្ជកម្ម ខេត្តសានទុង បាន​និង​កំពុង​ស្វែង​រក​ឱកាស​ពង្រីក​ការ​វិនិយោគ​គាំទ្រ​ទៅ​​ដល់​សហគ្រាសធុនតូចនិងមធ្យមរបស់កម្ពុជា ពិសេសលើការកែលម្អបច្ចេកវិទ្យា និង​គ្រឿង​ម៉ាស៊ីន ។ ការ​ឱ្យ​ដឹង​បែប​នេះ ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​គណៈប្រតិភូ​សានទុង និង​រដ្ឋមន្ត្រី​ឧស្សាហកម្ម លោក​ ហែម វណ្ណឌី កាល​ពីថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៥ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ លោក​រដ្ឋ​មន្ត្រី​ ហែម វណ្ណឌី បានលើកឡើងអំពី​អាណត្តិកិច្ចដ៏ទូលំទូលាយរបស់ក្រសួង និង​ឱកាស​ជា​ច្រើនក្នុងការសហការស៊ីជម្រៅជាមួយខេត្តសានទុង ហើយក្រសួងស្វាគមន៍ការវិនិយោគពីខេត្តសានទុង និងរីករាយក្នុងការចែករំលែកព័ត៌មាន និងផ្តល់សេវាគាំទ្រ ដើម្បីរួមចំណែកដល់ជោគជ័យនៃអាជីវកម្មរបស់លោកអ្នកនៅកម្ពុជា។

លោក យ៉ាង ហុងយូ ប្រធានប្រតិភូឧស្សាហកម្មខេត្តសានទុង បាន​លើក​ឡើង​អំពី​មូលដ្ឋាន​ឧស្សាហកម្មដ៏រឹងមាំ និងបណ្តាញធុរកិច្ចដ៏ធំទូលាយរបស់ខេត្តសានទុង។ លោកបានលើកឡើងថា៖ «ជាមួយ​នឹង​សមាជិក​ជាង ៤០ ម៉ឺននាក់​នៅក្នុងសហព័ន្ធរបស់យើង ដែលមួយចំនួនកំពុងធ្វើអាជីវកម្មដោយជោគជ័យ នៅកម្ពុជា យើង​សំឡឹង​ឃើញ​ឱកាសកាន់តែច្រើនសម្រាប់កិច្ចសហការ ជាពិសេសលើនវានុវត្តន៍»។

លោកបានបន្ថែមថា «ដំណើរទស្សនកិច្ចនេះមានគោលបំណងលើកទឹកចិត្តសហគ្រាសខេត្តសានទុងជាច្រើនទៀត ឱ្យស្វែងរកឱកាសវិនិយោគ និងផ្តល់សេវាកម្មនៅកម្ពុជា»។

លោក​ ហែម វណ្ណឌី បានរំលេចពី​សារៈសំខាន់​នៃការត្រៀម​លក្ខណៈរបស់​កម្ពុជា​សម្រាប់កា​រ​ចាក​ចេញ​ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដោយសង្កត់ធ្ងន់លើតម្រូវការសកលកាន់តែខ្ពស់​ដូច​ជា​វិធានដើមកំណើតទំនិញ លក្ខខណ្ឌវត្ថុធាតុក្នុងស្រុក និងគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលនឹងទាមទារសមត្ថភាពឧស្សាហកម្មកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ។

លោក​រដ្ឋមន្ត្រី​បានស្នើឱ្យខេត្តសានទុងដើរតួនាទីសំខាន់ក្នុងការវិវត្តនេះ ពិសេសជួយ​ពង្រឹងសមត្ថភាព​អ្នកផ្គត់ផ្គង់​ជា​សហគ្រាស​ក្នុង​ស្រុក និង​ការ​ចែករំលែក​បច្ចេកវិទ្យា​សមស្រប។ ជា​ពិសេស​ «ខណៈដែលលក្ខខណ្ឌ​តម្រូវ​សកល​នឹង​កាន់​តែខ្ពស់ យើងខ្ញុំស្នើឱ្យខេត្តសានទុងគាំទ្រកម្ពុជា មិនមែនត្រឹមតែសម្រាប់ប្រាក់ចំណេញរយៈពេលខ្លីទេ ប៉ុន្តែក៏សម្រាប់អនាគតក្រោយឆ្នាំ២០២៩ ផងដែរ»។

បន្ថែម​ជា​មួយ​គ្នា​នេះ​ លោក​រដ្ឋមន្ត្រី បានស្វាគមន៍គំនិតផ្តួចផ្តើមបង្កើតសេវាប្រឹក្សាយោបល់អាជីវកម្ម ដើម្បីណែនាំដល់​សហគ្រាស​ធុនតូច​ និងមធ្យមកម្ពុជា ដូចជាសេវាប្រឹក្សាទាក់ទងនឹងការវិនិយោគលើបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម