Connect with us

សេដ្ឋកិច្ច

ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ ​IFC​ កំពុង​ស្វែង​រក​កា​លានុ​វត្ត​ភាព​ឧស្សាហកម្ម​ដំឡើង​រថយន្ត​ និង​កែច្នៃ​ចំណី​អាហារ​នៅ​កម្ពុជា​

បានផុស

នៅ

លោកស្រី Keiko Miwa នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ​និង​កោះប៉ាស៊ីហ្វិក ​នៃសាជីវកម្មហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ​ប្ដេជ្ញា​គាំទ្រដល់ «ហិរញ្ញប្បទានបៃតង» ដើម្បីជំរុញលំហូរទុនទៅកាន់​គម្រោងដែល​មានមេត្រីភាពនឹងបរិស្ថាន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្ដេជ្ញាបែបនេះ ​បាន​ធ្វើឡើង​ក្នុង​ពេល​ដែល​លោកស្រី Keiko Miwa ​បានជួបពិភាក្សាការងារ​ជា​មួយ​លោកឧបនា​យករដ្ឋមន្រ្តី ​ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៦។​

​ជាជំនួបពិភាក្សាការងារសំដៅពង្រីកទិដ្ឋភាពវិនិយោគ ​និង​ស្វែងរកដំណោះស្រាយ​ក្នុង​ការ​បង្កើន​ភាព​ធន់នៃសេដ្ឋកិច្ចម៉ាក្រូ ​ដើម្បីធានានូវវឌ្ឍនភាពប្រកបដោយចីរភាព។​

​ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ដែល​កំពុង​ជួបប្រទះនូវ​កាប្រែប្រួលឥតឈប់ឈរនៃផ្នែកពាណិជ្ជកម្មសកល ​និង​បញ្ហាព្រំដែន​ជាមួយ​ប្រទេសជិតខាង។

​លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់​ពីគោលដៅយុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​កែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច តាមរយៈការទាក់ទាញ​វិនិយោគ​ដែលមានតម្លៃបន្ថែមខ្ពស់ ​និង​ការ​បង្កើន​ភាពប្រកួតប្រជែងរបស់វិស័យឯកជន។​

​លោកស្រី Keiko Miwa ​រំពឹងថា ​នឹងសម្រេចបានសមិទ្ធផលក្នុងឆ្នាំ២០២៦ រួមមាន៖ ​មជ្ឈមណ្ឌល​ភស្តុភារកម្មក្រុងព្រះសីហនុ, ​ថាមពលកកើតឡើងវិញតាមរយៈកិច្ចសហការ​ជាមួយអគ្គិសនីកម្ពុជា ​និង​ការគាំទ្រដល់ធនាគារជាតិ​តាម​រយៈការរៀបចំចាត់ថ្នាក់ហិរញ្ញវត្ថុបៃតង ​ដើម្បីជំរុញលំហូរទុន​ទៅ​កាន់គម្រោងដែលមានមេត្រីភាពនឹងបរិស្ថាន។​

​IFC កំពុងបន្តការងារផ្ដល់ប្រឹក្សាយ៉ាងទូលំទូលាយរបស់ខ្លួនក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុ ​ការគាំ​ទ្រ​ដល់​ការដាំដុះស្រូវប្រកបដោយនិរន្តរភាព ​កាលើកកម្ពស់តម្លៃបន្ថែម​លើខ្សែច្រវាក់​ផលិតកម្ម​កសិកម្ម ព្រមទាំងវិស័យកាត់ដេរសម្លៀកបំពាក់ ​វាយនភណ្ឌ និង​ស្បែកជើង (GTF) ​របស់កម្ពុជា ​តាមរយៈការ​លើក​កម្ពស់ស្ដង់ដារពលកម្ម ​និង​ការផ្ដល់ហិរញ្ញប្បទានដល់អ្នកផ្គត់ផ្គង់។

​ទន្ទឹមនឹងនេះ IFC ក៏កំពុងស្វែងរកកាលានុវត្តភាពក្នុងឧស្សាហកម្មដែលកំពុងលេចធ្លោផ្សេងៗទៀត រួមមាន៖ គ្រឿងបង្គុំរថយន្ត អេឡិចត្រូនិច ការកែច្នៃចំណីអាហារ និងផលិតកម្មសំបកកង់ ដែល​ភាគ​ច្រើន​នៃផលិតផលទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។​

​ភាគីទាំងពីរបានផ្តោតជាពិសេសលើវឌ្ឍនភាពការងារពាក់ព័ន្ធនឹងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែន​ទីបង្ហាញផ្លូវគោលនយោបាយសម្រាប់សួនឧស្សាហកម្មបៃតង ដែលបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យកាលពីខែមិថុនា ឆ្នាំ​២០២៥ ​រួមជាមួយនឹងសំណើគាំទ្រដល់​ការរៀបចំក្របខ័ណ្ឌ​តំបន់សេដ្ឋកិច្ចពិសេសបៃតង និងការអនុវត្តសាកល្បងនូវក្របខ័ណ្ឌនេះ​នៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេសដែលបានជ្រើសរើសមួយចំនួន។

​ជំនួបនេះបានបង្ហាញពីការខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នអន្តរជាតិ ក្នុងការ​ប្រែ​ក្លាយបញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាព តាមរយៈការកសាងប្រព័ន្ធ​អេកូឡូស៊ី​វិនិយោគ​ដែលមានភាពធន់ ចីរភាព និងមានលក្ខណៈវិទ្យាសាស្ត្រទំនើប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម