Connect with us

សេដ្ឋកិច្ច

យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០២៥-២០៣០ ផ្ដោតលើអាទិភាពចម្បងៗ ៦

បានផុស

នៅ

បើ​តាម​លោក​ស្រី ជា សិរី ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ​២០២៥-២០៣០ ត្រូវ​បាន​ដាក់​ចេញ​ដោយ​​ផ្ដោត​លើអាទិភាពចម្បងៗ​ចំនួន​ ៦ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ លោក​ស្រី ជា​ សិរី បាន​លើក​ឡើង​ថា ស្ថានភាព​ជុំវិញពិភពលោកមានការផ្លាស់ប្ដូរលឿន ជាមួយ​នឹង​ភាព​មិន​ប្រាកដ​ប្រជា​ខ្ពស់។ បច្ចេកវិទ្យាហិរញ្ញវត្ថុបានផ្តល់នូវកាលានុវត្តភាពដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែក៏នាំ​មកនូវភាព​ងាយ​រង​គ្រោះថ្មីៗផងដែរ។

វិបត្តិជំងឺកូវីដ-១៩ និងផលប៉ះពាល់ដែលបន្សល់ទុក បានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល កំណើន​សេដ្ឋកិច្ច និងនាំឱ្យប្រជាពលរដ្ឋមួយចំនួនធ្លាក់ទៅក្នុងភាពក្រីក្រ។ ការកើន​ឡើងនៃ​ភាពតានតឹងភូមិសាស្ត្រនយោ​​បាយ សង្គ្រាម​ពាណិជ្ជកម្ម និង​ជម្លោះ​ប្រដាប់​អាវុធ​បានបង្កផលរំខានបន្ថែមដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ពាណិជ្ជកម្ម​អន្តរជាតិ ទំនុក​ចិត្តវិនិយោគិន និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោ​ក កាន់តែមានភាពមិនច្បាស់លាស់។

លោក​ស្រី បាន​បន្ត​ថា ជាមួយនឹងចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា​ឱ្យទៅជា​ប្រទេសមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ត្រូវ​តែ​មាន​សមត្ថភាព និង​ថាមវន្ត​ដើម្បី​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ដែល​មាន​លក្ខណៈ​ប្រទាក់ក្រឡា​ជាង​មុន ការ​ធ្វើ​សមាហរណ​កម្ម​ កាន់​តែ​ស៊ីជម្រៅ និងផលិតភាពខ្ពស់ជាងមុនផងដែរ។

ក្នុងទិសដៅនេះ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ នឹងឆ្លើ​យ​ត​បទៅនឹងការវិវត្តទាំងនេះ តាមរយៈ​ការផ្តល់​ជា​ផែនទី​មគ្គុទេសក៍ ដែល​មានចក្ខុវិស័យវែងឆ្ងា​យ​ និងគ្រប់ជ្រុងជ្រោយ។ យុទ្ធសាស្ត្រនេះ ផ្ដោត​លើអាទិភាព​ចម្បង​ៗ​ចំនួន ៦ រួមមាន ១-ការពង្រឹងស្ថិរភា​ពហិរញ្ញវត្ថុ ដើម្បីការពារទំនុកចិត្ត និងភាពធន់, ២-ការជំរុញបរិយាបន្នហិរញ្ញវត្ថុ ជាពិសេស សម្រាប់ស្ត្រី យុវជន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគមជនបទ។

៣-ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ សំដៅធ្វើពិពិធកម្មប្រភពទុនរយៈពេលវែង, ៤-ការលើក​កម្ពស់​បរិវត្តកម្ម​ឌីជីថល និងសន្តិសុខសាយប័រ ដើម្បីធានានូវសុវត្ថិភាព និងភាពទុកចិត្តនៃនវានុវត្តន៍បច្ចេកវិទ្យា,៥ -ការគាំទ្រនិងលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព ដែលគាំទ្រ​ដល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុ និង ៦-ការពង្រឹងអភិបាលកិច្ច និងកិច្ចសហការរវាងស្ថាប័នទាំងអស់នៅក្នុងវិស័យហិរញ្ញវត្ថុ។

លោក​ស្រី ជា សិរី បាន​បន្ថែម​ថា វិស័យហិរញ្ញ​វត្ថុដែលរឹងមាំ មិនមែនជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​។ លោក​ស្រី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនេះ នឹងបន្ត​ពង្រឹង​ការ​ផ្តល់​កាលានុវត្តភាព និង​លើក​កម្ពស់​សហគ្រិនភាព ដែលជំរុ​​ញសកម្មភាពអាជីវកម្ម បង្កើន​ការ​សន្សំឋ​និង​វិនិយោគ​សម្រាប់​អនាគត និង​គាំទ្រ​ដល់​កំណើ​នប្រកប​ដោយ​ចីរភាព​សម្រាប់​មនុស្ស​ជំនាន់ក្រោយ។

ការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០២៣០ នាថ្ងៃនេះ ពិតជា​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​រួមគ្នា​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ទាំង​មូល ក្នុងការបន្តអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុមួយ​ដែល​មាន​ភាពធន់ ប្រកួត​ប្រជែង បរិយាបន្ន និងមានចក្ខុវិស័យវែងឆ្ងាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម