Connect with us

សេដ្ឋកិច្ច

​ការ​ដោះដូរ​ទំនិញ​កម្ពុជា-ថៃ​ មានទំហំជាង ​៩០០ លានដុល្លារ ​ធ្លាក់​ចុះ​ជិត ​៤០%​ ក្នុងរយៈពេល ៤ ខែ

បានផុស

នៅ

ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា ​និង​ប្រទេស​ថៃ​ សម្រេច​បាន​នូវ​​ទំហំ​ទឹក​ប្រាក់​​ជាង ​៩២៥ ​ដុល្លារ ​ធ្លាក់ចុះ ៣៨,១% ​នៅក្នុង​រយៈពេល ៤ ខែ (មករា-មេសា) ២០២៦ ​ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥ ​ក្នុងនោះ​កម្ពុជានាំចេញទៅថៃ ​មានតម្លៃ ២៣៥ ​លានដុល្លារ ​ធ្លាក់ចុះជាង ​២៨% ​ចំណែកថៃនាំចូលមកវិញមានតម្លៃ ​៦៩០ ​លានដុល្លារ ​ធ្លាក់ចុះ​ ៤០,៨%។ នេះបើយោង​តាមរបាយ​ការណ៍​របស់​អគ្គនាយក​រដ្ឋានគយ ​និង​រដ្ឋា​ករ​កម្ពុជា ​(GDCE) ចេញផ្សាយនៅថ្ងៃទី ១១ ឧសភា ២០២៦។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​អនុប្រធានទី១ ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​មានប្រសាសន៍​ថា ​ជម្លោះព្រំដែនកម្ពុជា-ថៃ ​បានធ្វើឱ្យព្រំដែននៃប្រទេសទាំងពីរបិទ ​ហើយទំនិញពុំអាចឆ្លងកាត់បាន​ ប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់​របស់​សហគ្រាសមួយចំនួន ​ដែលពឹងផ្អែកលើការនាំធាតុចូល​ផលិត​កម្មឆ្លង​កាត់ព្រំដែន។ ​រាជរដ្ឋាភិបាល ​បាន​ជំរុញ​ឱ្យ​បង្វែការ​ដឹកជញ្ជូន​តាមផ្លូវគោល មកដឹក​តាម​ផ្លូវ​ទឹក​ឆ្លងកាត់កំពង់ផែវិញ។​

​លោក​បណ្ឌិត គុណ ញឹម ​មានប្រសាសន៍​កាលពីពេលថ្មីៗ​នេះថា ​ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ថៃ​ បានធ្លាក់ចុះយ៉ាងគំហុក ​បន្ទាប់​ពី​មាន​ការបិទព្រំដែនគោក ​និង​ការផ្ទុះសង្គ្រាម។​​ ទំនិញដែលនៅ​បន្តនាំ​ចូល​ពីប្រទេសថៃ ​មានទំនិញប្រើ​ប្រាស់​ប្រចាំថ្ងៃ ​និង​ផលិតផលកម្មន្តសាល។​​ ​

​លោកបណ្ឌិត គុណ ញឹម​ បន្ថែម​ថា៖ ​«ទំនិញដែលនាំចូលមកប្រើប្រាស់មានការ​ធ្លាក់ចុះជាបន្ត​បន្ទាប់​ ទំនិញ​ដែល​ហាមឃាត់​ធ្លាក់​ចុះ​ដល់សូន្យ ​ប្រេងឥន្ធនៈ ​និង​ឧស្ម័ន​គឺធ្លាក់ចុះ​ដល់​សូន្យ​តែម្ដង»។

ប្រភេទទំនិញ​មួយ​ក្រុមទៀត ​ដូចជា គ្រឿងម៉ាស៊ីន ​និង​ធាតុចូលផលិតកម្ម ដូចជាគ្រឿងចក្រ គ្រឿង​យន្តកសិកម្ម ដែលជាមធ្យោបាយផលិតកម្ម ដែលមានត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូត គឺនៅ​មាន​ការ​នាំចូលដើម្បីបម្រើវិស័យរបស់យើង ​ដែលជាធាតុចូលផលិតកម្ម​របស់ក្រុមហ៊ុនវិនិយោគធំៗ ​មួយ​ចំនួន ​ដូចជាក្រុមហ៊ុន​មេនីបៀ ​ក្រុមហ៊ុន ​DENSO ​ជាដើម ​ដែល​មិនមែន​ជាទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នោះ​ទេ​។​

​យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ​ ​២០២៥ ​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានទំហំទឹកប្រាក់ ៣,៦៥ ​ពាន់លានដុល្លារ ​ធ្លាក់ចុះ ​១៤,៨៦% ​ធៀបនឹងឆ្នាំ ​២០២៤ ​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ថៃ ​៧៣២ លានដុល្លារ ធ្លាក់ចុះ ១៤,១៥% ចំណែកថៃនាំចូលមកវិញមានតម្លៃ ២,៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១៥%៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម