ព័ត៌មានជាតិ
តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត នឹងផុសរូបរាងឡើង ក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង
រដ្ឋាភិបាល បានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀត លើផ្ទៃដី១ម៉ឺនហិកតា ដែលមានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ដើម្បីអភិវឌ្ឍន៍ខេត្តនេះឲ្យកាន់តែរីកចម្រើនថែមទៀត។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលទើបទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា យោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋាភិបាលបានផ្តល់ដីសម្បទានទំហំ១ម៉ឺនហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុងឲ្យក្រុមហ៊ុន Royal Group Co., Ltd ដើម្បីអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស។

តាមរយៈលិខិតដដែលបានបន្តថា រដ្ឋាភិបាលបានណែនាំឲ្យក្រសួងបរិស្ថាន ត្រូវចុះពិនិត្យសិក្សាអំពីទីតាំង ដែលក្រុមហ៊ុនបានស្នើសុំដោយសហការជាមួយរដ្ឋបាលខេត្តកោះកុង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដើម្បីកំណត់ទីតាំងដីជាក់ស្ដែង ដែលរាជរដ្ឋាភិបាលផ្ដល់ជូនក្រុមហ៊ុន ក្នុងការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស។ ចំណែកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ត្រូវបំពេញបែបបទនិងនីតិវិធីជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ។
ពាក់ព័ន្ធបញ្ហានេះដែរ កាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំសិក្សាលម្អិតអំពីទីតាំងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងឧទ្យានជាតិបុទុមសាគរ ដែលស្ថិតក្នុងភូមិសាស្ត្រឃុំតានូន និងឃុំថ្មស ស្រុកបូទុមសាគរ ដោយមានការចូលរួមពីលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង។

លោក សុខ សុទ្ធី អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តកោះកុង បានមានប្រសាសន៍នៅថ្ងៃទី២៤ វិច្ឆិកានេះថា ជាលទ្ធផល អង្គប្រជុំបានឯកភាព និងគាំទ្រឲ្យមានតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងឧទ្យានជាតិបុទុមសាគរ ដើម្បីការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ លោកបានបន្តថា ក្រុមការងារស្នើសុំឲ្យបញ្ចៀសផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងជីវចម្រុះឲ្យនៅកម្រិតទាបបំផុត។ បន្ថែមពីលើនេះ ក្រុមការងារនឹងចុះទៅពិនិត្យទីតាំងទាំងអស់ ក្នុងឧទ្យានជាតិបុទុមសាគរ ក្នុងគោលបំណងសិក្សាលម្អិតអំពីស្ថានភាពភូមិសាស្ត្រឲ្យបានជាក់លាក់។

លោកបានបន្ថែមទៀតថា «ការមានតំបន់សេដ្ឋកិច្ចពិសេសនឹងជួយឲ្យខេត្តកោះកុង មានការរីកចម្រើន ដោយជួយឲ្យប្រជាពលរដ្ឋមានការងារធ្វើ។ ប៉ុន្តែនៅមិនទាន់ដឹងថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្នឹង គេធ្វើអ្វីខ្លះនោះទេគេកំពុងសិក្សាសិន»។ យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថា នៅពេលគេសិក្សាទីតាំងលំអិតហើយ គេនឹងបើកមាពេលឆាប់ៗខាងមុខនេះ។
បើយោងតាមការលើកឡើងរបស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៩កន្លងទៅ ប្រទេសកម្ពុជា បង្កើតបាននូវ តំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៤ក្នុងនោះ មានក្រុមហ៊ុនវិនិយោគចំនួន ៤៦៥ក្រុមហ៊ុន និងកម្មករ ដែលកំពុងបម្រើការងារជាង ១,២ សែននាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ខេត្តកោះកុង មាន ៥ ចំណុចលើសគេ សូម្បីកំពង់សោមក៏មិនអាចមកប្រជែងបានដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


