សេដ្ឋកិច្ច
ធនាគារ ABA និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ដើម្បីគាំទ្រអត្តពលិកកម្ពុជាសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 2028
ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ជាមួយគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (NOCC) ដើម្បីបង្កើតកិច្ចសហការជាដៃគូយូរអង្វែង សំដៅជំរុញសមត្ថភាពអត្តពលិកកម្ពុជា និងលើកកម្ពស់វិស័យកីឡាជាតិ។

ក្រោមភាពជាដៃគូយុទ្ធសាស្រ្តនេះ ABA នឹងគាំទ្រដល់យុទ្ធនាការរៃអង្គាស និងស្វែងរកការឧបត្ថម្ភសម្រាប់អត្តពលិកកម្ពុជាត្រៀមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅ Los Angeles ឆ្នាំ2028 របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលផ្ដួចផ្ដើមឡើងក្នុងគោលបំណងបង្កើតមធ្យោបាយដ៏សុវត្ថិភាព និងជាទីទុកចិត្ត ដែលសាធារណជនអាចបរិច្ចាគ និងផ្ដល់ការឧបត្ថម្ភជាទឹកប្រាក់នានា ដើម្បីគាំទ្រដំណើររបស់អត្តពលិកយើង ក្នុងការត្រៀមខ្លួន និងរៀបចំចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក។
តាមរយៈភាពជាដៃគូនេះ ABA នឹងក្លាយជាធនាគារផ្តាច់មុខសម្រាប់យុទ្ធនាការរៃអង្គាសនេះ ដោយផ្តល់នូវមធ្យោបាយសុវត្ថិភាព និង ងាយស្រួលសម្រាប់ទទួលការទូទាត់ និងការបរិច្ចាគនានាពីបងប្អូនសាធារណជន។ ភាគីទាំងពីរនឹងផ្សព្វផ្សាយអំពីយុទ្ធនាការនេះ នៅតាម ផ្លែតហ្វមឌីជីថលផ្សេងៗរបស់ខ្លួន ដើម្បីបញ្ជ្រាបការយល់ដឹង លើកទឹកចិត្តឲ្យមានការចូលរួម និងបង្កើនការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយទូទាំងប្រទេស។
ការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក គឺលើសពីការប្រកួតប្រជែង – ការណ៍នេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំ វឌ្ឍនភាព និងវត្តមានកាន់តែកើនឡើងរបស់កម្ពុជានៅលើវេទិកាកីឡាអន្តរជាតិ។ កីឡាអូឡាំពិកនៅ Los Angeles ឆ្នាំ 2028 គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ក្នុងដំណើរវឌ្ឍនភាពនេះ ដែលទាមទារឲ្យមានការត្រៀមខ្លួនទុកជាមុន ស្ថិរភាពមូលនិធិ និងការឧបត្ថម្ភគាំទ្រនានា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ បានធ្វើឡើងនៅថ្ងៃទី19 ខែមករា ឆ្នាំ2026 ដែលមានការចូលរួមដោយលោក Zhiger Atchabarov នាយករងប្រតិបត្តិ និងជានាយកប្រតិបត្តិការនៃធនាគារ ABA និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធនៃស្ថាប័នទាំងពីរ។

លោក Zhiger Atchabarov មានប្រសាសន៍ចំពោះភាពជាដៃគូនេះថា “កិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ធនាគារ ABA ក្នុងការគាំទ្រវិស័យកីឡាជាតិ ដែលស្របទៅនឹងគោលការណ៍ទំនួលខុសត្រូវសង្កម របស់ធនាគារយើងខ្ញុំ។ ផ្ដើមពីសមិទ្ធផលជោគជ័យនៃការចូលរួមរបស់យើងក្នុងនាមជាអ្នកឧបត្ថម្ភផ្ដាច់មុខសម្រាប់វិស័យធនាគារ កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម 2023 យើងខ្ញុំមានមោទនភាពក្នុងការបន្ដជ្រោមជ្រែង និងផ្ដល់ការគាំទ្រចាំបាច់នានាដល់អត្តពលិកខ្មែរយើង ខណៈពួកគាត់ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក 2028”។
លោកបានបន្ថែមថា “យើងខ្ញុំសូមកោតស្ញប់ស្ញែងដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពរបស់ អត្តពលិកយើង និងសូមជូនពរដល់អត្តពលិកគ្រប់រូប ឲ្យមានកម្លាំងមាំមួន ឆន្ទៈតស៊ូ ជាមួយនឹងស្មារតីកីឡាខ្ពស់បំផុត ខណៈពួកគាត់តំណាងកម្ពុជានៅលើឆាកអន្តរជាតិ។”
ឯកឧត្តម វ៉ាត់ ចំរើន ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះកិច្ចសហការនេះ និងមានប្រសាសន៍ថា “ព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ បានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់អត្តពលិកកម្ពុជា ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក។ ជាមួយការគាំទ្រនៃយុទ្ធនាការរៃអង្គាស និងកិច្ចសហការជាដៃគូជាមួយធនាគារ ABA យើងខ្ញុំអាចត្រៀមលក្ខណៈបានពេញលេញដើម្បីឲ្យអត្តពលិកយើង ចូលរួមប្រកួតដោយទំនុកចិត្ត ពេញដោយមោទនភាព ព្រមទាំងបន្តមហិច្ឆតារួមក្នុងការបណ្តុះកូនខ្មែរ ឲ្យក្លាយជាជើងឯក អូឡាំពិកដំបូងគេបង្អស់”។
តាមរយៈភាពជាដៃគូនេះ ធនាគារ ABA និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរចំពោះតម្លាភាព ឧត្តមភាព និងមោទនភាពជាតិ ដោយធានាថាអត្តពលិកកម្ពុជា មានធនធាន និងការគាំទ្រគ្រប់គ្រាន់ ដើម្បីឲ្យពួកគាត់សម្រេចបាននូវសក្តានុពលពេញលេញ។


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


