Connect with us

សេដ្ឋកិច្ច

​​កម្ពុជា​ស្វាគមន៍​រោងចក្រ​កាត់ដេរបើក​ថ្មី​ជាង ​៣០០ រោងចក្រ ​នៅ​ឆ្នាំ ​២០២៥

បានផុស

នៅ

រោង​ចក្រ​នៅ​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា ​បាន​កើន​ឡើង​ដល់​ចំនួន ​១៨៦៧ ​សហគ្រាស​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០២៥ ​ឆ្លុះបញ្ចាំង​ពី​ការ​ងើប​ឡើង​វិញ​ដ៏រឹងមាំ​ និង​ការ​ធ្វើ​ពិ​ពិធកម្ម​មូលដ្ឋាន​ឧស្សា​ហកម្ម​កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​របស់​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បង្ហាញ​ថា​ កម្ពុជា​ទទួល​បាន​រោង​ចក្រ​ថ្មី​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ចំនួន​ ៣០១ ​នៅ​ក្នុង​ឆ្នាំ ​២០២៥ ដែល​ធ្វើ​ឱ្យ​ចំនួន​រោងចក្រ​កើន​ដល់ ​១៨៦៧ ​សហគ្រាស​។ ​រោងចក្រ​មិន​មែន​កាត់​ដេរ​បាន​កើន​ឡើង​ដល់​ចំនួន​ ៤៤ ៧៨២ ​សហគ្រាស។ ​កម្មករ​និ​យោជិត​ក្នុង​វិស័យ​កាត់ដេរ​កើន​ឡើង​ដល់​ចំនួន​ជាង ១ លាននាក់ ​(១១៣៤ ០៩១)។​

​លោក ហេង សួរ ​រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មាន​ប្រសាសន៍​នៅក្នុង​ពិធីសន្និ​បាត​បូក​សរុប​លទ្ធផល​​​ការងារ​ ឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ២០២៦ នៅថ្ងៃព្រសហស្បតិ៍ថា ​កំណើន​ទុន​វិនិ​យោគ​ ​កំណើន​រោងចក្រ​ និង​ការងារ ​ឆ្លុះ​បញ្ចាំង​​​ពី​ភាព​រឹង​មាំ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ដែល​កើត​ចេញ​ពី​គោល​នយោបាយ​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​អាណត្តិទី៧​ ​ដែល​បាន​ធ្វើ​កំណែ​ទម្រង់​វិនិយោគ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​។

​លោក កាំង ម៉ូនីកា ​អគ្គលេខាធិការរងសមាគមវាយនភណ្ឌ ​សម្លៀកបំពាក់ស្បែកជើង ​និង​ផលិត​ផល​ធ្វើដំណើរ (TAFTAC)​ មានប្រសាសន៍ថា​ ​ការនាំចេញផលិត​ផល​ក្នុង​វិស័យវាយ​នភណ្ឌ​កើន​ឡើង ​ដោយសារស្ថិរភាពនៃបរិយា​កាសវិនិយោគ ​និង​ការរក្សាបាន​នូវភាព​ប្រកួតប្រជែងដែល​បាន​ទាក់​ទាញ​ការវិនិយោគថ្មីៗ​មកបន្ថែម​ទៀត។ ​មាន​រោង​ចក្រថ្មីៗ​ជា​ច្រើន​បានបើកដំណើរការក្នុងឆ្នាំ​២០២៥​ កន្លងទៅ។​

​វិស័យកាត់ដេរសម្លៀកបំពាក់ ​ស្បែកជើង និង​ផលិតផលធ្វើដំណើរ ដើរតួនាំទីយ៉ាងសំខាន់ ក្នុង​ការ​រួម​ចំណែកផ្ដល់ចំ​ណូល​ដល់កម្ពុជាប្រមាណ​ ៥០% នៃការនាំចេញសរុបរបស់កម្ពុជា​ដែលមាន​ទំហំ​ជាង​ ៣១ ពាន់លានដុល្លារ ​នៅឆ្នាំ ២០២៥។

​កម្ពុជា​បាន​នាំចេញសម្លៀកបំពាក់​ ស្បែកជើង ​និង​សម្ភារធ្វើដំណើរ សម្រេចបាននូវទំហំទឹក​ប្រាក់ចំនួន​ ១៥,៥ ពាន់​លាន​ដុល្លារ នៅក្នុងឆ្នាំ ​២០២៥ កើនឡើង ១៥,៧% ធៀបនឹងឆ្នាំ ២០២៤ ឆ្លុះបញ្ចាំង​ពី​ស្ថិរ​ភាពនៃ​បរិយាកាសវិនិយោគ និង​ការរក្សាបាន​នូវភាព​ប្រកួតប្រជែងក្នុងតំបន់។​ នេះ​បើ​យោងតាមក្រសួងពាណិជ្ជកម្ម៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម