សេដ្ឋកិច្ច
កម្ពុជា-កូរ៉េ ឯកភាពប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព នៅចំពេលសភាពការណ៍ពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា
ស្របពេលដែលស្ថានការណ៍តំបន់ និងសកលលោកកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា និងមានការផ្លាស់ប្តូរឥតឈប់ឈរ ភាគីកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាថា ទាំងផ្នែករដ្ឋ និងឯកជនចាំបាច់ត្រូវមានភាពបត់បែនខ្ពស់ និងកិច្ចសហការស្អិតល្មួតបំផុត ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងឡាយឱ្យទៅជាកាលានុវត្តភាព។

ការប្តេជ្ញាចិត្តរួមគ្នានេះ នឹងក្លាយជាសក្ខីកម្មដ៏រឹងមាំក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច កម្ពុជា-កូរ៉េ ឱ្យឈានដល់កម្រិតថ្មីមួយទៀតដែលហុចផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកប្រកបដោយចីរភាព។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក KIM Changyong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នៅថ្ងៃទី ៨ ខែមេសា ២០២៦ បានអញ្ជើញជាសហធិបតីដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ។
កិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តំណាងជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ព្រមទាំងតំណាងសមាគមធុរកិច្ច និងវិស័យឯកជនកូរ៉េយ៉ាងច្រើនកុះករ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ជាថ្មីនូវឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។ កិច្ចសន្ទនានេះមិនមែនត្រឹមតែជាវេទិកាពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺជាយន្តការការងារជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាចំពោះករណីអាទិភាពនានា សំដៅបង្កលក្ខណៈងាយស្រួល និងបង្កើនភាពបត់បែនដល់ធុរកិច្ចកូរ៉េនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
កិច្ចសន្ទនាបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ដោយបានផ្តោតលើការដោះស្រាយបញ្ហាដែលជាកង្វល់របស់វិនិយោគិនកូរ៉េ សំដៅរួមចំណែកក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។
លោក KIM Changyong បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែងដែលបានសហការដឹកនាំកិច្ចសន្ទនាលើកទី៣នេះ ជាមួយនឹងសុឆន្ទៈក្នុងការរួមគ្នាពិនិត្យ និងពិភាក្សាស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមនានាដែលវិនិយោគិនកូរ៉េបានលើកឡើង។

លោក KIM Changyong បានវាយតម្លៃខ្ពស់ចំពោះការរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី១ រវាងរដ្ឋនិងវិស័យឯកជន ដែល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំទទួលកាលពីថ្ងៃទី២ ខែមេសាកន្លងទៅ ដែលជាវេទិកាមួយផ្ដល់ឱកាសឱ្យភាគីរដ្ឋ និងឯកជន អាចជជែកពិភាក្សាក្រៅផ្លូវការបានយ៉ាងស៊ីជម្រៅ និងត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈមជាក់ស្តែង។
លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាពក្នុងការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច និងឌីជីថល។
លទ្ធផលនៃកិច្ចសន្ទនានេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវភាពជោគជ័យរបស់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនកូរ៉េ។
តាមរយៈយន្តការសន្ទនាត្រង់ទៅត្រង់មក និងកិច្ចសហការស្អិតល្មួតរវាងរដ្ឋ និងវិស័យឯកជន កម្ពុជារំពឹងថានឹងទទួលបាននូវលំហូរទុនវិនិយោគកាន់តែច្រើនពីសាធារណរដ្ឋកូរ៉េ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕


-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


