Connect with us

ព័ត៌មានអន្ដរជាតិ

EU សម្រេចដាក់ទណ្ឌកម្មមីយ៉ាន់ម៉ាមួយឆ្នាំ​ទៀត ​​និង​បន្តផ្អាកគ្រប់ជំនួយហិរញ្ញវត្ថុ

បានផុស

នៅ

សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទ (២៧ មេសា) ​បាន​សម្រេចបន្តដាក់ទណ្ឌកម្ម​ប្រឆាំង​មីយ៉ាន់ម៉ា​​រហូតដល់​ខែឧសភា ឆ្នាំ២០២៧ ​ដើម្បីរក្សាសម្ពាធលើមេដឹកនាំយោធារបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

រដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ជួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នៅទីក្រុងណាពិដោរ កាលពីថ្ងៃ ២២ មេសា ២០២៦។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចរបស់ EU ធ្វើឡើងជាង ៥ ឆ្នាំ ក្រោយក្រុមយោធាបាន​ធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី នៅដើមឆ្នាំ ២០២១។ ​

វិធានការ​របស់ប្លុក រួមមានការបង្កកទ្រព្យសម្បត្តិ ការហាមឃាត់ការធ្វើដំណើរ និងការហាមឃាត់ការលក់/ផ្ដល់អាវុធ លើ​បុគ្គលចំនួន ១០៥ នាក់ និងអង្គភាពចំនួន ២២ នៅមីយ៉ាន់ម៉ា។ វិធានការ​ដដែល ត្រូវបានដាក់ចេញជាលើកដំបូងក្រោយ​រដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១ និងការបង្ក្រាបជាបន្តបន្ទាប់របស់របបយោធា​លើអ្នកប្រឆាំង។

ក្រុមប្រឹក្សា EU បាននិយាយក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃចន្ទថា៖ «សហភាពអឺរ៉ុប សូមបញ្ជាក់ជាថ្មីនូវការថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាព​របស់យោធាមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១​»។ ក្រុមប្រឹក្សាបាន​លើកឡើង​ពីការបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការរឹតត្បិតយ៉ាងទូលំទូលាយលើសេរីភាពជាមូលដ្ឋាន។

ក្រុមប្រឹក្សា​បានអំពាវនាវឱ្យបញ្ចប់អំពើហិង្សាទាំងអស់ និងការដោះលែងមនុស្សដែលត្រូវបានគេឃុំខ្លួនតាមអំពើចិត្ត។

គួរកត់សម្គាល់ផងដែរថា ការសម្រេចរបស់ EU ធ្វើឡើងផងដែរ ក្រោយពីមេដឹកនាំរដ្ឋប្រហារ លោក មីន អ៊ុងឡាំង ត្រូវបានជ្រើសរើសជាប្រធានាធិបតីមីយ៉ាន់ម៉ានៅដើមខែនេះ តាមរយៈការបោះឆ្នោតដែលលោកខាងលិចបាន​ថ្កោលទោសថាជាការបោះឆ្នោត​ក្លែងបន្លំដើម្បីបន្តការគ្រប់គ្រងរបស់យោធា។

​ក្រៅពីវិធានការទណ្ឌកម្ម EU ​បាននិយាយទៀត​ថា ខ្លួននៅតែបន្តដក​ហូតជំនួយហិរញ្ញវត្ថុដោយផ្ទាល់​ទៅរដ្ឋាភិបាលមីយ៉ាន់ម៉ា និងផ្អាកគ្រប់ជំនួយ​ទាំងអស់ ដែលគេអាចរាប់ចាត់ទុកថា ​ផ្ដល់ភាពស្របច្បាប់សម្រាប់​ថ្នាក់ដឹកនាំយោធា​មីយ៉ាន់ម៉ា។​

បច្ចុប្បន្ន ភាពតានតឹងនយោបាយ និងអសន្តិសុខប្រដាប់អាវុធនៅតែមាន​មីយ៉ាន់ម៉ា។ អង្គការសហប្រជាជាតិបាន​និយាយថា មានមនុស្សយ៉ាងហោចណាស់ ៣,៦ លាននាក់ ​បានផ្លាស់ទីលំនៅចាប់តាំងពីរដ្ឋប្រហារមក។ ​សមាគមជំនួយសម្រាប់អ្នកទោសនយោបាយឯណោះវិញ ​បានផ្ទៀងផ្ទាត់ការសម្លាប់មនុស្សជិត ៨​ ០០០ នាក់ និងការចាប់ខ្លួនជិត ៣១​ ០០០ នាក់ ដោយ​ ២២​ ០០០ នាក់ក្នុងនោះ នៅតែបន្ត​ជាប់ឃុំឃាំង មកទល់ពេលនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម