Connect with us

សេដ្ឋកិច្ច

ការដោះដូរទំនិញ-កម្ពុជាថៃ ធ្លាក់ចុះ បន្ទាប់ពីផ្ទុះជម្លោះព្រំដែន

បានផុស

នៅ

នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៥ (មករា-កក្កដា) ការដោះដូរទំនិញរវាងកម្ពុជា-ថៃ សម្រេច​បាន​នូវ​ទំហំទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារ មានការធ្លាក់ចុះ ០,៦% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យរបស់អគ្គនា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) បង្ហាញថា គិតចាប់​ពីខែ​មក​រា ដល់ខែកក្កដា ឆ្នាំ ២០២៥ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា-ថៃ មានទំហំទឹកប្រាក់ ២,៤ ពាន់​លានដុល្លារ ធ្លាក់ចុះ ០,៦% ធៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា​នាំ​ចេញ​ទៅ​ថៃមានទឹកប្រាក់ជាង ៤៨៨ លានដុល្លារ ធ្លាក់ចុះ ២,១% ចំណែក​ឯ​ថៃនាំចូលមកវិញ មាន​ទឹក​ប្រាក់ ១,៩១ ពាន់លានដុល្លារធ្លាក់ចុះ ០,២%។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជ​កម្មកម្ពុជា បានលើកឡើងថា ​ការបិទព្រំ​ដែន​រវាង​ថៃ និងកម្ពុជា ​ខាតបង់​ផល​ប្រយោជន៍ទាំងសងខាង។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់កម្ពុជាថ្មីនៅថ្ងៃច័ន្ទទី ១១ ខែសីហា ឆ្នាំ ២០២៥ នេះថា​ បន្ទាប់​ពីបិទព្រំដែនគោក ក្រៅពីទំនិញដែលកម្ពុជាហាមឃាត់ ដែលមានបន្លែ ផ្លែឈើ អគ្គិសនី ប្រេង និងឧស្ម័ន ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ នៅដំណើរការធម្មតា ពោលគឺភាគីថៃបានបង្វែរទិសនាំទំនិញចូលមកតាមផ្លូវទឹក (ច្រកសមុទ្រ) និងឆ្លងតាមច្រកព្រំដែនប្រទេសឡាវ។

កាលពីពេលកន្លងទៅថ្មីៗនេះ សភាពាណិជ្ជកម្ម​ថៃ​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ថៃ ចរចាជាមួយ​កម្ពុជា ដើម្បីបើកព្រំដែនឡើងវិញ ​ដោយ​ព្រមានថា ​ការបិទច្រកចេញ-ចូល​ដែលបង្កឡើងមុខជាឯកតោភាគីរបស់យោធាថៃ ​កំពុង​ធ្វើឱ្យ​ប៉ះពាល់ដល់​ប្រជាជនទាំងសងខាងនៃព្រំដែន ជាពិសេសការនាំចេញរបស់ថៃដែលពឹងផ្អែកលើទីផ្សារកម្ពុជា​។

សភាពាណិជ្ជកម្មថៃបាន​និយាយថា ការបិទ​ព្រំដែន​កំពុងបង្កបញ្ហាយ៉ាង​ធ្ងន់ធ្ងរ​សម្រាប់រោងចក្រដំឡើងរថយន្តពហុជាតិ​នៅថៃ។ ដំណើរការផលិត​ក្រុមហ៊ុនទាំងនោះ ត្រូវបាន​អាក់ខាន ដោយសារខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់​ពីកម្ពុជា​។

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លាន​ដុល្លារ ចំណែក​ថៃនាំចូលមកវិញ ៣,៤៤ ពាន់​លាន​ដុល្លារ កើន ១៨,៩ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម